មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាលអះអាងថា ករណីវិជ្ជមានកូវីដ-១៩ថ្មី មិន​ពាក់​ព័ន្ធ​នឹង ការលើកបំរាមជើងហោះហើររបស់រដ្ឋាភិបាល

(ភ្នំពេញ)៖ ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី ២៣ ខែឧសភា ឆ្នាំ ២០២០ នេះ បាន​រកឃើញ​ករណី​វិជ្ជមានជំងឺកូវីដ-១៩ ថ្មីមួយទៀត នៅលើស្ត្រីជនជាតិខ្មែរ អាយុ៣៩ ឆ្នាំ រស់​នៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ស្ត្រីដែលឆ្លងមេរោគកូវីដ១៩ ជាអ្នកដំណើរដែល​បានវិល​ត្រលប់​មកពីស​ហ​​រដ្ឋអាមេរិក ឆ្លងកាត់បន្តតាម​ជើង​ហោះ​​​ហើរប្រទេសកូរ៉េខាងត្បូង និងបានមក​ដល់​កម្ពុជា នៅថ្ងៃទី ៨ ខែឧសភា ឆ្នាំ ២០២០។

នេះជាករណីទី២ ក្នុងដំណាក់កាលទី២ បន្ទាប់ពីរកឃើញ ករណីវិជ្ជមាន នៅលើ បុរសជន​ជាតិ​ខ្មែរ មានស្រុកកំណើតនៅខេត្តកំពត ដែលធ្វើដំណើរវិលត្រលប់​មកពីប្រទេស​ហ្វីលីពីន នៅថ្ងៃទី ២១ ខែឧសភាកន្លងទៅ។

ក្រសួងសុខាភិបាលបញ្ជាក់ថា ស្ត្រីខាងលើបានទៅសហរដ្ឋអាមេរិកតាំងពីខែកុម្ភៈ ឆ្នាំ ២០២០ រួចបន្តដំណើរនៅទីនោះ ដោយសារមានការបិទជើងហោះហើរ ធ្វើដំណើរត្រលប់មកវិញមិនបាន។ ពេលមកដល់កម្ពុជា គាត់បានរស់នៅដាច់ដោយឡែកដោយខ្លួនឯង ហើយបានធ្វើតេស្តសុខភាព នៅមន្ទីរពេទ្យរុស្ស៊ី នៅថ្ងៃទី ១២ ខែឧសភា ឆ្នាំ ២០២០ដោយសារគាត់មានបញ្ហាក្អក តឹងច្រមុះ និងស្ងួតបំពង់ក តែទទួលបានលទ្ធផលអវិជ្ជមាននៅពេលនោះ។ គ្រូពេទ្យបានណែនាំអោយរូបគាត់ធ្វើចត្តាឡីស័ក្ត រហូដល់ថ្ងៃទី ២០ ខែឧសភា ឆ្នាំ ២០២០ នៅតែមិនធូស្រាល ហើយនៅថ្ងៃទី ២២ រូបគាត់ក៏ត្រូវបានគ្រូពេទ្យយកវត្ថុសំណាក របស់គាត់ទៅវិភាគសារជាថ្មី ដែលទទួលបានលទ្ធផលវិជ្ជមានវិរុសកូវីដ-១៩។

លោកវេជ្ជបណ្ឌិត លី​ សូវ៉ាន់ ប្រធានាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង នៃក្រសួងសុខាភិបាលកម្ពុជា បញ្ជាក់ថា ករណីឆ្លងថ្មីទាំងពីរ មិនជាប់ពាក់ព័ន្ធទៅនឹងការដកបម្រាមជើងហោះហើរ របស់រដ្ឋាភិបាលកម្ពុជានោះទេ។ លោកបន្ថែមថា «ករណីរកឃើញទី ១ មកពីប្រទេសផ្សេង គឺប្រទេសហ្វីលីពីន ដែលមានការហោះហើប្រចាំថ្ងៃ ហើយករណីទី២ គឺមានតាំងពីមុនការដកបំរាមមកម្លេះ ដូច្នេះមិនជាប់ទាក់ទងនឹងការដកបំរាម ទៅលើជនជាតិបរទេស ទាំង៦ ប្រទេសនោះទេ»។

លោក ស្រី ឱវ៉ាន់ឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានថ្លែងយ៉ាងខ្លីថា មិនពាក់ព័ន្ធនឹងការដកបំរាមនោះទេ។

លោក ស្រីអ្នកនាំពាក្យ បញ្ជាក់បន្ថែមទៀតថា«ករណីធ្វើតេស្តលើកទៅលើស្ត្រីលើកទី១ រកមិនឃើញ ហើយលើកទី២ បែជាវិជ្ជមាន ដោយសារការអភិវឌ្ឍនៃវីរុស ដែលលោកស្រីបញ្ជាក់ថា អ្វីដែលយើងដឹងគឺនៅក្នុងរយ:ពេល១៤ថ្ងៃចាប់ពីថ្ងៃឆ្លងមក  អាចរកឃើញនៅក្នុងចន្លោះនេះឯង អញ្ចឹងហើយបាន ជាមានតម្រូវការឲ្យធ្វើចត្តាឡីស័ក១៤ថ្ងៃនោះ»។

កម្ពុជាបញ្ជាក់ករណីថ្មី ដែលនាំអោយចំនួនអ្នកឆ្លងសរុប ១២៤ ករណីនៅទូរទាំងប្រទេស ដែលមានជនជាតិកម្ពុជា ៥៣ នាក់ បារាំង៤០ នាក់ ម៉ាឡេស៊ី ១៣ ជនជាតិអង់គ្លេស ៥​ នាក់ ចិន៣ វៀតណាម ៣ អាមេរិក២ ឥណ្ឌូនេស៊ី ២ កាណាដា២នាក់ និងបែលហ្គែន ១ នាក់។ ក្នុងចំណោមអ្នកឆ្លង មាន ១២២ បានជាសះស្បើយអស់ហើយ។ បច្ចុប្បន្នស្ត្រីអ្នកជំងឺឆ្លងថ្មីទាំងពីរនាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូរវៀត៕ (ដោយៈ ឡេង ដេត)