សម្ដេចតេជោ​ ហ៊ុន​ សែន​ ៖​ ឱសថស្ថានដែល​លក់ម៉ាសសង្កត់កពលរដ្ឋថ្លៃហួសហេតុ​ប្រឈម​នឹងការបិទអាជីវកម្ម

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃពុធ ទី២៥ ខែ មីនា ឆ្នាំ២០២០ ក្នុងពិធីសំណេះសំណាលជាមួយយុវគ្រូពេទ្យស្ម័គ្រចិត្តចំនួន ៤២២នាក់ នៅវិមានសន្តិភាព មុនចេញហ្វឹកហ្វឺន និងបំពេញបេសកកម្មជាមួយក្រសួងសុខាភិបាល ដើម្បីប្រយុទ្ធប្រឆាំងទប់ស្កាត់ជំងឺកូវីឌ-១៩ (COVID-19) សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានជម្រាបជូនជាសាធារណៈថា សម្តេចកំពុងសិក្សាលើ​វិធានការច្បាប់ដើម្បីដាក់បទបញ្ជារឹបអូស​ម៉ាស់ដែលកំពុងលក់ក្នុងតម្លៃថ្លៃខ្ពស់ហួសហេតុសង្កត់កប្រជាពលរដ្ឋនៅតាម​ទីផ្សារ និងឱសថស្ថានមួយចំនួន ហេីយឈានទៅបិទឱសថស្ថានទាំងនោះលែងឲ្យដំណើរការរកស៊ីអស់មួយជីវិត។

វិធានការដ៏តឹងរឹងនេះ គឺដើម្បីកុំអោយឱសថស្ថានទាំងនោះដំឡើងថ្លៃម៉ាស់លក់សង្កត់កពលរដ្ឋតទៅទៀតជាពិសេស​នៅក្នុងស្ថានភាពដែលប្រទេសជាតិកំពុងប្រយុទ្ឋប្រឆាំងនឹងទប់ស្កាត់ជំងឺឆ្លងកូវីឌ-១៩៕ សម្រួល៖ យុទ្ធ