សម្តេច ស ខេង បញ្ជាឲ្យមន្រ្តីតាមព្រំដែនទទួលពលរដ្ឋចូលស្រុកដោយទន់ភ្លន់ មានសីលធម៌ កុំគំរោះគំរើយ

(ភ្នំពេញ)៖ សម្តេចក្រឡោហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ពេលចុះបំពេញការងារនៅខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី២៦ ខែមីនានេះ បានបញ្ជាក់ឲ្យមន្រ្តីតាមព្រំដែនខ្មែរ-ថៃ ខិតខំបំពេញតួនាទីប្រកបដោយមានមនសិកាខ្ពស់ ក្នុងការទទួលបងប្អូនខ្មែរ ដែលត្រូវត្រឡប់ពីប្រទេសថៃចូលកម្ពុជាវិញ ដោយប្រកាន់សីលធម៌ថ្លៃថ្នូរទន់ភ្លន់ មិនប្រើពាក្យសម្ដីគំរោះគំរើយ ឬបង្កការលំបាកដល់ពួកគាត់ ពីព្រោះពួកគាត់ជួបការលំបាកហើយ ទើបបានជាសម្រេចចិត្តវិលមកប្រទេសកំណើតវិញ។

ក្នុងជំនួបសំណេះសំណាលជាកងកម្លំាងចម្រុះ ដែលឈរជើងតាមព្រំដែន សម្ដេចក្រឡាហោម ស ខេង បានគូសបញ្ជាក់ថាក្នុងពេលដែលកូវីដ១៩ កំពុងមានកើតមានមិនថា នៅប្រទេសកម្ពុជា និងជិតខាងនោះ មានពលរដ្ឋខ្មែរ ដែលប្រកបការងារនៅប្រទេសថៃ ប្រទេសឡាវ និងប្រទេសវៀតណាម បានវិលចូលស្រុកជាបន្តបន្ទាប់ ហើយកម្ពុជាគ្មានជម្រើសអ្វីក្រៅពីការរអនុញ្ញាតឲ្យពលរដ្ឋខ្លួនចូលស្រុកនោះទេ។ សម្តេចបានលើកឡើងថា ក្នុងពេលនេះ អាជ្ញាធរត្រូវទទួលពួកគាត់ឲ្យបានល្អ និងពិនិត្យសុខភាពពួកគាត់ឲ្យបានហ្មត់ចត់។ សម្ដេចបានបន្ថែមថាចំពោះពលរដ្ឋដែលបានវិលទៅដល់ភូមិកំណើតហើយនោះ អាជ្ញាធរភូមិឃុំ ត្រូវចុះស្រាវជ្រាវកំណត់អត្តសញ្ញាណពួកគាត់ និងបានស្នើសុំឲ្យពួកគាត់នៅនៅដោយឡែកពីគេ ដើម្បីតាមដានសុខភាព ធ្វើយ៉ាងណាកុំឲ្យមានការឆ្លង ជំងឺកូវីដ១៩ ទៅដល់សមាជិកក្រុមគ្រួសារនិងសហគមន៍។

ចំពោះកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងថៃ សម្តេចឧបនាយករដ្ឋមន្រ្តីថា គ្មានអ្វីប្រែប្រួលនោះឡើយ ពោលគឺអ្វីដែលបានកើតឡើងនេះ គឺដោយសារគ្រាអាសន្នប្រឈមនឹងជំងឺកូវីដ១៩ ដែលទាមទារឱ្យភាគីទាំងសងខាងមានការយោគយល់ឱ្យគ្នាទៅវិញទៅមក ដើម្បីធានាការពារផលប្រយោជន៍ប្រជាជន និងប្រទេសទាំងពីរ។ សម្ដេចរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានណែនាំឱ្យរដ្ឋបាលខេត្តបន្ទាយមានជ័យ បន្តទំនាក់ទំនងផ្លាស់ប្ដូរព័ត៌មានជាមួយភាគីថៃ ដើម្បីរួមគ្នាដោះស្រាយបញ្ហាប្រឈមថ្មីៗពាក់ព័ន្ធនឹងជំងឺកូវីដ១៩នេះ៕ ដោយ៖​ ណាវីន