ប្រធានក្រុមការងារចុះជួយឃុំកំពង់ហៅ ចុះផ្សព្វផ្សាយ និងផ្តល់សម្ភារជូនដល់ក្រុមការងារឃុំកំពង់ហៅ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩

(កំពង់ឆ្នាំង)៖ នៅព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០នេះ លោក កែ ពៅ ទីប្រឹក្សាក្រសួងសាធារណការ និងដឹកជញ្ជូន និងប្រធានក្រុមការងារចុះជួយឃុំកំពង់ហៅ បានចុះផ្សព្វផ្សាយ និងផ្តល់សម្ភារជូនដល់ក្រុមការងារឃុំកំពង់ហៅ និងជំរុញដល់ក្រុមការងារឃុំ-ភូមិ ដើម្បីចុះធ្វើការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋក្នុងឃុំកំពង់ហៅ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ដើម្បីប្រយុទ្ធប្រឆាំង និងការពារកុំឲ្យមានការរីករាលដាលជំងឺកូវីដ-១៩ (Covid-19)។

នៅក្នុងឱកាសនោះ លោកបានផ្តល់សម្ភារជូនដល់ឃុំ និងភូមិ ក្នុងឃុំកំពង់ហៅ រួមមាន៖ ម៉ាស់២ប្រអប់ ស្រោមដៃ១ប្រអប់ សាប៊ូលាងដៃ១ដប អាកុល១ដប អាគុយ៧០អំពែសម្រាប់មេក្រូ១គ្រឿង ផ្តល់ជូនសម្រាប់ក្នុង១ភូមិ សរុបថវិកា ៤.៥៧២.០០០រៀល និងបានផ្តាំផ្ញើ និងជាវិធានការទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩ សូមបងប្អូនចូលរួមសហការទាំងអស់គ្នា ដើម្បីខ្លួនយើង ដើម្បីក្រុមគ្រួសារយើង និងដើម្បីសង្គមជាតិយើង។ លោកបានជំរុញដល់អាជ្ញាធរ ឃុំ ភូមិ ត្រូវផ្សព្វផ្សាយពីវិធីការពារ និងអនាម័យជូនដល់ប្រជាពលរដ្ឋឲ្យចេះអនាម័យ លាងដៃ និងសាប៊ូ ឬអាល់កុល ហូបម្ហូប បន្លែឆ្អិនល្អ។ ពលករចំណាកស្រុកទើបមកពីបរទេស សូមស្នាក់នៅរយៈពេល១៤ថ្ងៃសិន កុំអាលរស់នៅជាមួយឪពុកម្ដាយ បងប្អូន ហើយបើមានសុខភាពមិនល្អ ឬប្លែកខុសពីធម្មតា សូមប្រញាប់ទៅមណ្ឌលសុខភាពដែលនៅជិតលោកអ្នកបំផុត៕ ដោយ៖ សុក្ខារិន