ចំនួនអ្នកស្លាប់នៅអ៊ីតាលីកើនឡើងវិញ ប៉ុន្តែវេជ្ជសាស្ត្រមើលឃើញក្តីសង្ឃឹម

(អន្តរជាតិ)៖ ចំនួនអ្នកស្លាប់ប្រចាំថ្ងៃ ដោយសារ COVID-19 នៅប្រទេសអ៊ីតាលីបានកើនឡើងវិញនៅថ្ងៃអង្គារនេះ ប៉ុន្តែមានភស្តុតាងជាច្រើន បានបង្ហាញថា អត្រាឆ្លងវីរុសនេះកំពុងថយចុះ ដោយសារការចាក់សោរថ្នាក់ជាតិ។មន្ត្រីសុខាភិបាលនៅទូទាំងប្រទេសអ៊ីតាលី កំពុងចាក់ចេញនូវទិន្នន័យទាំងអស់ ដើម្បីពិនិត្យមើលថា តើការហាមឃាត់ និងការបិទរយៈពេល២សប្តាហ៍ បានធ្វើឱ្យមានវិបត្តិយ៉ាងដូចម្តេច។ការរឹតត្បិតខ្លាំងបំផុត ត្រូវផុតកំណត់នៅល្ងាចថ្ងៃពុធ ប៉ុន្តែរដ្ឋាភិបាលប្រាកដណាស់នឹងពន្យារពេលក្នុងទម្រង់ខ្លះ សម្រាប់សប្តាហ៍ ឬ ខែ។ចំនួនអ្នកស្លាប់ថ្មី ៧៤៣ នាក់របស់ប្រទេសអ៊ីតាលី បានបំបែកកំណត់ត្រា ពីរថ្ងៃនៃការធ្លាក់ចុះជាបន្តបន្ទាប់ដែលបានធ្វើឱ្យចំនួននេះ ធ្លាក់ចុះដល់ ៦០១ កាលពីថ្ងៃចន្ទ។វាបានបង្កើតកំណត់ត្រាពិភពលោកនៃអ្នកស្លាប់៧៩៣នាក់ កាលពីថ្ងៃសៅរ៍។

ប្រធានសេវាការពារស៊ីវិលលោក Angelo Borrelliបានប្រាប់កាសែតប្រចាំថ្ងៃ La Repubblica ថា “វិធានការដែលយើងបានអនុវត្តកាលពី២សប្តាហ៍មុន កំពុងចាប់ផ្តើមមានប្រសិទ្ធភាព។អត្រានៃការរីករាលដាលយឺតៗ កំពុងផ្តល់នូវក្តីសង្ឃឹមនៅចំកណ្តាលនៃវិបត្តិពិភពលោកដែលកំពុងរីករាលដាលយ៉ាងខ្លាំង នៅផ្នែកខ្លះនៃទ្វីបអឺរ៉ុប និងសហរដ្ឋអាម៉េរិក។អ្នកវិទ្យាសាស្ត្រជឿជាក់ថាប្រទេសមួយចំនួន ដូចជា អេស្ប៉ាញ និងបារាំង កំពុងដើរតាមគន្លងរបស់ប្រទេសអ៊ីតាលី ដែលមានភាពយឺតយ៉ាវក្នុងរយៈពេល ពីរ បីសប្តាហ៍។ចំនួននៅសហរដ្ឋអាម៉េរិក ក៏ប្រហាក់ប្រហែលនឹងតួលេខរបស់អ៊ីតាលីកាលពី ២០ ថ្ងៃមុនដែរ។

បណ្តាប្រទេសអឺរ៉ុបភាគច្រើន និងរដ្ឋខ្លះនៃសហរដ្ឋអាម៉េរិក បានយកគំរូតាមប្រទេសអ៊ីតាលី និងបានដាក់វិធានការទប់ស្កាត់ និងការដាក់ឲ្យនៅឃ្លាតឆ្ងាយពីសង្គម ដែលត្រូវបានរចនាឡើងដើម្បីបញ្ឈប់ការរីករាលដាល។ ប៉ុន្តែអត្រានៃការឆ្លងថ្មីដែលត្រូវបានចុះបញ្ជីជាផ្លូវការ មានត្រឹមតែ ៨ភាគរយប៉ុណ្ណោះ ពោលគឺដូចគ្នានឹងថ្ងៃច័ន្ទ និងជាកម្រិតទាបបំផុតចាប់តាំងពីប្រទេសអ៊ីតាលី បានចុះឈ្មោះមរណភាពដំបូង នៅថ្ងៃទី២១ ខែកុម្ភៈ ។ គិតមកដល់ថ្ងៃទី២៥ ខែមីនានេះ នៅទូទាំងពិភពលោកមានអ្នកឆ្លងវីរុសកូរ៉ូណា ចំនួន ៤២២ ៥៦៦ ករណី មានអ្នកស្លាប់ចំនួន ១៨ ៨៨៧ នាក់ ឯអ្នកបានជាសះស្បើយចំនួន ១០៨ ៣៨៨ នាក់ ។ នៅប្រទេសចិន មានអ្នកឆ្លងសរុប ៨១ ២១៨ ករណី ស្លាប់ ចំនួន ៣​ ២៨១នាក់ ជាសះស្បើយ ចំនួន ៧៣ ១៥៩នាក់ ។ អ៊ីតាលី មានអ្នកឆ្លង ៦៩ ១៧៦ករណី ស្លាប់ចំនួន ៦ ៨២០នាក់ កើនឡើងជាង ២ដងនៃប្រទេសចិន ហើយព្យាបាលជាសះស្បើយ ៨ ៣២៦នាក់ ។ អាមេរិកឈរលេខ៣ ដោយមានអ្នកឆ្លង ៥៤ ៨០៨ ករណី ស្លាប់ចំនួន ៧៧៥នាក់ និងជាសះស្បើយ ៣៧៨នាក់ ។ ប្រទេសអេស៉្បាញ ឈរលេខ២ នៅអឺរ៉ុប ដោយមានអ្នកឆ្លង ៤២ ០៥៨ករណី ស្លាប់ចំនួន ២ ៩៩១នាក់ និងជាសះស្បើយ ៣ ៧៩៤នាក់ ។ អាល្លឺម៉ង់ អ៊ីរ៉ង់ និងបារាំង ឈរនៅលំដាប់ជាបន្តបន្ទាប់ក្នុងពិភពលោក ដែលមាន ១៩៧ ប្រទេស និងដែនដី ដែលកំពុងរងផលប៉ះពាល់ពីវីរុសកូរ៉ូណាថ្មី៕ (AFP)