ជនចាស់ជរាមានជំងឺ និងគ្មានទីពឹង៣នាក់ បានទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំង

(កំពង់ឆ្នាំង) ជនចាស់ជរាគ្មានទីពឹង និងជំងឺប្រចាំកាយបានទទួលអំណោយមនុស្សធម៌ពីលោកស្រី វណ្ណ លុយ អនុប្រធាកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ២០២០ម្សិលមិញ។

លោក ជា សុខហៀង ប្រធានអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកទឹកផុស លោក ឈាង វណ្ណៈ អនុប្រធានមន្ទីរព័ត៌មានខេត្ត លោក ឈាង ចន្ធី អនុប្រធានមន្ទីរសង្គមកិច្ចខេត្ត និងអាជ្ញាធរឃុំ បានអញ្ជើញចុះសាកសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់លោកស្រី វណ្ណ លុយ អនុប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជាស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ទៅជូនជនចាស់ជរាមានជំងឺ និងគ្មានទីពឹងចំនួន៣នាក់ នៅភូមិត្រពាំងស្មាច់ ឃុំទួលខ្ពស់ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។

លោក ឈាង វណ្ណៈ បានឱ្យដឹងថា )លោកយាយ ខៀវ សួន អាយុ៧២ឆ្នាំ រស់នៅម្នាក់ឯង មុខរបបដើរអំពិលលក់ បានទទួលអង្ករ៥០kg មី២កេសត្រីខ១យួរ ទឹកត្រី ទឹកស៊ីអ៉ីវ២យួរ សារុង១ ទឹកក្រូច១កេស ទឹកផ្លែឈើ១កេស ទឹកសុទ្ធ៥យួរ និងថវិកា១០ម៉ឺនរៀល។ )លោកតា ប្រាក់ យី អាយុ៨៥ឆ្នាំមានជំងឺរស់នៅម្នាក់ឯងបានទទួល អង្ករ២៥kg មុង១ កន្ទេល១

ភួយ១ អំណោយមន្ទីរសង្គមកិច្ចខេត្តមាន សារុង១ ទឹកស៊ីអ៉ីវ ទឹកត្រី២យួរ ទឹកសុទ្ធ៥យួរ ត្រីខ១យួរ និងថវិកាចំនួន១២ម៉ឺនរៀល។ )លោកតា សូ សេងអាយុ៨៣ឆ្នាំ មានជំងឺលើសឈាមបានទទួលថវិកាចំនួន៨ម៉ឺនរៀល។

លោក ឈាង វណ្ណៈ បានបញ្ជាក់ឱ្យដឹងទៀតថា លោកស្រីបណ្ឌិត វណ្ណ លុយ កន្លងលោកមកតែងតែងគិតគូរផ្តល់អំណោយដល់ជនចាស់ជរាគ្មានទីពឹងស្រ្តីមេម៉ាយកូនច្រើន គ្រួសាររងគ្រោះផ្សេងៗ និងបានជួយសង់ផ្ទះជូនស្រ្តីមេម៉ាយ បុរសពោះម៉ាយពិការបានចំនួន៧ខ្នងផងដែរនៅខេត្តកំពង់ឆ្នាំង។

លោក ជា សុខហៀង ក៏បានផ្តាំផ្ញើដល់លោកយាយលោកតាទាំង៣នាក់ ឱ្យខិតខំថែទាំសុខភាពឱ្យបានបើមានស្ថានភាពមិនស្រួលសូមអញ្ជើញទៅមណ្ឌលសុខភាពឱ្យបានទាន់ពេលវេលា។

លោកតាលោកយាយ ក៏បានជូនពរដល់លោកស្រី វណ្ណ លុយ សូមមានសុខភាពល្អ ជន្មាយុយឺនយូរ និងទទួលបានជោគជ័យក្នុងមុខរបបរបស់លោកស្រី៕ ដោយ៖ សុក្ខារិន