រថយន្តកុងទីន័រពីរគ្រឿង ពន្លះគ្នាយ៉ាងពេញទំហឹង បណ្តាលឲ្យតៃកុងជាប់ក្នុងកាប៊ីន

(កំពង់ស្ពឺ)៖ កាលពីល្ងាចថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២០ មានគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ដោយមានរថយន្ត២គ្រឿងបុកគ្នាយ៉ាងពេញទំហឹង បណ្តាលឲ្យតៃកុងជាប់ក្នុងកាប៊ីន រងរបួសធ្ងន់-ស្រាល២នាក់ លើផ្លូវជាតិលេខ៤ ចន្លោះគម៩៨-៩៩ ត្រង់ចំណុចភូមិទី៦ នៅក្នុងទឹកដីខេត្តកំពង់ស្ពឺ ។

បើយោងតាមសមត្ថកិច្ច បានឲ្យដឹងថា មុនពេលកើតហេតុ មានរថយន្តមួយគ្រឿងម៉ាកហ៊ីយន់ដាយ ពណ៌ទឹកប្រាក់ គ្មានផ្លាកលេខ បើកបរដោយឈ្មោះម៉ៃ វិចិត្រ ភេទប្រុស អាយុ៣៦ឆ្នាំ មានទីលំនៅភូមិកងមាស ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ មកពីទិសខាងលិច ទៅទិសខាងកើត។

លុះមកដល់ចំណុចកើតហេតុ រថយន្តខាងលើ បានជ្រុលចង្កូតទៅបុកជារថយន្តមួយគ្រឿងទៀត ម៉ាកហ៊ីយាន់ដាយ ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខព្រះសីហនុ 3A-6696 កន្ទុយរ៉ឺម៉កព្រះសីហនុ 4A-3068 បើកបរដោយឈ្មោះឡាត់ ដាវីន ភេទប្រុស អាយុ២៦ឆ្នាំ មានទីលំនៅភូមិព្រៃខ្វាវ ឃុំរការកោះ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ដែលបើកបរបញ្ច្រាសទិសគ្នា បណ្តាលឲ្យអ្នកបើកបរទាំងសងខាង រងរបួសធ្ងន់-ស្រាលចំនួន២នាក់ និងរថយន្តរងការខូចខាតធ្ងន់ទាំង២គ្រឿង។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះជួយជនរងគ្រោះយកទៅកាន់មន្ទីរពេទ្យ ដើម្បីព្យាបាលផងដែរ។ ចំណែកវត្ថុតាង ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ វាស់វែង ចាត់ការតាមនីតិវិធីផ្លូវច្បាប់ ៕ ដោយ៖ Micheal