សាលាក្រុងជំរុញពលរដ្ឋ បង់ប្រាក់ថ្លៃប្រមូលសំរាម អោយបានគ្រប់គ្នា

(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ បានជំរុញពលរដ្ឋចូលរួមបង់ប្រាក់ថ្លៃសេវា ប្រមូលសំរាម និងកាកសំណល់ អោយបានគ្រប់គ្នា ក្នុងរយៈពេលអន្តរកាល ដែលអាជ្ញាធរ កំពុងជ្រើសរើសក្រុមហ៊ុនប្រមូលសំរាមថ្មីនោះ។

រដ្ឋាភិបាល បានសម្រេចផ្អាកក្រុមហ៊ុន ស៊ិនទ្រី ធ្វើការប្រមូលសំរាម និងកាកសំណល់ តែមួយក្រុមហ៊ុន ដោយរងចាំ ធ្វើការជ្រើសរើសមានការចូលរួមពីក្រុមហ៊ុនច្រើន ដើម្បីធ្វើការសំអាតទីក្រុង ឆ្លើយតបទៅនឹងការអភិវឌ្ឍ។

ក្នុងសេចក្ដីជូនដំណឹង ចុះថ្ងៃទី២១ខែកុម្ភៈ ឆ្នាំ២០២សាលាក្រុងឲ្យដឹងថា ក្នុងអន្តរកាលនេះ មាន ប្រជាពលរដ្ឋមួយចំនួនបានបង់ថ្លៃសេវាសំរាម និងមានពលរដ្ឋមួយចំនួនទៀត មិនទាន់បំពេញកាតព្វកិច្ចបង់ថ្លៃសេវាប្រមូលសំរាម និងសំណល់រឹងនៅឡើយ ដោយសារតែពុំទាន់យល់ពីការផ្លាស់ប្ដូរប្រព័ន្ធបង់ប្រាក់ថ្មីនេះ និងខ្លះទៀតជាប់រវល់បំពេញកាតព្វកិច្ចការងារ និងប្រកបមុខរបររកស៉ីប្រចាំថ្ងៃ មិនទាន់ទទួលបានព័ត៌មានគ្រប់ជ្រុងជ្រោយ។

សាលាក្រុវជំរុញអោយពលរដ្ឋចូលរួមការបង់ប្រាក់ទាំងអស់គ្នា ដោយអាជ្ញាធរ ធ្វើការពន្យារយៈពេល បង់ប្រាក់ រហូតដល់ថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២០ ខណៈការសម្រេចពេលមុន ការបង់ថ្លៃប្រមូលសំរាមសម្រាប់ខែមករា ត្រូវបញ្ចប់ត្រឹមថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២០។

សូមជម្រាបថា រដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ថាសូមរំលឹកថា នីតិវិធីនៃការបង់ថ្លៃសេវាប្រមូលសំរាមថ្មីនេះ ប្រជាពលរដ្ឋអាចបង់តាមមធ្យោបាយជាច្រើនដូចជា ប្រព័ន្ធទូទាត់អេឡិចត្រូនិក (តាមទូរស័ព្ទដៃ) ឬបញ្ជរទូទាត់នៅធនាគារ ACELDA ឬតាមភ្នាក់ងារទូទាត់ផ្សេងៗទៀត រួមមាន Wing, eMoney, Lyhour Welluy, Pi Pay, True Money និង Dara Pay ជាដើម។

មានពលរដ្ឋខ្លះនាពេលកន្លងមក បានសម្តែងការមិនពេញចិត្តចំពោះក្រុមហ៊ុនស៊ិនទ្រី ដែលបានធ្វើការដំឡើងថ្លៃសេវាប្រមូលសំរាម តាមផ្ទះរបស់ពួកគាត់។ ផ្ទះធ្លាប់បង់៣ដុល្លារ បានដំឡើងរហូត៧ដុល្លារ ហើយក្នុងពេលអន្តរកាលនេះ ពួកគាត់មិនដឹងត្រូវតវា របៀបណា៕ ដោយ៖ ណាវីន