បែកធ្លាយភាពមិនប្រក្រតីនៃការវាសវែង និងចេញប័ណ្ណនៅតំបន់ភ្នំ ថ្លុកត្របែក ខេត្តកំពង់ឆ្នាំង

(កំពង់ឆ្នាំង) ដីភ្នំថ្លុកត្របែក ផ្នែកខាងកើតជាប់ទំនប់ត្រពាំងពោធិ៍ ជាប្រភេទដីភ្នំ ដែលជាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋជាច្រើនឆ្នាំណាស់មកហើយ ទីតាំងនេះពុំធ្លាប់មានជនណាម្នាក់ចូលមកកាន់កាប់ឬប្រើប្រាស់ដីនេះជាលក្ខណៈឯកជននោះទេ។ ទើបតែក្នុងអំឡុងឆ្នាំ២០១៩ មានជនខិលខូចមួយចំនួនបានចូលទន្រ្ទានកាន់កាប់យកដីភ្នំផ្នែកខាងកើត យកមកធ្វើជាកម្មសិទ្ធិឯកជន បន្ទាប់ពីដីនៅទីតាំងតំបន់នេះ ត្រូវបានគេអភិវឌ្ឍន៍សាងសង់ផ្លូវអាស៊ាន ដែលមានទំហំ៦០ម៉ែត្រ។

បើតាមប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថា អ្នកដែលបានចូលកានកាប់ទន្រ្ទានដីភ្នំខាងលើនោះ មានដូចជា៖ )ក្បាលដីលេខ ៦៩៦ ជាកម្មសិទ្ធរបស់ឈ្មោះ អ៊ំ សារឿន ភេទស្រី មានទីលំនៅភូមិទី3 សង្កាត់លេខ៤ ក្រុងមិត្តភាព ខេត្តព្រះសីហនុ កាន់កាប់ដីទំហំ 4810ម៉ែត្រការ៉េ ការទទួលបាននេះគឺជាអំណោយពីរដ្ឋ។                                                   ក្បាលដីនេះជាដីភ្នំ ហើយការចូលទន្រ្ទានកាន់កាប់ និងចេញប័ណ្ណកម្មសិទ្ធ ត្រូវបានគេដាក់ការសង្ស័យថា គឺជាការឃុបឃិតគ្នាជាប្រព័ន្ធរវាងអាជ្ញាធរ និងមន្រ្តីជំនាញ យ៉ាងពិតប្រាកដ ដោយហេតុថា ឈ្មោះ អ៊ំ សារឿន ជាម្ដាយបង្កើតរបស់លោក ឈុន កុម្ភៈ អនុប្រធានមន្ទីដែនដី ដែលបានឡើងកាន់តំណែងជំនួសលោក ង៉ែត សាវ៉ុទ្ធ ដែលទទួលមរណភាពកន្លងទៅ។ ម្យ៉ាងទៀតឈ្មោះ អ៊ំសារឿន មានទីលំនៅ បច្ចុប្បន្ននៅខេត្តព្រះសីហនុ ពុំធ្លាប់មានប្រវត្តិមករស់នៅ និងកាន់កាប់ដីធ្លីនៅតំបន់ភ្នំថ្លុកត្របែក នេះទេ តែបែជាមានភ័ព្វសំណាងទទួលបានដីតំបន់ភ្នំនេះ ពីអាជ្ញាធរ ផ្តល់ឲ្យទៅគាត់ទៅវិញ។ កន្លងមកទីតាំងដីនេះ ជាប្រភេទដីព្រៃភ្នំ ពុំធ្លាប់មានរូបភាពណាមួយ បញ្ជាក់បានថា ដីនេះមានការប្រើប្រាស់នោះទេ ( យោងរូបភាពថតពីលើ) ទើបតែបច្ចុប្បន្ននេះក្រោយពីចេញប័ណ្ណកាន់កាប់រួច ទើបមានសកម្មភាពកាប់ទន្រ្ទាននិងមានភាពមិនប្រក្រតីមួយចំនួនទៀតដូចជា ចូលកាន់កាប់ដីតាំងពីឆ្នាំ១៩៨៩ តែទើបតែមកកាប់ឆ្កាព្ររៃនៅឆ្នាំ២០១៩២០២០នេះទៅវិញ។ បើតាមការសិក្សាស្រាវជ្រាវ និងដោះស្រាយផលប៉ះពាល់របស់អន្តរក្រសួងនៅក្នុងឆ្នាំ២០១៨២០១៩ ស្ដីពីការសាងសង់ផ្លូវវាងក្រុងកំពង់ឆ្នាំង ទីតាំងនេះមិនត្រូវបានដោះស្រាយឡើយ ព្រោះដីទំនេរគ្មានម្ចាស់ និងជាប្រភេទដីព្រៃភ្នំរបស់រដ្ឋ។                                      

