សមត្ថកិច្ចឃាត់ខ្លួនជនជាតិចិនជិត២០០នាក់ មកដាក់នៅសាលាក្រុងបាវិត ដើម្បីធ្វើចត្តាឡីស័ក

(ស្វាយរៀង)៖ មានជនជាតិចិនជិត២០០នាក់ បានធ្វើដំណើរតាមរថយន្តក្រុងមកចុះនៅចំណុចខាងមុខសណ្ឋាគារ និងកាស៊ីណូជិតច្រកទ្វាព្រំដែនអន្តរជាតិបាវិត កាលពីយប់ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០ នៅក្រុងបាវិត ធ្វើឲ្យមានការភ្ញាក់ផ្អើលដល់មហាជន ក្រុមសមត្ថកិច្ចនគបាលក្រុងបាវិតសហការជាមួយកងរាជអាវុធហត្ថក្រុងបាវិត និងនគបាលអន្តោប្រវេសន្ត៍ច្រកទ្វារព្រំដដែនអន្តរជាតិបាវិត អាជ្ញាធរក្រុងបាវិត បានឃាត់ខ្លួន និងអញ្ជើញជនជាតិចិនទាំង២០០នាក់ មកដាក់នៅសាលាក្រុងបាវិត អធិការដ្ឋាននគបាលក្រុងបាវិត និងអគារកងរាជអាវុធហត្ថក្រុងបាវិត ដើម្បីគ្រប់គ្រង និងធ្វើចត្តាឡីស័ក។

ទាក់ទិនករណីខាលលើនេះ លោក លឹម សៀងហេង អភិបាលក្រុងបាវិត បានប្រាប់ក្រុមអ្នកសារព័ត៌មានដឹងថា នៅយប់ថ្ងៃ២៤ ខែមីនា ឆ្នាំ២០២០ គឺមានជនជាតិចិនប្រមាណ២០០នាក់ បានធ្វើដំណើរពីទិសខាងលិចតាមផ្លូវជាតិលេខ១ មកចុះនៅមុខសណ្ឋាគារ និងកាស៊ីណូក្នុងក្រុងបាវិត ហើយគោលបំណងចូលស្នាក់នៅក្នុងសណ្ឋាគារ និងតាមកាស៊ីណូ ក៏ប៉ុន្តែម្ចាស់សណ្ឋាគារ និងកាស៊ីណូមិនអនុញ្ញាត ហើយបានរាយការណ៍មកជូនអាជ្ញាធរ និងសមត្ថកិច្ចទើបលោកសហការជាមួយនគរបាលអន្តោប្រវេសន៍ ស្នងការនគរបាលខេត្ត នគរបាលអន្តោប្រវេសន្ត៍ច្រកទ្វារព្រំដែនអន្តរជាតិបាវិត នគរបាលក្រុងបាវិត និងកងរាជអាវុធហត្ថក្រុងខេត្ត ចុះទៅឃាត់ និងបញ្ជូនជនជាតិចិនទាំង២០០នាក់ មកដាក់ឲ្យស្នាក់នៅក្នុងសាលាក្រុងបាវិត នៅអធិការដ្ឋាននគបាលក្រុងបាវិត និងអាគារកងរាជអាវុធហត្ថក្រុងបាវិត ដើម្បីគ្រប់គ្រង និងសាកសួរ។ លោកអភិបាលក្រុងបន្តទៀតថា នៅព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០នេះ សមត្ថកិច្ចនគរបាលអន្តោប្រវេសន៍ ស្នងការដ្ឋាននគរបាលខេត្ត បានសហការជាមួយនគរបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិ សាកសួរ និងឲ្យមន្ត្រីសុខាភិបាលពិនិត្យ និងធ្វើចត្តាឡីស័ករហូតដល់ម៉ោង១១និង៣០នាទីព្រឹកនេះ ពុំទាន់រកឃើញមានមុខសញ្ញាគួរឲ្យសង្ស័យករណីវីរុសកូវីដ១៩នោះទេ។

ចំពោះលទ្ធផលយ៉ាងណានោះ យើងមិនទាន់ទទួលបានជាផ្លូវការនោះទេ ដោយសមត្ថកិច្ចមិនអនុញ្ញាតឲ្យចូលសម្ភាស៍ ឬថតផ្តិតយករូបភាពជនជាតិចិន ឬសមត្ថកិច្ចនៅខាងក្នុងអគារសាលាក្រុង និងទីតាំងទាំងបីនោះទេ ដោយដាក់ខ្សែព័ទ្ធជុំវិញបរិវេណទីតាំងទាំងបីចម្ងាយ៣០ម៉ែត្រពីរបង៕ ដោយ៖ Thrara Thea