សម្តេចតេជោ៖ សូមប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់អំពីសុខភាពផ្ទាល់ខ្លួន និងក្នុងក្រុមគ្រួសារ

(ភ្នំពេញ)៖ សារជាផ្លូវការរបស់សម្តេចអគ្គមហាសេនាតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចកក្រកម្ពុជាថ្លែងពីវិមានសន្តិភាព នៅព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០នេះ គឺបានអំពាវនាវដល់ប្រពលរដ្ឋកម្ពុជាទូទាំងប្រទេសត្រូវចូលរួមទប់ស្កាត់ការរីករាលដាលជំងឺឆ្លងកូវីដ-១៩ (Covid-19) ទាំងអស់គ្នា គឺសូមបងប្អូនកុំចេញពីផ្ទះ បើគ្មានការចាំបាច់អ្វីមួយនោះទេ ព្រោះមេរោគកូវីដ-១៩ នេះគឺងាយឆ្លងពីមនុស្សម្នាក់ទៅម្នាក់បានយ៉ាងងាយ។ ពិតណាស់ការស្នាក់នៅផ្ទះ គឺយើងអាចការពារការឆ្លងរាលដាលជំងឺកូវីដ-១៩ បានផង និងចំណេញពេលវេលាផង ហើយចំណេញទាំងសាំងឡាន និងសាំងម៉ូតូផងដែរ។

ម៉្យាងវិញទៀត គឺបងប្អូនមានឱកាសច្រើនបានរស់នៅជួបជុំបង្កភាពសប្បាយរីករាយដល់ក្រុមគ្រួសារផងដែរ។ ចំពោះពិធីសែន ឆេង ម៉េង នៅពេលខាងមុខនេះ ក៏យើងអាចធ្វើពីផ្ទះបាន។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីបានបញ្ជាក់ផងដែរថា វិធានការខាងលើ គឺដើម្បីទប់ស្កាត់ការឆ្លងមេរោគកូវីដ-១៩ ពីមនុស្សម្នាក់ទៅមនុស្សម្នាក់បាន។ ប៉ុន្តែរាជរដ្ឋាភិបាលកម្ពុជា មិនបានហាមឃាត់ មិនឲ្យប្រជាជពលរដ្ឋកម្ពុជាធ្វើដំណើរ ហើយក៏មិនបានហាមឃាត់មិនឲ្យប្រជាពលរដ្ឋយើងធ្វើពិធីសែនឆេង ម៉េងនោះដែរ៕