ស្នងការខេត្តកណ្តាល បញ្ជាឲ្យផ្អាកបណ្ដោះអាសន្ននូវភោជនីយដ្ឋាន កន្លែងកម្សាន្ត ដើម្បីបង្ការ និងទប់ស្កាត់ជំងឺកូវីដ១៩

(កណ្តាល)៖ កាលពីយប់ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០នេះ ប៉ូលិសបានបង្ហាញឲ្យឃើញថា ភោជនីយដ្ឋាន កន្លែងកម្សាន្ត និងស្រាក្រឡុកជាច្រើនកន្លែង ដែលប្រមូលផ្តុំដោយមនុស្សច្រើន ហើយប្រទេសកំពុង មានហានិភ័យនៃជំងឺកូវីដ១៩ កំពុងដំណើរយ៉ាងរលូន នៅក្រុងតាខ្មៅហាក់បំពានបំរាមរបស់អាជ្ញាធរ និងសមត្តកិច្ច។

ក្រោយពីមានការផ្សព្វផ្សាយព័ត៌មានរួចមិនដល់១ម៉ោងផង លោកឧត្តមសេនីយ៍ត្រី ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានដឹកនាំកម្លាំងចម្រុះជាច្រើន ដោយមានការសម្របសម្រួលនីតិវិធីពីលោក ឯក ស៊ុនរស្មី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកណ្តាល បានចុះត្រួតពិនិត្យ និងឲ្យម្ចាស់ហាងនានា ផ្អាកជាបណ្តោះអាសន្នសិន។
សូមបញ្ជាក់ថា លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានចេញលិខិតមួយច្បាប់ ជម្រាបមកអភិបាលរាជធានីខេត្តទូទាំងប្រទេសកម្ពុជា សូមឲ្យបិទអាជីវកម្មបៀរហ្គាឌិន ទូទាំងប្រទេស ជាបណ្តោះអាសន្ន រហូតដល់មានការជូនដំណឹងសារជាថ្មី ដើម្បីបង្ការ និងចូលរួមទុបស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ចាប់ពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ នេះតទៅ។ ទីតាំងនៅក្រុងតាខ្មៅ ដែលកំពុងដំណើរការនាពេលបច្ចប្បន្ន រួមមាន៖
ទី១)ទីតាំងលក់ស្រាក្រឡុកជាច្រើនកន្លែង នៅទល់មុខមន្ទីរអប់រំ យុវជន និងកីឡា ស្ថិតនៅសង្កាត់តាខ្មៅ ក្រុងតាខ្មៅ។
ទី២)ភោជនីយដ្ឋាន ពន្លឺជាប់ចិត្ត ស្ថិតនៅតាមបណ្តោយផ្លូវ១១០ ភូមិថ្មី សង្កាត់តាខ្មៅ ក្រុងតាខ្មៅ។
ទី៣)ភោជនីយដ្ឋាន ម្លប់ដូង ស្ថិតនៅតាមបណ្តោយផ្លូវ២១ ភូមិថ្មី១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ។
ទី៤)ភោជនីយ៍ដ្ឋាន ចម្ការដូង ស្ថិតក្នុងសង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ។
ទី៥)អាហារដ្ឋាន វិលវិញ៣ ស្ថិតនៅសង្កាត់តាខ្មៅ ក្រុងតាខ្មៅ។
ទី៦)ភោជនីយ៍ដ្ឋាន ហេង ហេង ស្ថិតតាមបណ្តោយផ្លូវ២១A សង្កាត់តាខ្មៅ ក្រុងតាខ្មៅ។
ទី៧)ភោជនីយ៍ដ្ឋាន រីវើសាយ ស្ថិតតាមបណ្តោយផ្លូវ២១A សង្កាត់តាខ្មៅ ក្រុងតាខ្មៅ។

ទាំងនេះហើយដែលសមត្តកិច្ចក្រុងតាខ្មៅ ដឹកដោយលោក យី.វណ្ណដា អធិការក្រុងតាខ្មៅ ក្រោមបទបញ្ជាពីលោកឧត្តមសេនីយ៍ ឈឿន សុចិត្ត និងមានការសម្របសម្រួលពីព្រះរាជ្យជាអាជ្ញាផងនោះ កម្លាំងសមត្ថកិច្ចចម្រុះក្នុងមូលដ្ឋាន ចុះបិតទ្វារភោជនីយដ្ឋាន បៀរហ្គាឌែន និងស្រាក្រឡុកខាងលើ រួមទាំងទីប្រជុំទាំងឡាយណាដែលមានមនុស្សច្រើនថែមទៀតផង៕ ដោយ៖ សន សុភ័ក្ដ