Banner-right
Banner-right

ដំណឹងល្អសម្រាប់ប្រុសៗ! ថៅកែធុរេននៅប្រទេសថៃ ប្រកាសរើសកូនប្រសារប្រុស ដោយមិនយកបណ្ណាការឡើយ ហើយថែមទាំងជូនលុយ ១០លានបាតឲ្យទៀត

(បរទេស) ៖​ កាលពីថ្មីៗនេះ ផ្ទុះការភ្ញាក់ផ្អើលពេញបណ្តាញសង្គមថៃ ដោយថៅកែធុរេននៅឯប្រទសថៃបានប្រកាសស្វែងរកកូនប្រសារមិនយកបណ្ណាការ ដោយថែមទាំងជូនទឹកប្រាក់ទៅវិញចំនួន១០លានបាត។ ម្ចាស់ហាងធុរេនដ៏ធំមួយនៃប្រទេសថៃ ដែលមានឈ្មោះថា សៀរ (Sia) បានធ្វើឲ្យមហាជនជាច្រើនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយលោកបានប្រកាសក្តែងៗតែម្តង ដើម្បីរើសកូនប្រសារប្រុសមួយរូបដើម្បីមើលថែកូនស្រីរបស់គាត់ ថែមទាំងផ្តល់ទឹកប្រាក់ចំនួន១០លានបាតជូន ដើម្បីទុកធ្វើជាទុនសម្រាប់រកស៊ី។ ក្រៅពីនេះគាត់ក៏បានបញ្ជាក់ពីលក្ខខណ្ឌសម្រាប់បុរសៗដែលប៉ងប្រាថ្នាចង់ក្លាយជាកូនប្រសារសំណាងរបស់គាត់ គឺត្រូវតែជាបុរសដែលមានអត្តចរិកឧស្សាហ៍ព្យាយាម ថែមទាំងបញ្ចប់កម្រិតសិក្សាថ្នាក់បរិញ្ញាបត្រ ជាពិសេសគឺអាចយកឈ្នះចិត្តកូនស្រីគាត់ និងមើលថែរូបនាងបានយ៉ាងល្អ។

កាលពីរសៀលថ្ងៃទី៣ ខែមីនា ម្សិលមិញនេះលោក អានុន រឌថង ដែលមានឈ្មោះហៅក្រៅថា សៀរ មានអាយុ ៥៨ ឆ្នាំ បានធ្វើឲ្យកម្លោះៗពេញបណ្តាញសង្គមហ្វេសប៊ុកភ្ញាក់ផ្អើលធ្វើការចែករំលែកពីគណនីមួយទៅគណនីមួយទៀតដោយលោកបានរៀបរាប់ថា «អ្នកដែលអាចមើលគ្រប់គ្រង និងលក់ធុរេ​នបាន ជាមនុស្សឧស្សាហ៍ព្យាយាមមិនខ្ជិលច្រអូស ជាពិសេសគឺជាបុរសស្មោះស្នេហ៍អាចមើលថែកូនស្រីគាត់បានគាត់នឹងព្រមទទួលជាកូនប្រសារ ដោយមិនយកប្រាក់មួយកាក់មួយសេនឡើយ តែនឹងថែមលុយជូនទៅវិញចំនួន១០លានបាត រថយន្តចំនួន១០គ្រឿង ព្រមទាំងផ្ទះ ហើយក៏ហាងធុរេន ជាមួយនឹងកូនស្រីដែលស្រលាញ់ប្រៀបបានកែវភ្នែករបស់លោកផងដែរ»។

រយៈពេល២០ឆ្នាំមកហើយដែលលោក សៀរ បានរកស៊ីលក់ធុរេន មានហាងឈ្មោះថា “ប៉ានុន@ប៉ាអរ” នៅបរិវេណផ្សារអ៊ួយឆៃ ផ្លូវអេស៊ីលេខ៤១១ សង្កាត់វ៉ាំងតាកន ស្រុកឡាំងសួន ខេត្តជុមផន ប្រទេសថៃ។ ដោយសារតែពេលនេះលោកនិង ភរិយាមានវ័យជរា រាងកាយមិនសូវរឹងមាំ ដែលជាហេតុបណ្តាលឲ្យលោកចង់ផ្ទេរទ្រព្យសម្បត្តិ ទៅអោយកូនស្រី និងកូនប្រសាររបស់លោកមើលការខុសត្រូវ។ កូនស្រីដែលលោកបានប្រកាសរើសកូនប្រសារឲ្យ មានឈ្មោះថា កាន់រ៍សីតា រឌថង មានវ័យ ២៦ឆ្នាំ ជាកូនស្រីពៅរបស់លោក ក្នុងចំណោមកូន៤នាក់ មានបងស្រីម្នាក់ និងបងប្រុស២នាក់ ដោយបងប្អូនប្រុសស្រីរបស់នាងគឺមានគ្រួសារអស់ហើយ ដោយឡែករូបនាងដែលរៀនចប់មហាវិទ្យាល័យផ្នែកកាន់បញ្ជីរូបនេះ មិនទាន់មាននៅឡើយ។ យ៉ាងណាមិញបើសិនបុរសៗរូបណាចាប់អារម្មណ៍អាចដាក់ពាក្យធ្វើកូនប្រសាររបស់លោកបាន ដោយលោកនិយាយនេះគឺជាការពិតមិនមែនលេងសើចនោះឡើយ៕  

អត្ថបទដែលជាប់ទាក់ទង
SKY RADIO FM 107.75 Mhz