មាតាបិតាសិស្សរស់នៅតាមបណ្តោយមាត់ទន្លេទីជនបទ សប្បាយចិត្ត ពេលបានទទួលមតេ្តយ្យសាលាមួយខ្នង នៅក្នុងភូមិស្រុករបស់គាត់

(កំពង់ឆ្នាំង) មិតាបិតាសិស្ស ដែលរស់នៅតាមដងទន្លេនៅជនបទ បានទទួលនៅមត្តេយ្យសាលាមួយខ្នងនៅក្នុងភូមិឃុំស្រុករបស់ពួកគាត់។ ពិធីនេះធ្វើឡើងនៅព្រឹកថ្ងៃទី១៤ ខែកុម្ភៈឆ្នាំ២០២០កន្លងទៅ អគារមត្តេយ្យសាលាមួយខ្នងនេះជារបស់សហគមន៍ជ្រោយបបុស្ស ស្ថិតក្នុងឃុំកំពង់ហៅ ស្រុកកំពង់លែង ត្រូវបានសម្ពោធដាក់ឱ្យដំណើរការទទួលសិស្សតូចៗ ចាប់ពីអាយុ៣ទៅ៥ឆ្នាំ ក៏ដូចជាជួយមើលថែទាំកុមារតូចៗពេលម្តាយឪពុកមិននៅផ្ទះដោយចេញទៅប្រកបការងារ ធ្វើការរកស៊ីជាពិសេសការបើកមត្តេយ្យសាលានេះ បានធ្វើឱ្យប្រជាពលរដ្ឋក្នុងសហគមន៍ សប្បាយចិត្តយ៉ាងក្រៃលែងព្រោះ ថាពួកគាត់មិនពិបាកដាក់កូនចៅតាមខ្លួនពេលទៅធ្វើស្រែចម្ការ ឬទៅនេសាទដូចមុនទៀត។

ចូលរួមនៅក្នុងពិធីសម្ពោធសាលាមតេយ្យ មានវត្តមានលោក កែវ ពៅ អនុប្រធានក្រុមការងារថ្នាក់ខេត្តចុះជួយស្រុកកំពង់លែង និងជាទីប្រឹក្សាក្រសួងសាធារណការ និងដឹកជញ្ជូន ព្រមទាំងមានការចូល រួម ពីបងប្អូនប្រជាពលរដ្ឋក្នុងសហគមន៍ជាច្រើនរយនាក់ផងដែរ។

លោកគ្រូអ្នកគ្រូនៃមត្តេយ្យសាលាសហគមន៍ជ្រោយបបុស្ស  បានបញ្ជាក់ឱ្យដឹងថា ក្រោយពេលមត្តេយ្យសាលាសហគមន៍ បានសាងសង់រួចរាល់ឪពុកម្តាយកុមារតូចៗមានក្តីរីករាយ ហើយពួកគាត់បាននាំកូនចៅតូចៗមិនទាន់គ្រប់អាយុ មកចុះឈ្មោះ ចូលរៀននៅក្នុងមត្តេយ្យសហគមន៍នេះជាពិសេសពួកគាត់បានយល់កាន់តែច្បាស់ នូវចំណេះដឹង និងការអភិវឌ្ឍខ្លួននាពេលបច្ចុប្បន្ន និងទៅអនាគត ស្របពេលប្រទេសជាតិ កំពុងមានការរីកចម្រើនឥតឈប់ឈរ។ ប្រជាពលរដ្ឋជាច្រើននៅក្នុងភូមិជ្រោយបបុស្ស និងភូមិកោះក្អែក ឃុំកំពង់ហៅ បានសម្តែងនូវការពេញចិត្ត ខណៈមានមត្តេយ្យសាលា សម្រាប់កូនចៅសិក្សារៀនសូត្រ មិនចាញ់កូនចៅអ្នកទីក្រុង ហើយពួកគាត់សង្ឃឹមថា កូនចៅពួកគាត់នឹងកាន់តែឆ្លាតវៃ មានមូលដ្ឋានចំណេះដឹង ពីថ្នាក់មត្តេយ្យស្រាប់ មិនពិបាកក្នុងការរៀនបន្តនោះឡើយ។ ម្យ៉ាងវិញទៀតពួកគាត់មានពេលវេលាគ្រប់គ្រាន់ក្នុងការប្រកបមុខរបរចិញ្ចឹមជីវិត ដោយពុំបារម្ភពីកូនចៅទៅតាមពួកគាត់ហាលភ្លៀង ហាលខ្យល់ ឬខ្លាចធ្លាក់ទឹកទន្លេដូចមុនទៀត។

លោក កែវ ពៅ អនុប្រធានក្រុមការងារចុះជួយស្រុកកំពង់លែងបានថ្លែងទៅកាន់ប្រជាពលរដ្ឋថា  សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា តែងតែយកចិត្តទុកដាក់លើវិស័យអប់រំគ្រប់ពេលវេលា ព្រោះចំណេះដឹងគឺចាំបាច់បំផុតក្នុងការបណ្តុះគ្រាប់ពូជធនធានមនុស្សល្អៗ នៅក្នុងប្រទេស និងអាចជួយកសាងអភិវឌ្ឍប្រទេសជាតិជាមួយថ្នាក់នាំបានប្រកបដោយគុណភាព។

ក្នុងថ្ងៃនេះ សាលាមត្តេយ្យសិក្សារបស់សហគមន៍ជ្រោយបបុស្ស បានបើកឱ្យដំណើរការ ដែលមានការជួយទំនុកបម្រុងថវិកាពីលោក ត្រាំ អ៊ីវតឹករដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងជាប្រធានក្រុមការងារថ្នាក់ជាតិ  ចុះជួយស្រុកកំពង់លែង សម្រាប់ផ្តល់នូវចំណេះដឹង ដល់កុមារតូចៗនៅតាមសហគមន៍ ជនបទដាច់ស្រយាល៕  ដោយ៖ សុក្ខារិន