ក្រសួងការបរទេសកម្ពុជាស្នើឱ្យវៀតណាមរុះរើតង់ចេញពីបន្ទាប់ព្រំដែនដែលមិនទាន់ឯកភាពរវាងប្រទេសទាំងពីរ

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានផ្ញើកំទូតតវ៉ាមួយទៅកាន់​ក្រសួងការ​បរទេសវៀតណាម ស្នើឲ្យរដ្ឋាភិបាលវៀតណាម រុះរើទី​តាំងយោធាទាំងអស់ចេញពីតំបន់ប្រំដែន ដែលពុំទាន់បានឯកភាពគ្នា លើខ្សែបន្ទាត់ព្រំដែន រវាង​ប្រ​ទេសទាំងពីរនៅឡើយ។

កំណត់ទូកម្ពុជា បានធ្វើឡើង បន្ទាប់ពីក្រុមយោធាវៀតណមា បានធ្វើការបោះតង់ចំនួន​៣១ កន្លែង នៅតាមបណ្តោយព្រំដែនកម្ពុជា-វៀតណាម រវាងស្រុកលើកដែក និងស្រុកកោះធំ ខេត្ត​កណ្តាល ទល់និងខេត្តអានយ៉ាង ខ្សែបន្ទាត់ព្រំដែនចំនុចនេះ ពុំទាន់បានឯកភាពគ្នាឡើយ រវាង​គណៈកម្មការព្រំដែនរវាងប្រទេសទាំងពីរ។

វៀតណាមបានចូលមកបោះតង់ដាក់យោធា ចាប់តាំងពីថ្ងៃទី ១៨ ខែមីនា ឆ្នាំ ២០២០ បន្ទាប់ពី​រដ្ឋាភិបាលខ្លួន រឹតបន្តឹងចំពោះការឆ្លងដែន ទៅកាន់ប្រទេសវៀតណាម ដែលជាវិធាន​ការទប់ស្កាត់ ការចម្លងជំងឺកូវីដ១៩។

អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា លោក កុយ គង់ ប្រាប់សារព័ត៌មានហ្វ្រេសញូថា អាជ្ញាធរ ធ្លាប់ចុះទៅណែនាំ និងស្នើឱ្យយោធាវៀតណាម រុះរើចេញពីតំបន់នោះ​ប៉ុន្តែមកទល់ពេល​នេះភាគីវៀតណាម បានរុះរើតង់ចេញតែ៣ទីតាំងប៉ុណ្ណោះ។ ដោយសារតែវៀតណាមមិនទាន់ រើតង់យោធារបស់ខ្លួនទាំងអស់ ចេញពីតំបន់មិនទាន់ឯកភាពគ្នាលើខ្សែបន្ទាត់ព្រំដែននៅឡើយនោះ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០ បានធ្វើកំណត់ទូតតវ៉ាទៅភាគីវៀតណាម ដែលមានខ្លឹមសារសំខាន់ដូចតទៅ៖

១៖ វត្តមានរបស់យោធាវៀតណាមនៅតាមបណ្ដោយព្រំដែនដែលមិនទាន់បានឯកភាពគ្នា គឺបានរំលោភលើចំណុចទី៨ នៃសេចក្តីប្រកាសរួម កាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ១៩៩៥ និងកថាខណ្ឌ៥ ប្រការ៣ នៃសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ ២០០៥ និងកិច្ចព្រមព្រៀងព្រំដែននានា ដែលបានបញ្ចប់ការចរចាដោយភាគីកម្ពុជា និងវៀតណាម។

២៖ ស្នើឲ្យភាគីវៀតណាមរុះរើតង់ទាំងអស់ចេញ និងដកកម្លាំងយោធាចេញពីទីតាំងខាងលើ និងបញ្ឈប់នូវរាល់សកម្មភាពនានាជាបន្ទាន់ និងរក្សាបរិស្ថានភូមិសាស្ត្រនៅតំបន់ទាំងអស់នោះឱ្យដូចសភាពដើម រហូតដល់គណៈកម្មការចម្រុះព្រំដែន នៃប្រទេសទាំងពីរកំណត់ច្បាស់លាស់ខ្សែបន្ទាត់ព្រំដែននៅតំបន់ទាំងនោះ។

៣៖ ស្នើឲ្យវៀតណាមធានាថាសកម្មភាពបែបនេះ នឹងមិនកើតឡើងជាដាច់ខាតក្នុងពេលអនាគត ដើម្បីរក្សាភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណីដែលមានស្រាប់ និងកិច្ចសហ​ប្រតិបត្តិការ​គ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ។

បើតាមរបាយការណ៍ចុងក្រោយ នៅថ្ងៃទី២៣ ខែឧសភានេះគឺភាគីវៀតណាមទើបតែបានរុះរើ នៅតង់ទីតាំងយោធាចេញចំនួន៣ទីតាំងតែប៉ុណ្ណោះ មិនទាន់មានការរុះរើបន្ថែមទៀតឡើយ ចំណែកការងារនៅតាមបណ្តោយព្រំដែនរវាងប្រទេសទាំងពីរ មានកិច្ចសហប្រតិបត្តិ​ការទៅវិញ​ទៅមកជាធម្មតា៕ (ដោយៈ ឡេង ដេត)