BREAKING NEWS៖ មជ្ឈមណ្ឌលប្រយុទ្ធប្រឆាំងជំងឺឆ្លងរបស់សហរដឋអាមេរិក បញ្ជាក់ថាអ្នកដំណើរទាំងអស់នៃកប៉ាល់ទេសចរណ៍ វែស្ទឺដាម (MS Westerdam) មិនមានផ្ទុកវីរុស COVID-19 នោះទេ

(អន្តរជាតិ)៖ ទីភ្នាក់ងារសារព័ត៌មានអាម៉េរិក US Today នារសៀលថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២០នេះ បានចុះផ្សាយថា បើយោងតាមការបញ្ជាក់ពីមជ្ឈមណ្ឌលប្រយុទ្ធប្រឆាំងជំងឺឆ្លងរបស់សហរដ្ឋអាមេរិក CDC បានឲ្តដឹងថា អ្នកដំណើរទាំងអស់នៃកប៉ាល់ទេសចរណ៍ វែស្ទឺដាម (MS Westerdam) ត្រូវបានគេធ្វើតេស្តយ៉ាងល្អិតល្អន់រកមេរោគ COVID-19 ហើយលទ្ធផលពិតជាបានបង្ហាញថា «អវិជ្ជមាន» ដោយក្នុងនោះរួមមានទាំងស្រ្តីអាមេរិកវ័យ ៨៣ឆ្នាំម្នាក់ផងដែរ។

លោក Richard Quartarone ដែលជាអ្នកនាំពាក្យមជ្ឈមណ្ឌលខាងលើ បានលើកឡើងថា ខ្ញុំបានបញ្ជាក់រួចទៅហើយថា អ្នកដំណើរទាំងអស់ត្រូវបានធ្វើតេស្ត ហើយពួកគេគ្មានផ្ទុកវីរុសកូរ៉ូណា (COVID-19) នោះឡើយ រួមទាំងមនុស្សម្នាក់ (ស្ត្រីជនជាតិអាមេរិកវ័យ ៨៣ឆ្នាំ) ដែលត្រូវបានធ្វើតេស្តរកឃើញវិជ្ជមាន (នៅម៉ាឡេស៊ី) នោះផងដែរ។ ស្រ្តីជនជាតិអាមេរិកនៅម៉ាឡេស៊ីនោះ ប្រហែលជាអាចមានជំងឺផ្លូវដង្ហើម ហើយប្រសិនបើវាជាការពិតនោះ វាមិនមែនជាមេរោគ COVID-19 នោះទេ។

គួរបញ្ជាក់ថា អ្នកដំណើរមួយចំនួននៃកប៉ាល់ទេសចរណ៍ វែស្ទឺដាម (MS Westerdam) បានបង្ហាញមន្ទិលសង្ស័យចំពោះភាពគួរឲ្យទុកចិត្តបាន នៃការធ្វើតេស្តរកមើលមេរោគ COVID-19 របស់ម៉ាឡេស៊ី ដែលកន្លងមកបានអះអាងអំពីការរកឃើញមេរោគនេះ (វិជ្ជមាន) ក្នុងខ្លួនស្រ្តីជនជាតិអាមេរិកម្នាក់ ដែលជាអ្នកដំណើរបានចាកចេញពីនាវា Westerdam ប៉ុន្តែមិនដល់មួយសប្តាហ៍ផង ស្រាប់ប្រកាសថា គាត់លែងមានផ្ទុក COVID-19 ទៀតហើយ (អវិជ្ជមាន)។ ជុំវិញរឿងរ៉ាវនេះ អ្នកដំណើរផ្សេងៗទៀតនៃនាវា Westerdam បានលើកថា «ការធ្វើតេស្តមិនច្បាស់ការរបស់ម៉ាឡេស៊ី បានបង្កផលប៉ះពាល់ដល់ពួកគេជាខ្លាំង»។

