ដំណឹងល្អ! អ្នកជំងឺវ័យ៥៧ឆ្នាំ ជនជាតិខ្មែរម្នាក់ នៅខេត្តកោះកុង ដែលផ្ទុកវីរុសកូវីដ១៩ បានគ្រូពេទ្យព្យាបាលជាសះស្បើយ និងអនុញ្ញាត​ឱ្យចាកចេញពីមន្ទីរពេទ្យហើយ

(កោះកុង)៖ នាព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២០នេះ អ្នកជំងឺវ័យ៥៧ឆ្នាំ ដែលបានផ្ទុកវីរុសកូវីដ១៩ ត្រូវបានក្រុមគ្រូពេទ្យព្យាបាលជាសះស្បើយហើយ និងបានអនុញ្ញាត​ឱ្យចាកចេញពីមន្ទីរពេទ្យ និងវិលត្រឡប់ទៅជួបជុំក្រុមគ្រួសារវិញហើយ បន្ទាប់ពីធ្វើតេស្តលើសំណាកជាលើកទី៣ឃើញថា គាត់ទទួលបានលទ្ធផលអវិជ្ជមាន ។

ជាមួយគ្នានេះដែរ លោកជំទាវអភិបាលខេត្តកោះកុង ក៏បានដឹកនាំក្រុមការងារចុះមកសួរសុខទុកអ្នកជំងឺវ័យ៥៧ឆាំ្ន ដែលបានចេញពីមន្ទីរពេទ្យនាពេលនេះផងដែរ ។

ប្រធានមន្ទីរពេទ្យបង្អែកខេត្តកោះកុង ក៏បានផ្តាំផ្ញើរអោយបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលមានការសង្ស័យថា ខ្លួនមានអាការៈមិនស្រួលដូចជាក្តៅខ្លួនខ្លាំង ក្អក ផ្តាសសាយ ថប់ដង្ហើម ចុករោយសាច់ដុំ មេត្តាទំនាក់ទំនង មកកាន់មន្ត្រីសុខាភិបាលដើម្បីធ្វើការពិនិត្យ ព្រោះការព្យាបាលមិនមែនជាការពិបាកនោះទេ អ្វីដែលពិបាកគឺការទប់ស្កាត់មិនអោយមានការឆ្លងរីករាលដាលទៅវិញនោះទេ ។

សូមបញ្ជាក់ផងដែរថា សម្រាប់ខេត្តកោះកុង បានរកឃើញអ្នកផ្ទុកវិរុសកូវីដ១៩ចំនួន២នាក់ ម្នាក់វ័យ៥៧ឆ្នាំ(ជាសះស្បើយ) ដែលបានមកពីពិធីសាសនានៅឯប្រទេសម៉ាឡេស៊ី និងម្នាក់ទៀតវ័យ៣៦ឆ្នាំ ជាអ្នកដែលប៉ះពាល់ផ្ទាល់ជាមួយអ្នកជំងឺវ័យ៥៧ឆ្នាំ ហើយសម្រាប់សុខភាពគាត់វិញគឺមានអាការៈធម្មតានោះទេ ៕ ដោយ៖ យុទ្ធ