ការចិញ្ចឹមត្រីរបស់ប្រជាពលរដ្ឋលក្ខណះគ្រួសារតាមបច្ចេកទេសខ្នាតតូចឬធំដោយមិនតម្រូវទិញពីទីផ្សារមកហូបនោះឡើយ

(កំពង់ឆ្នាំង)៖ ការចិញ្ចឹមត្រីអណ្ដែង ជាលក្ខណៈគ្រួ សារ បើយើងធ្វើទៅតាមលក្ខណៈបច្ចេកទេស នៃការចិញ្ចឹមឱ្យបានត្រឹមត្រូវ មិនថាការចិញ្ចឹមខ្នាតតូច ឬធំនោះឡើយ វានឹងផ្ដល់ផលឱ្យយើងជាវិជ្ជមាន សម្រាប់ការដោះស្រាយ ក្នុងគ្រួសារដោយមិនបាច់ទិញ ត្រីសាច់ពីផ្សារនោះឡើយ ។

លោក ចក់ ធឿន អាយុ៤៧ឆ្នាំ ជាកសិកររស់នៅភូមិបឹងលាជ ឃុំសេដ្ឋី ស្រុកសាមគ្គីមានជ័យ នៅរសៀលថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ នេះបាននិយាយឲ្យអ្នកយកព័ត៌មានយើងដឹងថា ក្នុងរយះពេល៤ឆ្នាំកន្លងមកនេះ គាត់បានចាប់យកមុខរបរចិញ្ចឹមត្រីអណ្ដែង ជាលក្ខណៈគ្រួសារក្នុងស្រះក្រាលប្លាស់ស្ទិក តែ២កូនស្រះតូចៗតែប៉ុណ្ណោះ អាចផ្គត់ផ្គង់ជីវភាពគ្រួសារបានពេញមួយឆ្នាំ គួបផ្សំនិងការដាំដុះបន្លែ និងចិញ្ចឹមមាន់ក្នុងលំនៅដ្ឋានខ្លះៗទៀត គឺគាត់មិនបាច់ទៅទិញត្រីសាច់នៅទីផ្សារឡើយ ។

កសិកររូបនេះបានបញ្ជាក់ឲ្យដឹងទៀតថា ជាក់ស្តែងគាត់បានចិញ្ចឹមត្រីអណ្ដែងក្នុងស្រះប្លាស្ទិក ចំ នួន ២ស្រះ ដែលស្រះនិមួយៗមានទំហំ២០ ទៅ៣០ ម៉ែត្រការ៉េ មានជម្រៅ១ម៉ែត្រ និងបានទិញកូនត្រី អណ្ដែងចំនួន៥ពាន់កូន អស់ប្រាក់៤០ម៉ឺនរៀល ដោយបានឲ្យចំណីធម្មជាតិ មានបាយលាយជាមួយកន្ទក់ និងកាកសំណល់ផ្ទះបាយប្រចាំថ្ងៃ គិតមក ដល់ពេលនេះ មានរយះពេល៣ខែហើយ គឺត្រីក្នុងស្រះគាត់បានធំធាត់ ដែលក្នុង១គីឡូមានចំនួន ពី៥ ក្បាល ទៅ៧ក្បាល គឺអាចចាប់ហូបបានហើយ ។

មិនតែប៉ុណ្ណោះក៏អាចចាប់ត្រីលក់ដូរខ្លះៗ ឱ្យអ្នក ស្រុកក្នុងភូមិ គឺបានថ្លៃក្នុង១គីឡូ ពី៨ពាន់ ទៅ១ម៉ឺនរៀលផងដែរ និងក៏អាចយកប្រាក់នោះទៅដោះដូរទិញគ្រឿងគ្រៅផ្សេងៗបានទៀតផង សម្រាប់អាហារប្រចាំថ្ងៃ។ដោយឡែកការចិញ្ចឹមត្រី ទិញចំណីការ៉ុង នៅទីផ្សារវិញ គឺត្រីពិតជាឆាប់ធំធាត់ជាងការអោយចំណីធម្មជាតិក៏ពិតមែន តែសាច់ត្រីនោះផុយៗមិន សូវមានរសជាតិទេ ចំពោះការហូបចុកវិញក៏មិនមានសុវត្តិភាពដល់សុខភាព ដូចត្រីអោយចំណីធម្មជាតិនោះដែរ ។

លោក ចក់ ធឿន បានបញ្ជាក់ឲ្យដឹងទៀតថា បច្ចេក ទេសធ្វើស្រះកៅស៊ូប្លាស្ទិកនេះ គឺគាត់បានដាក់ថង់ កៅស៊ូប្លាស្ទិកជុំវិញ ដោយនៅផ្នែកខាងលើមាត់ ស្រះ ត្រូវគ្របក្រណាត់សើមពីលើកៅស៊ូប្លាស្ទិកដើម្បីកុំឲ្យកៅស៊ូប្លាស្ទិកនោះត្រូវពន្លឺថ្ងៃ វានិងផុយស្រួយឆាប់ខូច ជាក់ស្តែងស្រះកៅស៊ូប្លាស់ស្ទិករបស់គាត់នេះវិញ គឺមានអាយុ៤ឆ្នាំហើយ កៅស៊ូប្លាស្ទិកមិនទាន់ពុកផុយនោះទេ ។

លោក ក៏បានអំពាវនាវផងដែរ ដល់ប្រជាកសិករយើង សូមកុំទុកដីអោយនៅទំនេរ សូមសាកល្បងចិញ្ចឹមត្រីអណ្តែងក្នុងស្រះប្លាស់ស្ទិកដូចគាត់ ពិតជាមិនលំបាកឡើយ ដែលអាចផ្គត់ផ្គង់ជីវភាពប្រចាំ ថ្ងៃបានយ៉ាងងាយស្រួលផងដែរ ដោយមិនបាច់ទិញត្រីសាច់នៅទីផ្សារ ជាពិសេសការបរិភោគត្រីអោយចំណីធម្មជាតិ និងបន្លែសុវត្តិភាព គឺពិតជាផ្តល់សុខ ភាពល្អដល់ក្រុមគ្រួសាររបស់យើងយ៉ាងពិតប្រាកដ ៕