ក្រសួងយុត្តិធម៌បានកំពុងមមាញឹកចុះបើកយុទ្ធនាការដោះស្រាយបញ្ហាកកស្ទះសំណុំ នៅតុលាការ តាមខេត្ត រាជធានីទូទំាងប្រទេស

ក្រុមការងារដោះស្រាយការកកស្ទះសំណុំរឿងនៅសាលាដំបូងរាជធានី ខេត្ត ទំាងបួនក្រុម របស់ក្រសួងយុត្តិធម៌ បានកំពុងមមាញឹkក​ចុះផ្សព្វផ្សាយ អនុវត្តយុទ្ធនាការយ៉ាងមមាញឹកចាប់ពីថ្ងៃ ដែលយុទ្ធនាការបានប្រកាសបើកជាផ្លូវការ ចាប់ពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០មកនោះ។


រសៀលថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២០ លោក គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាប្រធានក្រុមទី១ នៃគណៈកម្មការដឹក​នាំយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿងនៅតាមសាលាដំបូងរាជធានី ខេត្ត បានដឹកនាំសហការីមួយចំនួន បើកយុទ្ធនាការដោះស្រាយ​ការកកស្ទះសុំណុំរឿងនៅសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តកណ្តាល ដោយមានការអញ្ជើញចូលរួមពីសំណាក់​លោក​អភិបាល​ខេត្តកណ្តាល ប្រធានសាលាដំបូង ព្រះរាជអាជ្ញា ព្រះរាជអាជ្ញារង ចៅក្រម ថ្នាក់ដឹកនាំលេខាធិការដ្ឋានរដ្ឋបាលតុលាការ ស្នងការខេត្ត មេបញ្ជាការកងរាជអាវុធហត្ថ ប្រធានពន្ធនាគារខេត្ត និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។

សូមជម្រាបថានៅក្នុងការបើកយុទ្ធនាការដោះស្រាយបញ្ហាកកស្ទះសំណុំរឿងនៅសាលាដំបូង រាជធានី ខេត្តនេះ ក្រសួងយុត្តិធម៌ បានបង្កើតក្រុមការងារចំនួន៤ ដោយនៅក្នុងនោះលោក កឹម សន្តិភាព ជាក្រុមការងារទី១ ទទួលបន្ទុករាជធានីភ្នំពេញ ខេត្តកណ្តាល ព្រៃវែង និងស្វាយរៀង។ ក្រុមការងារទី២ មានលោក ឡុង នរិន្ទ ដែលជារដ្ឋលេខាធិការក្រសួងម្នាក់ទៀតជាប្រធាន ទទួលបន្ទុកខេត្តកំពង់ធំ កំពង់ចាម រតនគិរី មណ្ឌលគិរី ក្រចេះ ស្ទឹងត្រែង ត្បូងឃ្មុំ និងខេត្តព្រះវិហារ។ ចំណែកក្រុមទី៣ មានលោក ជីវ សុងហាក់ រដ្ឋលេខាធិការក្រសួងជាប្រធាន ទទួលបន្ទុក ខេត្តកំពង់ឆ្នាំង បន្ទាយមានជ័យ សៀមរាប ប៉ៃលិន បាត់ដំបង ឧត្តរមានជ័យ និងខេត្តពោធិ៍សាត់។ ចំណែកក្រុមទី៤ មានលោក ជិន ម៉ាលីន រដ្ឋលេខាធិការក្រសួងជាប្រធាននោះ ទទួលបន្ទុក ខេត្តកំពង់ស្ពឺ តាកែវ ព្រះសីហនុ កំពតនិងខេត្តកោះកុង។

លោក ជិន ម៉ាលីន ដែលជាប្រធានក្រុមការងារទី៤នេះ បានប្រកាសថា បានបញ្ចប់ បេសកកម្មជុំទី១ រយៈពេល១សប្តាហ៍ នៅក្នុងខេត្តដែល​ខ្លួនទទួល​បន្ទុកនោះហើយ។ លោកបានឲ្យដឹងថា យុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿង នៅតុលាការខេត្តទាំង៥ប៉ែកនិរតី បានបញ្ចប់ ជាមួយការប្តេជ្ញាចិត្តនិងឆន្ទៈមោះមុតក្នុងការផ្តល់សេវាយុត្តិធម៌ជូនដល់ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង។ នឹងជួបគ្នានៅជុំទី២ ក្នុងពេល​ឆាប់ៗខាងមុខនេះ ដើម្បីវាយតម្លៃពីលទ្ធផលនៃការអនុវត្តយុទ្ធនាការ។

ចាប់តំាងពីពេលប្រកាសបើកយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿងនៅសាលាដំបូងរាជធានីខេត្ត កាលពីថ្ងៃទី១៨ ខែឧសភាមក គេឃើញសង្កេតថាក្រុមការងារទំាងបួនរបស់ក្រសួងយុត្តិធម៌នេះ បានចុះបំពេញបេសកកម្មតាមគោលដៅរៀងៗ ខ្លួនយ៉ាងសកម្ម។
លោកកើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានថ្លែងការនៅពេលបេសកកម្មនេះចាប់ផ្តើមពី៦ទៅ៩ ខែនោះ សង្ឃឹមថាការកកស្ទះសំណុំ​រឿងតាមសាលាដំបូងទូទំាងប្រទេសនឹងអាចកាត់បន្ថយបានខ្លះ តែលោកមិនកំណត់លើពេលវេលា ឬចំនួនដោះស្រាយនោះទេ សំខាន់ដំណោះស្រាយនេះ ប្រព្រឹត្តទៅតាមនីតិវិធី គ្មានភាពមិនប្រក្រតី នោះជាជោគជ័យរបស់ក្រសួងហើយ៕ ដោយសិរី