ពលករកម្ពុជា ដែលធ្វើការនៅប្រទេសថៃ បន្តឆ្លងព្រំដែនក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ខណៈអាជ្ញាធរខេត្តដាក់គ្រូពេទ្យប្រចាំការត្រួតពិនិត្យ បង្ការការរីករាលដាលជំងឺកូវីដ១៩

(ប៉ៃលិន)៖ ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ ដោយសារស្ថានភាពរីករាលដាលនៃវីរុសកូវីត-១៩ បានបង្ខំឲ្យពលករខ្មែរដែលធ្វើការនៅខេត្តចាន់បុរី ប្រទេសថៃប្រមាណជាង១០០នាក់ បានវិលត្រឡប់មកកាន់ស្រុកកំណើតវិញ តាមព្រំដែនក្នុងភូមិសាស្ត្រខេត្តប៉ៃលិន គ្រាដែលច្រកទ្វារព្រំដែនអន្តរជាតិព្រំខេត្តប៉ៃលិន និងច្រកសំខាន់ៗផ្សេងទៀតជាប់ព្រំដែនថៃ ត្រូវបានបិទមិនឱ្យចេញចូលទៅមកបានឡើយ។

បើតាមការរៀបរាប់របស់ពលករខ្មែរដែលឆ្លងដែនមក ប្រាប់ភ្នាក់ងារ SKY RADIO KH ដឹងថា នៅក្នុងប្រទេសថៃ ពួកគាត់មានការព្រួយបារម្ភជាខ្លាំង ចំពោះជំងឺកូវីដ-១៩ ផង រួមទាំងអត់ការងារធ្វើផងនោះ បានបង្ខំឲ្យពួកគាត់សម្រេចចិត្តវិលត្រឡប់មកកាន់ស្រុកកំណើតវិញ ហើយដោយច្រកទ្វារព្រំដែនត្រូវបានបិទ ដូច្នេះពួកគាត់ខ្លះ ក៏ត្រូវបង្ខំចិត្តត្រឡប់មកកាន់ប្រទេសកម្ពុជាវិញ ដើម្បីជួបជុំក្រុមគ្រួសារ។

ជាក់ស្តែង នៅថ្ងៃនេះ លោក ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន ក៏បានជួបពិភាក្សាជាមួយភាគីថៃដោយអនុញ្ញាត ឱ្យពលករប្រមាណជាង១០០នាក់ ទើបបើកច្រកឱ្យចេញម្តង ដើម្បីវិលត្រឡប់ទៅកាន់ស្រុកកំណើតរៀងៗខ្លួនវិញ។ លោកអភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍ឱ្យដឹងថា ពលករខ្មែរដែលឆ្លងដែនត្រលប់មកវិញនេះ អាជ្ញាធរមិនបានអនុវត្តន៍ដាក់ឲ្យនៅដាច់ឡែកនោះទេ ដោយគ្រាន់តែកំណត់អត្តសញ្ញាណ ការស្រង់ទិន្នន័យលំនៅដ្ឋានពិតប្រាកដ ត្រូវត្រឡប់ទៅវិញងាយស្រួលការការពារ និងតាមដានព័ត៌មានផ្សេងៗ ការពិនិត្យឆែកកំដៅ និងពិនិត្យសុខភាពយ៉ាងតឹងរ៉ឹង និងលាងសំអាតដៃ និងដងខ្លួនដោយសារធាតុសម្លាប់មេរោគពីក្រុមមន្ត្រីសុខាភិបាលខេត្ត រួចហើយទើបអនុញ្ញាតឲ្យពួកគាត់វិលត្រឡប់ទៅកាន់លំនៅដ្ឋានរៀងៗខ្លួនវិញជាធម្មតា។យោងតាមរបាយការណ៍របស់នគរបាលអន្តោប្រវេសន៍ប្រចាំការនៅច្រកទ្វារអន្តរជាតិព្រំបានឱ្យដឹងថា ពលករកម្ពុជាដែលឆ្លងព្រំដែនមកពីប្រទេសថៃ ក្នុងភូមិសាស្ត្រខេត្តប៉ៃលិន គិតចាប់តាមពីម៉ោង០៨និង៣០នាទីព្រឹក ថ្ងៃទី២៥ ខែមីនា រហូតដល់ម៉ោង១២ថ្ងៃត្រង់ គឺមានចំនួនសរុប១០៣នាក់ (ស្រី៥១នាក់) ហើយលទ្ធផលពិនិត្យសុខភាពបឋម គឺអវិជ្ជមានទាំងអស់៕ ដោយ៖ សុខហៃ