កូរ៉េខាងត្បូង រាយការណ៍១០០ករណីថ្មី រឹតបន្តឹងការត្រួតពិនិត្យតាមព្រំដែនសម្រាប់អ្នកដំណើរអាម៉េរិក

(អន្តរជាតិ)៖ ប្រទេសកូរ៉េខាងត្បូងរាយការណ៍ពីករណីឆ្លងវីរុសថ្មី ចំនួន ១០០ ករណី កាលពីថ្ងៃពុធ ទី២៥ ខែមីនា ដែលនាំឱ្យមានការឆ្លងសរុបដល់ ៩ ១៣៧ នាក់ ។ចំនួនអ្នកស្លាប់បានកើនឡើង ដល់ ១២៦ នាក់ ។ប្រទេសកូរ៉េខាងត្បូង បានរឹតបន្តឹងការត្រួតពិនិត្យតាមព្រំដែន សម្រាប់អ្នកធ្វើដំណើរពីសហរដ្ឋអាមេរិក ដោយសារក្តីបារម្ភកើនឡើងចំពោះករណីឆ្លងវីរុសដែលបាននាំចូល ទោះបីជាមានការធ្លាក់ចុះនៃការឆ្លងជំងឺក្នុងស្រុកក៏ដោយ។

កាលពីថ្ងៃអង្គារ កូរ៉េខាងត្បូងបានបង្កើនកញ្ចប់ជំនួយសង្គ្រោះសេដ្ឋកិច្ច ដែលបានគ្រោងទុកដល់ ១០០ ទ្រីលានវ៉ុន (៨០ ពាន់លានដុល្លារ) ដើម្បីជួយសង្គ្រោះក្រុមហ៊ុនដែលរងគ្រោះដោយវីរុសនេះ ។ លោកប្រធានាធិបតី Moon Jae-in បាននិយាយនៅក្នុងកិច្ចប្រជុំសេដ្ឋកិច្ចថា កញ្ចប់ថវិកានេះ រួមមាន ប្រាក់កម្ចីចំនួន ២៩,១ ទ្រីលានវ៉ុន ដល់ក្រុមហ៊ុនខ្នាតតូច និងមធ្យម ចំណែក ២០ ទ្រីលានវ៉ុនទៀត នឹងត្រូវប្រើដើម្បីទិញមូលបត្របំណុលក្រុមហ៊ុន និងប័ណ្ណពាណិជ្ជកម្មរបស់ក្រុមហ៊ុន ដែលប្រឈមនឹងវិបត្តិឥណទាន។

កាលពីថ្ងៃពុធ ប្រទេសកូរ៉េខាងត្បូងបាននិយាយថា ខ្លួននឹងបន្ធូរបន្ថយបន្ថែមទៀត នូវវិធានលំហូរមូលធនជាបណ្តោះអាសន្ន ដើម្បីលើកទឹកចិត្តស្ថាប័នហិរញ្ញវត្ថុក្នុងស្រុក ដើម្បីផ្គត់ផ្គង់ប្រាក់ដុល្លារបន្ថែមទៀត ។ បច្ចុប្បន្ននេះ រដ្ឋាភិបាលស្នើសុំឱ្យធនាគារក្នុងស្រុក បំពេញតាមសមាមាត្រនៃសាច់ប្រាក់ងាយស្រួល ក្នុងអត្រាប្តូរប្រាក់ ៨០ ភាគរយ មានន័យថា ចំនួនទ្រព្យសម្បត្តិដែលងាយស្រួលលក់ ត្រូវមានយ៉ាងហោចណាស់ ៨០ ភាគរយនៃលំហូរសាច់ប្រាក់ ដែលរំពឹងទុករបស់ខ្លួន នៅពេលមានភាពតានតឹង ។ ប្រទេសនៅអាស៊ីដែលរងផលប៉ះពាល់ធ្ងន់ធ្ងរជាងគេ ដោយសារកូវីដ ១៩ រួមមាន ចិនមានករណី ៨១ ២១៨ និងស្លាប់ចំនួន ៣ ២៨១នាក់ អ៊ីរ៉ង់មានករណី ២៤ ៨១១ និងស្លាប់ ១ ៩៣៤នាក់ កូរ៉េខាងត្បូង ៩ ១៣៧ករណី និងស្លាប់ ១២៦នាក់ អូស្រ្តាលី ២ ៣១៧ករណី និងស្លាប់ ៨នាក់ ៕ (CNA)