អាវុធហត្ថខេត្តស្វាយរៀង បញ្ជូនជនសង្ស័យ២នាក់ទៅតុលាការ ករណីជួញដូរគ្រឿងញៀន

(ស្វាយរៀង)៖ នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០ សមកិច្ចជំនាញនៃការិយាល័យបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថខេត្តស្វាយរៀង បានបញ្ជូនជនសង្ស័យ២នាក់ ទៅតុលាការដើម្បីផ្ដន្ទាទោសតាមច្បាប់ ពាក់ព័ន្ធករណីរក្សាទុក ឬជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។

យោងតាមសមត្ថកិច្ចបានឲ្យដឹងថា នៅវេលាម៉ោង០០:២០ថ្ងៃទី២៤ ខែមីនា ២០២០ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងបាវិត ដឹកនាំដោយលោកវរសេនីយ៍ទោ ខាំ ណាន មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងបាវិត បានចុះបង្ក្រាបករណីរក្សាទុក ឬជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ស្ថិតនៅភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងក្រុងបាវិត ខេត្តស្វាយរៀង ដោយឃាត់ខ្លួនជនសង្ស័យឈ្មោះ រស់ គឹមសាង ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅភូមិបាវិតលើ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។ ក្នុងនោះសមត្ថកិច្ចរឹបអូសបានវត្ថុតាងរួមមាន៖ ម្ស៉ៅក្រាមពណ៌សថ្លាចំនួន០២កញ្ចប់តូច ទូរសព្ទដៃចំនួន០២គ្រឿង អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរចំនួន០៣សន្លឹក ប័ណ្ណសមាជិកប.ស.ស.ចំនួន០១សន្លឹក ប្រាក់រៀលចំនួន២០,០០០រៀល ប្រាក់ដុល្លារចំនួន១០ដុល្លារ ប្រាក់ដុងចំនួន២០០,០០០ដុង និងសម្ភារប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀត។

សមត្ថកិច្ចឲ្យដឹងទៀតថា នៅវេលាម៉ោង១២:២០ ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងបាវិត បានឃាត់ខ្លួនជនសង្ស័យម្នាក់ទៀតឈ្មោះ នួន ថុនា ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិវៀតណាម រស់នៅភូមិប្រាសាទ ឃុំពោធិ៍រាជ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ ប្រភពបានបន្តទៀតថា ដោយមានការអនុញ្ញាតពីលោក ខាំ សុផារី ព្រះរាជអាជអាជ្ញាអមសាលាដំបូងខេត្ត បានអនុញ្ញាតឱ្យមន្រ្តីនគរបាលយុត្តិធម៌ កងរាជអាវុធហត្ថ ធ្វើការឆែកឆេរបន្ទប់ជួលលេខ១០ ស្ថិតនៅភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។ សមត្ថកិច្ចរឹបអូសវត្ថុតាងបានរួមមាន៖ ម្ស៉ៅក្រាមពណ៌សថ្លាចំនួន០២កញ្ចប់ធំ ដាវសាំរ៉ៃចំនួន០២ដើម ទូរសព្ទចំនួន០១គ្រឿង ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀនចំនួន០១គ្រឿង និងសម្ភារប្រើប្រាស់គ្រឿងញៀនមួយចំនួន៕ ដោយ៖ Thrara Thea