ឥណ្ឌូនេស៊ីលុបចោលការប្រឡងថ្នាក់ជាតិ បារម្ភខ្លាចប៉ះពាល់ដល់និស្សិតជាង៨លាននាក់

(អន្តរជាតិ)៖ រដ្ឋមន្រ្តីអប់រំលោក Nadiem Makarim បាននិយាយកាលពីថ្ងៃអង្គារថា ប្រទេសឥណ្ឌូនេស៊ីបានលុបចោលការប្រឡងថ្នាក់ជាតិ នាពេលខាងមុខ ជុំវិញការព្រួយបារម្ភអំពីការរីករាលដាលនៃមេរោគឆ្លង ដែលនឹងប៉ះពាល់ដល់សិស្សវិទ្យាល័យ ជាង ៨ លាននាក់ ។ការសម្រេចចិត្តនេះបានកើតឡើង នៅពេលដែលប្រទេសនៅអាស៊ីអាគ្នេយ៍មួយនេះ បានប្រកាសអំពីការកើនឡើងនូវករណីឆ្លងវីរុសកូរ៉ូណាប្រចាំថ្ងៃ ដែលធ្វើឱ្យចំនួនអ្នកឆ្លងសរុប មានចំនួន ៦៨៦ នាក់ ដោយមានអ្នកស្លាប់ចំនួន ៥៥ នាក់។

លោក Makarim បាននិយាយតាមទូរទស្សន៍ថា “អ្វីដែលសំខាន់បំផុត គឺសុវត្ថិភាព និងសុខភាពរបស់សិស្ស និងក្រុមគ្រួសារ និងជីដូនជីតារបស់ពួកគេ” ។ ការប្រឡងថ្នាក់ជាតិនឹងត្រូវធ្វើឡើងជាពីរដំណាក់កាល ដោយចាប់ផ្តើមនៅថ្ងៃទី៣០ ខែមីនា និងថ្ងៃទី២០ ខែមេសា ។ លោក Makarim បាននិយាយថា ការប្រលងធ្វើឡើងដោយសាលានីមួយៗ ដែលដាច់ដោយឡែកពីការប្រឡងថ្នាក់ជាតិ អាចធ្វើឡើងតាមប្រព័ន្ធអ៊ីនធឺណេត ។ ខេត្តមួយចំនួននៅឥណ្ឌូនេស៊ី បានបិទសាលារៀនរួចទៅហើយ ដោយសារតែការឆ្លងវីរុស រួមមាន ទាំងកោះជ្វាខាងលិចជាខេត្តមានប្រជាជនច្រើនបំផុតរបស់ប្រទេស ជិត ៥០ លាននាក់ និងទីក្រុងចាការតាដែលបានប្រកាសអាសន្ននៅក្នុងរដ្ឋធានី។

ប្រទេសនៅអាស៊ានទាំង ១០ សុទ្ធតែមានការឆ្លងនៃមេរោគកូវីដ១៩ ទាំងអស់។ ម៉ាឡេស៊ីឆ្លងមាន ១ ៦២៤ករណី ស្លាប់ចំនួន ១៦នាក់ ។ ប្រទេសថៃមាន ៨២៧ករណី និងស្លាប់ចំនួន ៤នាក់ ។ ឥណ្ឌូនេស៊ីមានអ្នកឆ្លង ៦៨៦ករណី អ្នកស្លាប់ចំនួន ៥៥នាក់ សិង្ហបុរីមានអ្នកឆ្លង ៥៥៨ករណី ស្លាប់ ២នាក់ ហ្វីលីពីនឆ្លងចំនួន ៥៥២ករណី ស្លាប់ចំនួន ៣៥នាក់ ។ វៀតណាមមានអ្នកឆ្លង ១៣៤ករណី គ្មានអ្នកស្លាប់ ។ ប្រ៊ុយណេមាន ១០៤ករណី ស្លាប់គ្មាន ឯនៅកម្ពុជា មាន ៩៣ករណី គ្មានអ្នកស្លាប់ ។ សហភាពមីយ៉ាន់ម៉ា មាន ៣ករណី គ្មានអ្នកស្លាប់ និងប្រទេសឡាវ មាន ២ករណី គ្មានអ្នកស្លាប់៕ (Reuters)