ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ សម្របសម្រួលឲ្យមិត្តម៉ាឡេស៊ី បញ្ជូនយន្តហោះពិសេសមួយគ្រឿងមកទទួលជនជាតិគាត់ដែលជាប់នៅកម្ពុជា ចំនួន ១១១ នាក់

(ភ្នំពេញ)៖ យោងទៅតាមការផ្សាយចេញតាមបណ្តាញសង្គម ហ្វេសប៊ុក របស់រដ្ឋមន្ត្រីក្រសួងការបរទេស នារសៀលថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០នេះ បានឲ្យដឹងថា ម្សិលមិញនេះ មន្ត្រីរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ  បានសម្របសម្រួលឲ្យមិត្តម៉ាឡេស៊ីបញ្ជូនយន្តហោះពិសេសមួយគ្រឿងមកទទួលជនជាតិ របស់ខ្លួនដែលជាប់នៅកម្ពុជា ចំនួន ១១១ នាក់ ដោយសារតែការលុបគ្រប់ជើងហោះហើរទាំងអស់តាមបទបញ្ជារគ្រប់គ្រងការធ្វើដំណើររបស់រដ្ឋាភិបាលម៉ាឡេស៊ី ។

ជាមួយនេះ កម្ពុជាក៏បានសម្របសម្រួលឲ្យពលរដ្ឋចំនួន ៦នាក់ដែលជាប់នៅម៉ាឡេស៊ីបានធ្វើដំណើរតាមយន្តហោះពិសេសនេះត្រឡប់មកកម្ពុជាវិញដែរ។

តាមបណ្តាញសង្គមខាងលើ បានបញ្ជាក់ទៀតថា ដើម្បីធានាសុវត្ថិភាព ពលរដ្ឋទាំង៦នាក់នោះបានទៅធ្វើតេស្តនៅមន្ទីរពេទ្យចាក់អង្រែពេលមកដល់ភ្លាម។

សូមបញ្ជាក់ផងដែរថា រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី លោក Hishammudin Hussein ក៏បានទូរស័ព្ទមក លោក ប្រាក់ សុខុន ដើម្បី អរគុណយើងចំពោះការសម្រួលមាតុភូមនិវត្តន៍របស់ពលរដ្ឋគាត់ផង ហើយម៉្យាងក៏ឆ្លៀតឱកាសពិភាក្សាគ្នាអំពីការជួយគ្នាទៅវិញទៅមកក្នុងការប្រយុទ្ធប្រឆាំងវីរុស covid-19 ការរឹតចំណងទាក់ទងទ្វេភាគី និងកិច្ចសហការក្នុងក្របខណ្ឌអាស៊ានផង។

ជាការឆ្លើយប លោក ប្រាក់ សុខុន ដែលជាក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក៏បានជូនពរសារជាថ្មីជូនលោក Hussein ដែលបានឡើងកាន់តំណែងថ្មីនេះកាលពីថ្ងៃទី ៩ ខែមីនា កន្លងទៅ អរគុណគាត់ចំពោះការអនុញ្ញាតឲ្យពលករខ្មែរបានដោយសារយន្តហោះពិសេសរបស់គាត់ ហើយបញ្ជាក់ពីការតាំងចិត្តរបស់កម្ពុជាក្នុងការជំរុញទំនាក់ទំនងទ្វេភាគីនិងពហុភាគី៕ ដោយ៖ Micheal