Banner-right
Banner-right

ទីក្រុង​ខ្មោច​កំពុង​បង្ក​បញ្ហា​ឱ្យ​ប្រទេស​ចិន​ឈឺក្បាល

(បរទេស)​ ៖ ប្រទេស​ចិន​កំពុង​មាន​បញ្ហា​ទីក្រុង​គ្មាន​មនុស្ស (ទីក្រុងខ្មោច) ។ ទីក្រុង​តូច​ៗ​ជា​ច្រើន​ត្រូវ​បាន​សាងសង់​ឡើង​តាម​ទីក្រុង​ធំ​ៗ​ដូច​ជា​សៀង​ហៃ ​និង​បេ​កាំ​ង ដោយ​សង្ឃឹមថានឹង​អាច​ក្លាយជា​មជ្ឈមណ្ឌល​សេដ្ឋកិច្ច ។
ប៉ុន្តែ​ទីក្រុង​ទាំងនោះ​មិន​អាច​ទាក់ទាញ​អាជីវកម្ម​និង​ប្រជាជន​ទៅ​ស្នាក់​នៅ​បាន​ដែល​ធ្វើ​ឲ្យ​ទីក្រុង​ទាំងនោះ​មាន​តែ​សំបក ។ ផ្ទះ​រាប់​លាន​យូ​នី​ត​នៅ​មិន​ទាន់​លក់​ចេញ ខណៈ​ដែល​បំណុល​កំពុង​តែ​ក់ន​ឡើង​ហើយ​ការ​ព្រួយបារម្ភ​ពី​ទីផ្សារ​បាន​បង្កើត​ហានិភ័យ​កាន់តែ​ច្រើន​ឡើង​ទៀត ។

លើស​ពី​នេះ​ទៀត​នេះ មាន​អចលនទ្រព្យ​រាប់​លាន​យូ​នី​ត​ត្រូវ​បាន​ទិញ​ដោយ​មិន​មាន​មនុស្ស​ស្នាក់​នៅ ។ ប្រជាជន​មួយ​ចំនួន​បាន​ទិញ​ផ្ទះ​ទាំងនោះ​សម្រាប់​ធ្វើ​ជា​ផ្ទះ​វិស្សមកាល ឬ​សម្រាប់​សមាជិកគ្រួសារ​ភេទ​ប្រុស និង​ជា​អំណោយ​ចំណងដៃ​កូន​ៗ​ជាដើម ។ ប៉ុន្តែ​ក្នុង​ករណី​មួយ​ចំនួន​ទៀត អតិថិជន​ទិញ​វា​ទុកជា​ការ​វិនិយោគ ដោយ​សង្ឃឹមថា​អាច​លក់​វា​យក​ផល​ចំណេញ​បាន ។
យោង​ទៅ​តាម​ការ​ស្ទង់​មតិ​របស់​អ្នក​ស្រាវជ្រាវ​នៅ​សាកលវិទ្យាល័យ Southwestern University of Finance and Economics នៅ Chengdu បាន​ឲ្យ​ដឹង​ថា ផ្ទះ​ដែល​មិន​មាន​មនុស្ស​ស្នាក់​នៅ​ទាំងនេះ​ស្មើ ១​ភាគ​៥​នៃ​ចំនួន​ផ្ទះ​សរុប​ក្នុង​ទីក្រុង​ចិន ឬ​ស្មើ ៦៥​លាន​យូ​នី​ត​ទូ​ទាំង​ប្រទេស ។

លោក Kaiji Chen ដែល​ជា​សេដ្ឋវិទូ​ម្នាក់​មក​ពី Emory University បាន​ឲ្យ​ដឹង​ថា កត្តា​ជំរុញ​ដល់​បញ្ហា​នេះ​រួម​មានការ​ជឿជាក់​ថា​តម្លៃ​ដី​អចលនទ្រព្យ​ដែល​ពួក​គេ​បាន​ទិញ​នឹង​កើនឡើង ។

លោក​បាន​ឲ្យ​ដឹង​ទៀត​ថា ដី​ក្នុង​ប្រទេស​ចិន​មានការ​ខ្វះខាត ហើយ​វា​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​រដ្ឋាភិបាល​ក្នុង​តំបន់ ខណៈ​ដែល​អតិថិជន​ដឹង​ថា​រដ្ឋាភិបាល​មិន​ចង់​លក់​ដី​ក្នុង​តម្លៃ​ទាប​ទេ​ព្រោះ​វា​ជា​ប្រាក់​ចំណូល​សម្រាប់​ពួក​គេ ។ ជាមួយ​គ្នា​នេះ​ផង​ដែរ ប្រជាជន​ដទៃ​ទៀត​ក៏​ចាប់ផ្តើម​ងាក​មក​កាន់​អចលនទ្រព្យ​ក្នុងស្រុក​វិញ​បន្ទាប់​ពី​មានការ​រឹត​បន្តឹង​ការ​វិនិយោគ​លើ​អចលនទ្រព្យ​បរទេស​ជាដើម ។

កត្តា​ទាំងនេះ​បាន​បង្កើន​តម្លៃ​លក់ និង​ជួល​ផ្ទះ​ដែល​បង្ខំ​ឲ្យ​អតិថិជន​ក្មេង​ៗ ឬ​អតិថិជន​ទិញ​ផ្ទះ​លើក​ទី​មួយ​ចេញពី​ទីផ្សារ ។ វា​បាន​ធ្វើ​ឲ្យ​ការ​គ្រប់គ្រង​តម្លៃ​ផ្ទះ​ស្ថិត​ក្នុង​ចំណោម​បញ្ហា​សំខាន់​ៗ​របស់​ប្រទេស​ចិន​ក្នុង​ឆ្នាំ ២០១៧ ដោយ​មានការ​ព្រួយបារម្ភ​ថា​ការ​ដួល​រលំ​នៃ​ទីផ្សារ​អចលនទ្រព្យ​អាច​ប៉ះពាល់​ដល់​ការ​លូតលាស់​សេដ្ឋកិច្ច​ទាំងមូល ៕

អត្ថបទដែលជាប់ទាក់ទង