អេស្ប៉ាញបានវ៉ាដាច់ប្រទេសចិន ដោយមានអ្នកស្លាប់ ៣.៤៣៤ នាក់ ពីវីរុស COVID-១៩

(អន្តរជាតិ)៖ ចំនួនអ្នកស្លាប់ ដោយសារវីរុស COVID-១៩ នៅអេស្ប៉ាញបានវ៉ាដាច់ប្រទេសចិន កាលពីថ្ងៃពុធ ទី២៥ ខែមីនា ដែលកើនឡើងដល់ ៣.៤៣៤ នាក់ បន្ទាប់ពីមនុស្ស ៧៣៨ នាក់ បានស្លាប់ ក្នុងរយៈពេល ២៤ ម៉ោង ក្នុងពេលប្រទេសចិនមានអ្នកស្លាប់សរុប ៣ ២៨៧ នាក់ ចុងក្រោយ ។ ក្រសួងសុខាភិបាល បាននិយាយថាចំនួនអ្នកស្លាប់កើនឡើងយ៉ាងគំហុក នៅពេលដែលប្រទេសអេស្ប៉ាញឈានចូលដល់ថ្ងៃទី១១ នៃការបិទទ្វារដែលមិនធ្លាប់មានពីមុនមក ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺ COVID-១៩ ដែលឥឡូវបានឆ្លងដល់មនុស្ស ៤៧.៦១០ នាក់ ។

Image result for spain coronavirus death

កងកម្លាំងប្រដាប់អាវុធអេស្ប៉ាញ កាលពីថ្ងៃអង្គារ បានស្នើសុំឱ្យអង្គការ NATO ផ្តល់ជំនួយមនុស្សធម៌ ដើម្បីប្រយុទ្ធប្រឆាំងនឹងវីរុសឆ្លងនេះ ខណៈដែលទាំងការស្លាប់ និងការឆ្លងបានបន្តកើនឡើង ។ ដូចប្រទេសដទៃទៀតដែរ អេស្ប៉ាញបាននឹងកំពុងពុះពារនឹងកង្វះខាតនៃការផ្គត់ផ្គង់វេជ្ជសាស្រ្ត សំរាប់ការធ្វើតេស្តការព្យាបាល និងការការពារកម្មករជួរមុខ ។ ជាមួយនឹងចំនួននៅតែកើនឡើង រដ្ឋាភិបាលនៃនាយករដ្ឋមន្រ្តីលោក Pedro Sanchez កាលពីថ្ងៃអង្គារ បានស្វែងរកការយល់ព្រមពីសភា ដើម្បីពន្យារពេលនៃការប្រកាសភាពអាសន្ន រយៈពេល ពីរសប្តាហ៍ទៀត រហូតដល់ថ្ងៃទី១១ ខែមេសា មួយថ្ងៃមុនពេលបុណ្យEaster ក្នុងគោលបំណងដើម្បីបន្ថយការរីករាលដាលនៃមេរោគ ។

អ្នកនាំពាក្យរដ្ឋាភិបាលលោកស្រី Maria Jesus Montero បាននិយាយថា “យើងដឹងថាវាលំបាកប៉ុណ្ណា ដើម្បីពន្យារពេលស្ថានភាពនេះ ប៉ុន្តែវាចាំបាច់ណាស់ ដែលយើងត្រូវបន្តប្រយុទ្ធប្រឆាំងនឹងវីរុសនេះ ដើម្បីឈ្នះការប្រយុទ្ធនេះ” ។ លោកស្រីបាននិយាយថា ប្រទេសអេស្ប៉ាញកំពុងស្ថិតក្នុងដំណាក់កាលសំរេចចិត្ត ក្នុងការឆ្លើយតបនឹងវិបត្តិនេះ ដែលជាវិបត្តិមួយកំពុងសាកល្បងសង្គមអេស្ប៉ាញ តាមរបៀបដែលមិនអាចនឹកស្មានដល់ ។ លោកស្រីបានទទួលស្គាល់ថា “នេះគឺជាថ្ងៃដ៏លំបាកបំផុត” ។ ការកើនឡើងនៃចំនួននេះ បាននាំប្រព័ន្ធវេជ្ជសាស្ត្រឈានជិតដល់មាត់ជ្រោះនៃការដួលរលំ ដោយបុគ្គលិកសុខាភិបាលជាង ៥.០០០ នាក់ បានធ្វើតេស្តិ៍ឃើញវិជ្ជមានវីរុស ឬ ប្រហែល ១២ ភាគរយនៃចំនួនករណីសរុប ។ លោក Jose Luis Martinez-Almeida អភិបាលក្រុងម៉ាឌ្រីដ បានប្រាប់ទូរទស្សន៍សាធារណៈ TVE ថា “យើងមិនមានសមត្ថភាពខាងដឹកនាំវេជ្ជសាស្ត្រ ដើម្បីអនុវត្តការបញ្ចុះសព និងបូជាទាំងអស់ក្នុងអត្រាដែលមនុស្សស្លាប់នោះទេ” ។

Image result for spain coronavirus death

អេស្ប៉ាញក៏បានផ្លាស់ប្តូរផ្នែកមួយ នៃមជ្ឈមណ្ឌលតាំងពិព័រណ៍យក្សទៅជាមន្ទីរពេទ្យកណ្តាលវាលមួយ ដែលមានគ្រែចំនួន ១៥០០ ហើយអាចពង្រីកទទួលអ្នកជំងឺ រហូតដល់ ៥.៥០០ នាក់ ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ អង្គការណាតូបាននិយាយថា យោធាអេស្ប៉ាញបានស្នើសុំ “ជំនួយអន្តរជាតិ” ដោយស្វែងរកការផ្គត់ផ្គង់ផ្នែកវេជ្ជសាស្រ្ត ដើម្បីជួយទប់ស្កាត់ការរីករាលដាលនៃវីរុសទាំងផ្នែកយោធា និងប្រជាជនស៊ីវិល ។ សំណើនេះ បានបញ្ជាក់ពីឧបករណ៍ដកដង្ហើម ចំនួន ៤៥០,០០០ ឧបករណ៍ធ្វើតេស្តិ៍យ៉ាងរហ័សចំនួន ៥០០,០០០ ឧបករណ៍បំពង់ខ្យល់ ៥០០ និងរបាំងវះកាត់ ១,៥ លាន ៕ AFP