គួរបញ្ជាក់ថា លោក ឈុន កុម្ភៈ ក៏ទើបតែចូលបម្រើការងាររដ្ឋនៅឆ្នាំ២០០៧ និងបានផ្លាស់មកបម្រើការងារនៅខេត្តកំពង់ឆ្នាំងក្នុងអំឡុងឆ្នាំ២០១០ប៉ុណ្ណោះ។ ពេលបិទផ្សាយទំហំដីមានតែ2567 ម៉ែត្រការ៉េ ក្រោយបញ្ចប់ការបិទផ្សាយដីមានទំហំដល់ទៅ 4810 ម៉ែត្រការ៉េ ដូចនេះបញ្ជាក់ឲ្យឃើញថា ដីនេះគឺលោក ឈុន កុម្ភៈ ចូលមកកាន់កាប់ក្រោយពេលអន្តរក្រសួងចុះមកធ្វើការសិក្សា និងដោះស្រាយផលប៉ះពាល់។

)ក្បាលដីលេខ 697 ជាកម្មសិទ្ធរបស់ឈ្មោះ ឈួន ចាន់នារី ដែលត្រូវជាប្រពន្ធរបស់លោក លី សុភា  ប្រធានមន្ទីររៀបចំដែនដីខេត្តកំពង់ឆ្នាំង និងឈ្មោះ ហ៊ុល បូរ៉ាមី ដែលត្រូវជាប្រពន្ធលោក ឈុន កុម្ភៈ អនុប្រធានមន្ទីរៀបចំដែនដី ខេត្តកំពង់ឆ្នាំង ដែលមានទំហំដី10461ម៉ែត្រការ៉េ ទទួលបានតាមរយៈការទិញបន្ត។                                        ទីតាំងនេះមិនខុសពីក្បាលដី 696ខាងលើនោះទេ គឺជាប្រភេទដីព្រៃភ្នំ ជាសម្បត្តិសាធារណៈរបស់រដ្ឋ។ ក្បាលដីនេះតាមការបិទផ្សាយកន្លងមក គឺផ្ទៃដីបានតាមរយៈការទិញមានទំហំត្រឹមតែ 6157 ម៉ែត្រការ៉េ ហើយក៏ជាប្រភេទដីព្រៃភ្នំ តែក្រោយការបញ្ចប់ការបិទផ្សាយ ផ្ទៃដីនេះត្រូវបានកែរហូតដល់ទំហំ10.461ម៉ែត្រការ៉េ។ ដូច្នេះបង្ហាញឲ្យឃើញកាន់តែច្បាស់ថា ក្រៅពីផ្ទៃដីដែលបានទិញនៅក្នុងកិច្ចសន្យា គឺជាដីដែលរំលោភ ទន្រ្ទានយកដីរបស់រដ្ឋទាំងស្រុងសុទ្ធសាធ។

សរុបសេចក្ដីមកក្បាលដីទាំងពីរនេះ គឺធ្វើឡើងដោយមានភាពមិនប្រក្រតី និងអាចមានការឃុបឃិតគ្នាជាមួយអាជ្ញាធរ ក្នុងការទន្រ្ទានកាន់កាប់យកដីរដ្ឋមកធ្វើជាកម្មសិទ្ធិពីសំណាក់ ប្រពន្ធលោកប្រធានមន្ទីរ ដែនដី និងលោកអនុប្រធានមន្ទីដែនដី ខេត្តកំពង់ឆ្នាំង។                                               ថ្វីបេីក្នុងប័ណ្ណមិនមានឈ្មោះប្រធានមន្ទីរក៏ពិតមែន ប៉ុន្តែវាអាចនឹងមានការពាក់ព័ន្ធ។ម្យ៉ាងទៀតក្បាលដីទាំងពីនេះ ត្រូវបានចូលមកកាន់កាប់ក្រោយពេលអន្យក្រសួងចុះមកធ្វើការសិក្សា និងដោះស្រាយផលប៉ះពាល់។ កន្លងមកលោក លី សុភា និង លោក ឈុន កុម្ភៈក៏ធ្លាប់បានធ្វើការរារាំងដល់ក្រុមហ៊ុនសាងសងផ្លូវមិនឲ្យធ្វើការឈូសឆាយដោយផ្អែកទៅលើដីទាំងពីរនេះ មានប័ណ្ណកម្មសិទ្ធ ដែលជារបស់ខ្លួនបានរំលោភយកពីដីរដ្ឋ តែក្រោយមកនៅពេលថ្មីៗនេះ ប្រហែលមានគំនៀបពីក្រសួងទើបបុគ្គលទាំងពីរនេះ ព្រមប្រគល់ដីដែលត្រូវសាងសង់ផ្លូវឲ្យរដ្ឋវិញ។

