ក្រសួងសុខាភិបាល រកឃើញមនុស្ស ៣៤០នាក់ នៅខេត្តសៀមរាប ប៉ះពាល់ដោយប្រយោលជាមួយអ្នកទេសចរជនជាតិបារាំង ដែលឆ្លងកូវីដ១៩ នៅខេត្តព្រះសីហនុ!

(ភ្នំពេញ)៖ យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល បានរកឃើញមនុស្សចំនួន៣៤០នាក់ នៅខេត្តសៀមរាប បានប៉ះពាល់ដោយប្រយោលជាមួយអ្នកទេសចរជនជាតិបារាំងនៅខេត្តព្រះសីហនុ។ បច្ចុប្បន្នមនុស្សទាំង៣៤០នាក់ កំពុងតែស្ថិតក្រោមការតាមដានសុខភាពរបស់មន្ទីរសុខាភិបាលខេត្តសៀមរាប ក្នុងរយៈពេល១៤ថ្ងៃ។

សូមរំលឹកផងដែរថា នៅក្នុងលិខិតប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល ដែលបានចេញនៅយប់ថ្ងៃទី២៦ ខែមីនា​ឆ្នាំ២០២០ បានប្រកាសរកឃើញ អ្នកឆ្លង​កូវីដ១៩ (COVID-19) ថ្មីចំនួន០២នាក់បន្ថែមទៀត ធ្វើឱ្យអ្នកឆ្លងជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជា បានឡើងដល់៩៨នាក់ហើយ គិតត្រឹមយប់ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០នេះ ខណៈដែលថ្ងៃនេះ មានអ្នកជំងឺដែលត្រូវបានព្យាបាលជាសះស្បើយពីជំងឺកូវីដ១៩ ចំនួន០១នាក់ទៀត៕ សម្រួល៖ យុទ្ធ