មន្ទីរទេសចរណ៍ខេត្ត បន្តចុះធ្វើការណែនាំដល់ម្ចាស់ភោជនីយដ្ឋាន ផ្ទះសំណាក់ និងសណ្ឋាគារ ក្នុងក្រុងកំពង់ឆ្នាំង ឲ្យចូលរួមការពារ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩

(កំពង់ឆ្នាំង)៖ ដើម្បីបង្ការការទប់ស្កាត់ការចម្លងរីករាលដាលជំងឺកូវីដ-១៩ នៅថ្ងៃទី២៤ខែមីនាម្សិលិញនេះ មន្ទីរទេសចរណ៍ខេត្តកំពង់ឆ្នាំង បានបន្តចុះធ្វើការអប់រំណែនាំដល់ម្ចាស់ភោជនីយដ្ឋាន សណ្ឋាគារ និងផ្ទះសំណាក់នៅក្នុងខេត្តកំពង់ឆ្នាំងមួយចំនួនធំបន្ថែមទៀត ឲ្យចូលរួមទប់ស្កាត់ជំងឺឆ្លងរីករាលដាលជាសកលនេះ ជាមួយគណៈកម្មាការប្រយុទ្ធប្រឆាំងជំងឺឆ្លង ដើម្បីផ្សព្វផ្សាយជាសាធារណៈនូវចំណេះដឹង និងការណែនាំផ្សេងៗ ក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺនេះ ទៅដល់ភ្ញៀវទេសចរ និងបុគ្គលិក ព្រមទាំងធ្វើការផ្សព្វផ្សាយតាមរយៈរថយន្តដាក់ឧឃោសនសព្ទមានជាសារខ្លីៗ និងមានផ្ទាំងផ្សព្វផ្សាយព័ត៌មាន ដែលពន្យល់ពីការលាងដៃ និងការពាក់ម៉ាស់ឲ្យបានត្រឹមត្រូវផងដែរ។

ជាមួយគ្នានេះផងដែរ ម្ចាស់ផ្ទះសំណាក់ភោជនីយដ្ឋាន និងសណ្ឋាគារមួយចំនួន ក៏បានផ្ដល់បទសម្ភាសន៍ទាក់ទងនឹងការ ចូលរួមធ្វើអនាម័យនៅតាមកន្លែងនីមួយៗ ដោយណែនាំដល់បុគ្គលិក ក៏ដូចជាភ្ញៀវទាំងអស់ ឲ្យយល់ដឹងអំពីការសម្អាតអនាម័យ ដោយមានការលាងដៃនឹងសាប៊ូ ឬអាកុល មុននឹងបរិភោគអាហារ ក៏ដូចជាមុនចូលសម្រាកនៅក្នុង នៅក្នុងផ្ទះសំណាក់ ឬសណ្ឋាគារ។ ក្នុងពេលផ្តល់កិច្ចសម្ភាស ម្ចាស់ភោជនីយ ដ្ឋានចំការលាភ អារហារដ្ឋានដំរីស និងម្ចាស់សណ្ឋាគារ និងភោជនីដ្ឋានសុវណ្ណភូមិ បានបញ្ជាក់ថា រាល់ការចេញចូលរបស់ភ្ញៀវ ត្រូវបានបុគ្គលិកគាត់ណែនាំ និងផ្តល់ជូនពួកគាត់នូវសាប៊ូ ទឹកអនាម័យសម្អាត និងទឹកអាល់កុលហលាងដៃ មុនចូលអារហារដ្ឋាន ឬស្នាក់នៅ។ បុគ្គលិកបម្រើការងាររត់តុត្រូវលាងសំអាតដៃ និងបាញ់អាល់កុលសម្លាប់មេរោគលើតុអារហារជាប្រចាំ តាមការណែនាំរបស់មន្ត្រីសុខាភិបាល។ គ្រប់បុគ្គលិកបម្រើភ្ញៀវរហូតដល់ចុងភៅ គឺត្រូវពាក់ម៉ាស់ជាប់ជានិច្ច ដើម្បីរក្សាអនាម័យខ្លួនឯងផង និងគិតគូរពីសុខមាលភាពភ្ញៀវក្នុងហាងផងដែរ។

ដោយឡែកប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ឆ្នាំងលោក សេង សាលី បានឲ្យដឹងថា ម្ចាស់ហាងនីមួយៗត្រូវមានកន្លែងលាងដៃ និងកន្លែងផ្តល់ម៉ាស់ ហើយគួរតែរៀបចំនៅក្នុងបរិវេណភោជនីយដ្ឋាន ជាពិសេសនៅតាមកន្លែងនានា ដូចជាទ្វាចូលបង្គន់ បញ្ជរគិតលុយជាដើម មិនតែប៉ុណ្ណោះត្រូវបង្កើនការយល់ដឹងដល់ចុងភៅ និងបុគ្គលិកអនាម័យ អំពីហានិភ័យ នៃការចម្លងមេរោគពីភ្នាក់ងារ ចម្លងមេរោគ ដោយលើកឡើងពីសារសំខាន់នៃការការពារខ្លួនដូចជា ការពាក់ម៉ាស់ និងស្រោមដៃ ក្នុងអំឡុងពេលកំពុងធ្វើការ និងត្រូវសម្អាតសម្ភារប្រើប្រាស់ឲ្យបានញឹកញាប់ ដូចជា តុបាយ ប្រដាប់ប្រដាប្រើប្រាស់សម្ភារផ្ទះបាយ និងឧបករណ៍សម្អាត។ ជាមួយគ្នានេះផងដែរម្ចាស់ភោជនីយដ្ឋាន សណ្ឋាគារ និងផ្ទះសំណាក់ គួរតែគាំទ្រយុទ្ធនាការអនាម័យដល់បុគ្គលិក ដោយការលាងដៃឲ្យបានញឹកញាប់ និងលាងដៃគ្រប់ ពេលបន្ទាប់ពីកាន់ឧបករណ៍ ឬប្រដាប់ប្រដាប្រើប្រាស់ ដែលត្រូវប៉ះពាល់ញឹកញាប់ និងត្រូវកំណត់កាលវិភាគ ឲ្យបានទៀងទាត់ សម្រាប់លាងសម្អាតសម្ភារប្រើប្រាស់ ឬទីកន្លែង ដែលមានការកាន់ប៉ះពាល់ជាប្រចាំ ដូចជា តុបាយ ដៃទ្វារបង្គន់ ត្រូវសម្លាប់មេរោគ និងអាកុលបានយ៉ាងតិច២ដងក្នុង១ថ្ងៃ។

គួររំលឹកថា ខេត្តកំពង់ឆ្នាំង ត្រូវបានវិទ្យាស្ថានប៉ាស្ទ័ររកឃើញអ្នកមានវិជ្ជមានវីរុសកូវីដ-១៩ ចំនួន៣នាក់ ដែលពួកគាត់ទើបវិលត្រឡប់ពីប្រទេសម៉ាឡេស៊ីវិញ កាលពីថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២០។ ក្រោយពេលពិនិត្យឃើញហើយ គណៈកម្មាការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង បានយកពួកគាត់ទៅដាក់ដាច់ដោយឡែកនៅក្នុងមន្ទីរពេទ្យបង្អែកស្រុកកំពង់ត្រឡាច និងបានពិនិត្យព្យាបាលពួកគាត់យ៉ាងយកចិត្តទុកដាក់ ដែលមកដល់ ពេលនេះពួកគាត់មានអាការៈធូរស្បើយច្រើនផងដែរ៕ ដោយ៖ សុក្ខារិន