តំបន់ការពារអន្លង់ព្រីង ស្ថិតក្នុងស្រុកកំពង់ត្រាច ខេត្តកំពត មានសត្វស្លាបជិត ១០០ប្រភេទ ជាប្រភព ចំណូលដល់ពលរដ្ឋក្នុងមូលដ្ឋាន

 

(កំពត)៖ តំបន់ការពារទេសភាពអន្លង់ព្រីងស្ថិតនៅស្រុក កំពង់ត្រាច ខេត្តកំពត ជាទីកន្លែងដែលសត្វស្លាបជាជិត ១០០ ប្រភេទ នឹងបង្កើតជាទស្សនីយភាពសម្រាប់ទាក់ទាញភ្ញៀវទេសចរមកទស្សនា និងបង្កើនសេដ្ឋកិច្ចនៅមូលដ្ឋាន បង្កើនចំណូលដល់ប្រជាសហគមន៍។

តំបន់នេះ កំពុងយកចិត្តទុកដាក់ពីក្រសួងបរិស្ថាន ស្ថាទូតអង់គ្លេសប្រចាំនៅកម្ពុជា និងអគ្គនាយកអង្គការ WWT កាលពីថ្ងៃទី១៤កុម្ភៈ ម្សិលមិញ គេបានប្រារព្ឋ ទិវាដីសើមនៅទិនោះ។ ក្រសួងបរិស្ថានបានខិតខំការពារ អភិរក្សធនធានធម្មជាតិនិងសត្វព្រៃ និងគិតគូរពីយន្តការនិរន្តរភាពបរិស្ថាន និងពង្រឹងតួនាទីសហគមន៍មូលដ្ឋានក្នុងការចូលរួមការពារនិងអភរក្សជីវៈចម្រុះដើម្បីបង្កើនសេដ្ឋកិច្ចមូលដ្ឋាន។

លោក នេត្រ ភក្ត្រា រដ្ឋលេខាក្រសួងបរិស្ថាន បានលើកឡើងថា៖«ចូលរួមលើកស្ទួយទេសចរណ៍ធម្មជាតិនៅមូលដ្ឋាន គឺចូលរួមកសាងសេដ្ឋកិច្ចមូលដ្ឋាន ធ្វើឱ្យជីវភាពប្រជាសហគមន៍កាន់តែមានភាពល្អប្រសើរ»។

តំបន់ការពារទេសភាពអន្លង់ព្រីងដែលមានទំហំ ២១៧ ហិកតាសម្បូណ៌ដោយចំណីសម្រាប់សត្វស្លាប។ សត្វស្លាបនៅតំបន់នោះមានចំនួនប្រមាណ ១០០ ប្រភេទរួមនឹងសត្វក្រៀលដែលជាប្រភេទសត្វស្ថិតក្នុងការផុតពូជលើពិភពលោកផងដែរ៕ ដោយ៖ ញែប ណាវីន