ក្រសួងធនធានទឹក និងឧត្តុនិយមឲ្យដឹងថាពេលថ្ងៃត្រង់ថ្ងៃទី២៣ឧសភា មាន ភ្លៀងធ្លាក់ស្ទើរទូទំាងប្រទេស

បើតាមបណ្តាញទំនាក់ទំនងសង្គម របស់ក្រសួងធនធានទឹកនិងឧត្តុនិយម គិតត្រឹមម៉ោង១២ថ្ងៃត្រង់ទី២៣ ខែឧសភាឆ្នាំ២០២០នេះ មានភ្លៀងធ្លាក់ស្ទើរគ្រប់ខេត្តក្រុង ក្នុងមាននោះ ភ្លៀងធ្លាក់កម្រិតខ្សោយនៅស្រុកលំផាត់ ខេត្តរតនគិរី។

ភ្លៀងបន្តធ្លាក់កម្រិតមធ្យមក្នុងស្រុកកោះកុង ស្រុកបូទុមសាគរ និងស្រុកស្រែអំបិល ខេត្តកោះកុង។ ចំណែកនៅក្រុងព្រះវិហារ ខេត្តព្រះវិហារ ពេលថៃ្ងត្រង់នេះ កំពុងមានភ្លៀងធ្លាក់។ក្នុងពេលថៃ្ងត្រង់ដដែលនេះ ភ្លៀងកំពុងបន្តធ្លាក់ផ្សែងក្រូច-ខ្សោយ នៅផ្នែកខ្លះនៃស្រុកអង្គរជ័យ ស្រុកឈូក ស្រុកដងទង់ និងស្រុកជុំគិរី ខេត្តកំពត។ នៅក្រុងដូនកែវ ស្រុកគិរីវង់ ស្រុកបូរីជលសារ ស្រុកព្រៃក្បាស ស្រុកកោះអណ្ដែត និងស្រុកទ្រាំង ខេត្តតាកែវ មានភ្លៀងធ្លាក់កម្រិតខ្សោយ-មធ្យម ដែរ។ នៅក្រុងស្ទឹងសែន និងស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ មានភ្លៀងកំពុងធ្លាក់ក្នុងកម្រិតពីខ្សោយទៅមធ្យម ដែរ។

ក្រសួងធនធានទឹក បានឲ្យដឹងទៀតថា នៅក្រុងបាត់ដំបង ស្រុកសង្កែ និងធ្លាក់កម្រិតមធ្យម នៅស្រុកបាណន់ ខេត្តបាត់ដំបង កំពុងមានធ្លាក់ភ្លៀងកម្រិតខ្សោយ។ចំណែក នៅគ្រប់ក្រុង-ស្រុក ខេត្តកំពង់ស្ពឺ កំពុងមានធ្លាក់ភ្លៀងខ្លាំងលាយឡំខ្យល់កន្ត្រាក់នៅស្រុកបសេដ្ឋ និងបន្តធ្កាក់។

មានភ្លៀងធ្លាក់ពីកម្រិតផ្សែងក្រូចទៅកម្រិតមធ្យម តាមបណ្តាឃុំមួយចំនួន ក្នុងស្រុកកោះធំ ស្រុកស្អាង និងជាយក្រុងតាខ្មៅ ខេត្តកណ្តាល។ រីឯ នៅស្រុកជីក្រែង និងស្រុកសូទ្រនិគម ខេត្តសៀមរាបមានភ្លៀងកំពុងធ្លាក់៕ ដោយសិរី