អ្នកដំណើរជើងចុងក្រោយ ក្រុមអ្នកទេសចរណ៍ដែលចុះពីនាវា ឡើងជិះយន្តហោះត្រឡប់ទៅប្រទេសខ្លួនវិញ

(ព្រះសីហនុ)៖ មន្ត្រីអ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុ លោក ឃាង ភារម្យប្រាប់បណ្តាញផ្សព្វផ្សាយថា អ្នកដំណើរជើងចុងក្រោយ ក្រុមអ្នកទេសចរណ៍ដែលចុះពីនាវា ឡើងជិះយន្តហោះត្រឡប់ទៅប្រទេសខ្លួនវិញ សម្រាប់ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០នេះ ចំនួន១៤៧នាក់ របស់នាវា Westerdam ត្រូវហោះចេញពីព្រលានយន្ដហោះអន្ដរជាតិខេត្តព្រះសីហនុ ឆ្ពោះទៅកាន់ទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ដើម្បីបន្ដដំណើរទៅកាន់ប្រទេសរបស់ពួកគេរៀងៗខ្លួន។

បើតាមមន្រ្ដីដដែលបានបញ្ជាក់ថា សរុបអ្នកដំណើរចេញពីនាវាទេសចរណ៍ ដែលបានចាកចេញ ពីប្រទេសកម្ពុជានៅថ្ងៃនេះ មានចំនួន៤០៧នាក់ ចែកចេញជា៣ជើងហោះហើរ ដោយក្នុងនោះពីរជើងចេញពីខេត្តព្រះសីហនុ ទៅកាន់ព្រលានយន្ដហោះអន្ដរជាតិភ្នំពេញ រួចបន្តហោះទៅកាន់ប្រទេសសិង្ហបុរី ដើម្បីដូរជើងហោះហើរ ទៅកាន់ប្រទេសរបស់គេរៀងៗខ្លួន និងជើងហោះហើរទី៣ ដែលមានចំនួន១៤៧នាក់នេះ គឺហោះពីខេត្តព្រះសីហនុ ទៅកាន់ទីក្រុងកូឡាឡាំពួរ រួចទើបហោះហើរទៅកាន់ប្រទេសពួកគេបន្តទៀត៕