បុរសម្នាក់ត្រូវខ្សែភ្លើងឆក់ស្លាប់ នៅស្រុកក្រគរ

(ពោធិ៍សាត់) បុរសម្នាក់ត្រូវបានខ្សែភ្លើងឆក់ បណ្តាលឱ្យស្លាប់ភ្លាមៗ បន្ទាប់ពីជនរងគ្រោះប៉ះចំដំណខ្សែភ្លើងម៉ូទរ័មបូមទឹក  នៅថ្ងៃទី១៥ ខែកុម្ភៈឆ្នាំ២០២០ នៅមាត់ស្ទឹងចេកចៅ ស្ថិតនៅភូមិចេកចៅ ឃុំកំពង់ពោធិ៍ ស្រុកក្រគរ ខេត្តពោធិ៍សាត់

អធិការនគបាលស្រុកក្រគរ លោកវរសេនីយ៍ឯក  ឯម រុន បានឱ្យដឹងជនរងគ្រោះមានឈ្មោះ យស សឿន (ហៅបុិញ) អាយុ៦៦ឆ្នាំ មានទីលំនៅភូមិឃុំកើតហេតុខាងលើ មានប្រពន្ធឈ្មោះ ហែម  សែត អាយុ៦៥ឆ្នាំ មានកូនបង្កើត ៥នាក់  (ស្រី១នាក់)

លោកបានឱ្យដឹងទៀតថា នៅមុនពេលកើតហេតុជនរងគ្រោះ បានទៅយកម៉ូទ័រមកបូមទឹកស្រោចដំណាំ ដោយដោតព្រីភ្លើងនៅឯផ្ទះ កំពុងបូមទឹកម៉ូទ័រខូច ជនរងគ្រោះបាន ស្រាវខ្សែភ្លើងហើយប៉ះចំមុខដំណ ដោយជនរងគ្រោះ មិនបានមកដកព្រីភ្លើង ចេញទើបបណ្តាលឱ្យឆក់ស្លាប់ ផ្កាប់មុខ នៅនឹងកន្លែងកើតហេតុ។

ក្រោយទទួលបានព័រត៌មាន កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុក ក្រគបានចុះទៅដល់កន្លែងកើតហេតុ និងបានសហការជាមួយ ប៉ុស្តិ៍រដ្ឋបាលរួមនឹងអាជ្ញាធរភូមិ ឃុំ ពិនិត្យ និងធ្វើកំណត់ហេតុ និងបានស្តាប់ការបំភ្លឺរបស់ក្រុមគ្រួសារសព និងការពិនិត្យសាកសព ពិតជាបានស្លាប់ដោយសារការឆក់ខ្សែភ្លើងពិត្យប្រាកដមែន។

ក្រោយការពិនិត្យសាកសពរួចសមត្ថកិច្ចបានធ្វើកំណត់ហេតុប្រគល់សពជនរងគ្រោះជូនក្រុមគ្រួសារសាច់ញាតិ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណីផងដែរ ដោយ៖ សុក្ខារិន