កម្ពុជាចូលរួមរំលែកទុក្ខជាមួយរដ្ឋាភិបាលប៉ាគីស្ថាន ចំពោះករណីធ្លាក់យន្តហោះកាលពីថ្ងៃ ២២ឧសភា

លោកកុយ កួង អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានឲ្យដឹងថា បន្ទាប់ពីបានទទួលព័ត៌មានអំពីការបាត់បង់ជីវិត មនុស្សជាច្រើននាក់ ក្នុងគ្រោះថ្នាក់ធ្លាក់យន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិប៉ាគីស្ថាន កាលពីថ្ងៃទី ២២ ឧសភា ឆ្នាំ ២០២០នេះ ក្រសួងការបរទេសកម្ពុជា តាងនាមរាជរដ្ឋាភិបាលកម្ពុជា បានចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតជាមួយរដ្ឋាភិបាលប៉ាគីស្ថាន និងក្រុម​គ្រួសារជនរងគ្រោះទាំងអស់ចំពោះការបាត់បង់ដ៏ធំធេងនោះ។

សូមរម្លឹកថាយន្តហោះដឹកអ្នកដំណើរមួយគ្រឿង របស់អាកាសចរណ៍អន្តរជាតិប៉ាគីស្ថាន ដែលដឹកមនុស្សសរុប ១០៧នាក់ ក្នុងនោះអ្នកដំណើរ ៩៩នាក់ និងអ្នកបម្រើការងារ ០៨នាក់បានធ្លាក់លើតំបន់លំនៅឋាន របស់ប្រជាជន ស្ថិតក្នុងទីក្រុងការ៉ាជីភាគខាងត្បូងប្រទេស។
យន្តហោះដែលធ្លាក់នោះ មានជើងហោះហើរ PK 8303 បានធ្លាក់តែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីរដ្ឋាភិបាលប៉ាគីស្ថាន សម្រេចដកបំរាមហោះហើរចេញវិញ។

ក្រសួងការបរទេសកម្ពុជា បានជូនពរឲ្យជនរងគ្រោះដែលនៅរស់រានមានជីវិតបានឆាប់ជាសះស្បើយឡើងវិញ៕ ដោយសិរី