សូមបញ្ជាក់ផងដែរថា លោក ស្ទេវ មូតស៍ (Steve Muth) រស់នៅរដ្ឋមីឈីហ្គែន (Michigan) សហរដ្ឋអាមេរិក ដែលជាអ្នកបានធ្វើដំណើរលើកប៉ាល់ Westerdam ជាមួយគ្រួសារលោក ក៏មានមន្ទិលសង្ស័យផ្ទាល់ខ្លួន ចំពោះការធ្វើតេស្តឃើញវិជ្ជមាននៃមេរោគ COVID-19 ក្នុងខ្លួនស្រ្តីជនជាតិអាមេរិកវ័យ ៨៣ឆ្នាំ ដោយអាជ្ញាធរម៉ាឡេស៊ីផងដែរ គឺមិនខុសពីការសង្ស័យរបស់កម្ពុជាទេ។

ក្នុងសារអ៊ីម៉ែលមួយផ្ញើទៅកាន់សារព័ត៌មាន USA Today លោក Muth បានរៀបរាប់យ៉ាងដូច្នេះថា «អ្នកដំណើរភាគច្រើនរួមទាំងរូបខ្ញុំដែរ មានការសង្ស័យជាខ្លាំង ចំពោះការធ្វើតេស្តពីរលើកដំបូងដែលបង្ហាញថា ស្រ្តីម្នាក់នោះមានផ្ទុកមេរោគ COVID-19»។

លោក Muth បានបន្តថា «ការធ្វើតេស្តមិនច្បាស់ការ ឬអាចនិយាយបានថា ការធ្វើតេស្តចេញលទ្ធផលខុសនេះ បានបង្កការប៉ះពាល់ជាខ្លាំង ដល់អ្នកដំណើរស្លូតត្រង់រាប់រយនាក់របស់កប៉ាល់ Westerdam ដែលរួមមានការត្រូវគេហាមមិនធ្វើដំណើរ តាមជើងយន្តហោះត្រឡប់ទៅផ្ទះវិញ និងការត្រូវប្រឈមនឹងភាពរើសអើងនានាជាដើម»។

រីឯអ្នកដំណើរអាមេរិកម្នាក់ទៀតឈ្មោះថា អ៊ែលលី ឈីបូវស្គី (Elly Chybowski) ដែលបានធ្វើដំណើរលើកប៉ាល់ Westerdam ជាមួយស្វាមីឈ្មោះ ធីម៉ូស៊ី (Timothy) បានប្រាប់ថា ពួកគេទាំងពីរដែលត្រូវធ្វើដំណើរចេញពីកម្ពុជា ក្រោយចុះពីលើកប៉ាល់ ឆ្លងកាត់ទីក្រុងតូក្យូរបស់ជប៉ុន និងទីក្រុង ដាលឡាស់ (Dallas) នៃរដ្ឋតិចសាស់ ដើម្បីឆ្ពោះទៅផ្ទះនៅទីក្រុង ម៉ាឌីសុន (Madison) នៃរដ្ឋ វីស្កុនស៊ីន (Wisconsin) ស្រាប់ត្រូវគេលុបសំបុត្រចោលវិញ។ ប្តី-ប្រពន្ធទាំងពីរនាក់ក៏បាន ចំណាយថវិកាផ្ទាល់ខ្លួនរហូតដល់ជាង ៥,០០០ដុល្លារ ដើម្បីកក់ជើងហោះហើរថ្មី ហើយពួកគាត់ទាំងពីរនាក់ក៏បានមកដល់ផ្ទះវិញ កាលពីថ្ងៃពុធសប្តាហ៍នេះ។

លោកស្រី Chybowski បានសង្កត់ធ្ងន់ទៀតថា «ការរំខាន ដល់ជីវិតអ្នកដំណើរជាច្រើនមកពីកប៉ាល់ Westerdam ជាពិសេសនោះ គឺដល់ផ្លូវអារម្មណ៍ពួកគេកំឡុងភាពមិនច្បាស់ការ មុនពេលពួកគេបានត្រឡប់មកដល់ផ្ទះវិញនោះ គឺពិតជាមិនអាចវាស់ស្ទង់បាននោះទេ»៕ ដោយ៖ Micheal