បេននី យ៉ាំង ព្រលះអ្នកណាទៀតហើយ?

តារាសម្ដែងជើងថ្មីដែលចូលអុកឡុកវិស័យសិល្បៈបានតែមួយប្រាវ បេននី យ៉ាំង បានបញ្ចេញកំហឹងព្រលះមួយចាស់ដៃដល់គូសត្រូវនាងទៀតហើយ បន្ទាប់ពីស្ងប់ស្ងាត់ជម្លោះក្នុងហ្វេសសប៊ុកមិនបានប៉ុន្មានខែផង។

នៅក្នុងគណនីផេកផ្លូវការរបស់តារាកែកុនមុខមាត់ខុសបច្ចេកទេសបរាជ័យជាច្រើនលើករូបនេះ បានបង្ហាញនូវពាក្យពេចន៍អសុរសជាច្រើន ក្នុងន័យឌឺដងកាច់កុងពីរឿងរកស៊ីនិងរឿងរូបសម្រស់សំដៅដល់ដៃគូគំនុំចាស់ណាម្នាក់ដែលនាងមិនបានបញ្ចេញឈ្មោះនោះឡើយ ខណៈដែលកន្លងមកតារាដែលពាក់ម៉ាសបិទច្រមុះរាប់ឆ្នាំរូបនេះមានគូសត្រូវហែកហួរគ្នាក្នុងហ្វេសប៊ុករាប់មិនអស់ មិនមែនមានតែម្នាក់នោះឡើយ។

ពាក់​ព័ន្ធ​នឹង​ករណី​នេះ​ផងដែរ សម្ដេច​តេជោ ហ៊ុន សែន ក៏ធ្លាប់​មានប្រសាសន៍ដាស់តឿន​អ្នក​សិល្បៈ​ទាំង​អស់​នៅ​ក្នុង​ទិវា​វប្បធម៌​ជាតិ កាល​ពី​ដើម​ខែ​មីនា​ថា៖ «អ្នក​សិល្បៈ​គ្រប់​ទម្រង់ គួរ​ឈប់​យក​ហ្វេស​ប៊ុក​ធ្វើ​ជា​វេទិកា​ជេរ​បញ្ចោរ ឬហែកហួរ​គ្នា។ បើ​មាន​បញ្ហា​អ្វី​គួរ​ទៅ​ជជែក​គ្នា​ដោយ​ផ្ទាល់ ឬ​ទូរស័ព្ទ​ជជែក​គ្នា​រក​ដំណោះ​ស្រាយ ជាជាង​មក​ហែក​ហួរ​គ្នា​លើ​ហ្វេសប៊ុក​នាំ​ធ្លាក់​ចុះ​តម្លៃ​សិល្បករ​ខ្មែរ​ទាំង​មូល»។ ប៉ុន្តែរហូតមកដល់ពេលនេះ នៅតែមានអ្នកសិល្បៈមួយចំនួនយកទំព័រហ្វេសប៊ុកធ្វើជាវេទិកាហែកហួរគ្នានៅឡើយ ដែលនេះជាភាពអវិជ្ជមានមួយគួរតែកែតម្រូវ៕ ដោយ៖ ភូមិន្ទ