ក្រៅពីរនេះ នៅមានក្បាលដីមួយចំនួនទៀតដូចជា៖ ក្បាលដីលេខ 698 ទំហំ 2566ម៉ែត្រការ៉េ ជាកម្មសិទ្ធរបស់ឈ្មោះ ប៊ូ សុភី ទីលំនៅភូមិត្រពាំងពោធិ៍ ឃុំពង្រ ឃុំពង្រស្រុករប្អៀរ ខេត្តកំពង់ឆ្នាំង។ ក្បាលដីលេខ 699ទំហំ 2103 ម៉ែត្រការ៉េ និងក្បាលដីលេខ 700 ទំហំ18.208ម៉ែត្រការ៉េ ជាកម្មសិទ្ធរបស់ឈ្មោះ ជៀម កាក់មានទីលំនៅភូមិស្រះ កែវ ឃុំវាំងចាស ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។ ក្បាលដីលេខ 710មានទំហំ1371ម៉ែត្រការ៉េ និង ក្បាលដីលេខ 712 មានទំហំ 2198 ម៉ែត្រការ៉េ ជាកម្មសិទ្ធិ របស់ឈ្មោះ វ៉ា លីម មានទីលំនៅភូមិត្រពាំងពោធិ៍ ឃុំពង្រ ឃុំពង្រស្រុករប្អៀរ ខេត្តកំពង់ឆ្នាំង។ក្បាលដីលេខ 711មានទំហំ 2131 ម៉ែត្រការ៉េ ជាកម្មសិទ្ធិរបស់ឈ្មោះ លីម ច័ន្ទសុធា មានទីលំនៅភូមិត្រពាំងពោធិ៍ ឃុំពង្រ ឃុំពង្រស្រុករប្អៀរ ខេត្តកំពង់ឆ្នាំង។                        

ក្បាលដីទាំង6នេះ ស្ថានភាពកាន់កាប់មិនខុសពីក្បាលដីលេខ696 និងលេខ697ខាងលើនោះទេ គឺសុទ្ធតែជាប្រភេទដីភ្នំ។ ដោយឡែកចំពោះក្បាលដីផ្សេងទៀត ដែលជារបស់ប្រជាជន ហើយការកាន់កាប់របស់ពួកគាត់ ក្នុងស្ថានភាព និងទីតាំងដូចគ្នាដែរ តែមិនមែនជាបក្សពួក និងជាសាច់ញាតិរបស់ខ្លួន លោកប្រធានមន្ទីរមិនចុះហត្ថលេខាឲ្យទេ ដោយសំអាងថា ជាដីភ្នំ និងស្ថិតនៅគម្របព្រៃឆ្នាំ2002 របស់រដ្ឋបាលព្រៃឈើ។

ជុំវិញព័ត៌មានខាងលើនេះលោក លី សុភា ប្រធានមន្ទីរដែនដីបានបញ្ជាក់នៅរសៀលថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០យ៉ាងខ្លីថាគាត់កំពុងធ្វើរបាយការណ៍បំភ្លឺជូនទៅអាជ្ញាធរខេត្តនឹងក្រសួងរៀបចំដែនដីហេីយ។ ជាមួយគ្នានេះដែរ សូមសំណូមពរ ដល់ក្រសួងពាក់ព័ន្ធ ពិសេសក្រសួងរៀបចំដែនដី ក្រសួងកសិកម្ម ក្រសួងបរិស្ថាន មេត្តាចាត់វិធាការត្រួតពិនិត្យ និងធ្វើការដកហូតនូវដីទាំងនោះ មកទុកជាសម្បត្តិរដ្ឋវិញ និងដាក់ទោសទៅតាមច្បាប់ ចំពោះអ្នកប្រព្រឹត្ត និងអ្នកឃុបឃិត ដើម្បីជាគំរូសម្រាប់មន្ត្រីផ្សេងទៀតកុំអនុវត្តតាម៕ ដោយ៖ សុក្ខារិន