បន្លែ ត្រីសាច់ គ្មានសារធាតុគីមី ត្រូវបានអតិថិជនចូលមកទិញច្រើនឡើងៗ ខណៈដែលប្រជាពលរដ្ឋកំពុងថែរក្សាសុខភាព ប្រឆាំងនឹងការឆ្លងរាលដាលជំងឺកូវីដ១៩

(កំពង់ឆ្នាំង)៖ ស្របតាមទីផ្សារមួយចំនួន មិនមានអាជីវករលក់ដូរ ដោយសារតែមានការភ័យខ្លាចចំពោះការរីករាលដាលនៃការឆ្លងជំងឺកូវីដ (COVid-19) នៅព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០នេះ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទខេត្តកំពង់ឆ្នាំង លោក ហិនហ៊ុន បានបញ្ជាក់ថា តម្លៃផលិតផលកសិកម្មគ្មានសាធារតុគីមី (ផលិតផលសុវត្ថិភាព) ដែលតាំងលក់នៅក្នុងផ្សារសហគមន៍កសិកម្ម មិនមានការលក់ដំឡើងថ្លៃ ឬក៏ កេងចំណេញពីបងប្អូនប្រជាពលរដ្ឋនោះទេ ខណៈអាជីវករមួយចំនួន បានបិទទ្វារឈប់លក់ ដោយសារតែការភ័យខ្លាចនូវការឆ្លងរាលដាលនៃជំងឺកូវីដ១៩ (Covid-19) ត្រឹមតែរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ។

ប្រធានមន្ទីរកសិកម្មខេត្តកំពង់ឆ្នាំង បានឲ្យដឹងទៀតថា នៅតាមទីផ្សារមួយចំនួន អាជីវករបានឆ្លៀតលក់ដំឡើងថ្លៃទំនិញ ត្រីសាច់បន្លែ និងកសិផលផ្សេងៗទៀត ប៉ុន្តែចំពោះផ្សារសហគមន៍កសិកម្ម ក្រោមការផ្តួចផ្តើមបង្កើតឡើងដោយ អភិបាលខេត្តកំពង់ឆ្នាំង លោកបានយកចិត្តទុកដាក់ ឲ្យសមាជិកសហគមន៍កសិកម្មក្នុងខេត្តកំពង់ឆ្នាំងទាំងអស់ កុំប្រើប្រាស់សារធាតុគីមីទៅលើបន្លែ ត្រីសាច់ ឬផលិតផលកសិកម្មឲ្យសោះ ព្រោះវាប្រឈមទៅនឹងសុខមាលភាពរបស់បងប្អូនប្រជាពលរដ្ឋ។

ដោយឡែកតម្លៃកសិផល ក៏ដូចជាផលិតផលកសិកម្ម (សុវត្ថិភាព) គ្មានសារធាតុគីមីលក់ក្នុងផ្សារសហគមន៍ គឺមិនមានការដំឡើងថ្លៃនោះទេ ព្រោះមន្ទីរកសិកម្ម អាជ្ញាធរខេត្ត សហការជាមួយសហគមន៍កសិកម្មនៅក្នុងខេត្តបានលក់តម្លៃធម្មតា ព្រោះការរក្សាតម្លៃឲ្យនៅថេរ គឺជាសកម្មភាពជួយដល់ជីវភាពប្រជាពលរដ្ឋនៅក្នុងពេលជំងឺរាតត្បាតជាសកលនេះ កំពុងវាយលុកធ្វើឲ្យសេដ្ឋកិច្ចពិភពលោកមានការវឹកវរ។ លោកបន្តឲ្យដឹងទៀតថា ក្នុងនោះមន្ទីរកសិកម្ម លោកបានជំរុញឲ្យប្រជាកសិករនៅតាមបណ្តាសហគមន៍កសិកម្មទាំងអស់ ត្រូវតែខិតខំដាំដុះបន្លែ ចិញ្ចឹមសត្វមាន់ ទា ជ្រូក គោ ត្រី ឲ្យបានច្រើនទ្វេដង ដើម្បីផ្គត់ផ្គង់តម្រូវការទីផ្សាររបស់អតិថិជន ប៉ុន្តែដាច់ខាតផលិតផលកសិកម្មទាំងអស់នោះ មិនឲ្យប្រើប្រាស់សារធាតុ ឬជីគីមីឡើយ។ ប្រសិនបើមន្ទីរកសិកម្មរកឃើញថា មានសហគមន៍ កសិកម្មណាមួយលួចប្រើ ប្រាស់សារធាតុគីមីនោះ មន្ទីរនឹងបញ្ឈប់សហគមន៍នោះភ្លាមតែម្តង ព្រោះសព្វថ្ងៃនេះ បងប្អូនអតិថិជនកំពុងទុកចិត្តមកលើផ្សារសហគមន៍នេះ ដោយនាំគ្នាសម្រុកមកទិញបន្លែ ត្រីសាច់ សុវត្ថិភាពយ៉ាងច្រើនផងដែរ។

ដោយសារតែប្រទេសយើងស្ថិតក្នុងការការពារសុខភាពពីជំងឺកូវីដ១៩ ទើបប្រជាពលរដ្ឋរឹតតែមានទំនុកចិត្តមកលើបន្លែត្រីសាច់ដែលលក់នៅក្នុងផ្សារសហគមន៍កសិកម្ម ដែលមានទីតាំងនៅភូមិទួលក្រឡាញ់ សង្កាត់កំពង់ឆ្នាំង ដោយអតិ ថិជនចូលទិញជាហូរហែមិនដាច់ ព្រោះថាពួកគាត់ម្នាក់ៗមានទំនុកចិត្តខ្ពស់មកលើទីផ្សាររបស់យើង ហើយផលិតផល (សុវត្ថិភាព) ដែលយកមកដាក់លក់នៅទីនេះ បងប្អូនពិសាទៅពិតជាមានសុខមាលភាពដល់ក្រុមគ្រួសារផងដែរ៕ ដោយ៖ សុក្ខារិន