រដ្ឋមន្រ្តីក្រសួងផែនការ ស្នើឲ្យដល់មន្រ្តីស្រង់ស្ថិតិពលរដ្ឋក្រីក្រឲ្យបានត្រឹមត្រូវ ហើយលឿនតាមផែនការសម្រាប់រាជរដ្ឋាភិបាលជួយអន្តរាគមន៍

លោក ឆាយ ថន រដ្ឋមន្ត្រីក្រសួងផែនការ បានជំរុញមន្រ្តីក្រសួងផែនការ និងអាជ្ញាធរមូលដ្ឋានទូទំាងប្រទេស រួមសហការគ្នា ក្នុងការស្រង់ស្ថិតិពលរដ្ឋក្រីក្រឲ្យបានត្រឹមត្រូវ តម្លាភាព និងឆាប់រហស័យតាមផែនការ ដើម្បីរាជរដ្ឋាភិបាលជួយអន្តរាគមន៍មានប្រសិទ្ធិភាព ចៀសវាង ការចោទប្រកាន់ពីពលរដ្ឋថាមានការរើសអើង ជាដើមនោះ។

លោក ឆាយ ថន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងផែនការ បានលើកឡើងបែបនេះ នៅក្នុងឱកាសចុះត្រួតពិនិត្យនៃការអនុវត្តផ្ទាល់ ពីដំណើរការនៃការកំណត់អត្តសញ្ញាណកម្មគ្រួសារក្រីក្រតាមការស្នើសុំក្នុងអំឡុងពេលប្រយុទ្ធនឹងកូវីដ ១៩ នៅឃុំចំនួន៣ នៃស្រុកគងពិសី ខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី២៣ឧសភានេះ។

រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងផែនផែនការ បានកំពុងមមាញឹក កំណត់អត្តសញ្ញាណកម្មគ្រួសារក្រីក្រតាមការស្នើសុំក្នុង​អំឡុង​ពេលប្រយុទ្ធនឹងកូវីដ ១៩ នៅទូទំាងប្រទេស សម្រាប់រាជរដ្ឋាភិបាលផ្តល់ថវិកាឬជំនួយអន្តរាគមន៍ ដល់ពលរដ្ឋក្រីក្រដែលរងផល​ប៉ះពាល់ពីវិវត្តិជំងឺកូវីដ១៩ នៅក្នុងពេលឆាប់ៗនេះ។

នៅក្នុងបេសកកម្មនៅខេត្តកំពង់ស្ពឺ លោកឆាយ ថន បានកោតសរសើរ និងវាយតម្លៃខ្ពស់ដល់លោកអភិបាលស្រុក អាជ្ញាធរមូលដ្ឋាន​ស្រុកគងពិសី ដែលបានរៀបចំដំណើរការ យន្តការនៃការអនុវត្តការងារនេះបានយ៉ាងល្អ មានការយកចិត្តទុកដាក់ខ្ពស់អំពីស្ថានភាពជីវភាព ការរស់នៅរបស់ប្រជាជនក្នុងមូលដ្ឋានរបស់ខ្លួនគ្រប់គ្រងបានយ៉ាងល្អ ជាពិសេសស្ថានភាពប្រជាជនក្រីក្រ ដែលត្រូវការជំនួយជាបន្ទាន់ ដែលក្នុងនាមជាអាជ្ញាធរមូលដ្ឋានត្រូវតែមានការគិតគូរជូនពួកគាត់។

ទោះយ៉ាងណាលោក បានស្នើដល់ថ្នាក់ដឹកនាំ អាជ្ញាធរមូលដ្ឋាន ជួយសហការ និងតាមដានដំណើរការការងារនេះឱ្យបានជាប់ជាប្រចាំ ដើម្បីជៀសវាងឱ្យបានប្រតិកម្មពីប្រជាជននៅពេលដែលរាជរដ្ឋាភិបាលកម្ពុជាចាប់ផ្តើមអនុវត្តការផ្តល់អន្តរាគមន៍។ លោករដ្ឋមន្រ្តី​បានស្នើដល់អាជ្ញាធរ មូលដ្ឋានគ្រប់ឃុំ ស្រុក ក្រុងទូទាំងប្រទេស ពន្លឿនអោយលឿនតាមផែនការដែលបានកំណត់។ តាមការកំណត់គឺក្រសួង ត្រូវរៀបចំ​ធ្វើបច្ចុប្បន្នភាពទិន្នន័យគ្រួសារក្រីក្រ ដែល (១) តំបន់ជនបទឱ្យបានចប់សព្វគ្រប់មុនដំណាច់ខែឧសភា ឆ្នាំ២០២០ និង (២) តំបន់ទីប្រជុំជនឱ្យបានមុនដំណាច់ខែមិថុនា ឆ្នាំ២០២០ ដោយប្រើយន្តការកំណត់អត្តសញ្ញាណម្មគ្រួសារក្រីក្រ តាមការស្នើសុំ និង ត្រូវមានការពិគ្រោះយោបល់ជាមួយភូមិ និងឃុំ ករណីមានការដកចេញនូវគ្រួសារណាដែលមានជីវភាពលេចធ្លោ៕ ដោយសិរី