ពលទាហានថ្មីយោធភូមិភាគទី៤ ១០០នាក់មាន៨នាក់បាញ់កំាភ្លើង AK47 បានល្អ

យោធភូមិភាគទី៤ បានរៀបចំពិធីបាញ់គ្រាប់ពិតលើប្រភេទកាំភ្លើងAK47ដើម្បីវាស់ស្ទង់ និងបង្កើនសមត្ថភាពពលទាហានថ្មីបំពេញ​ក្របខ័ណ្ឌកងទ័ពជើងគោកចំនួន៣៩៥នាក់។ ជាលទ្ធផលបណ្តោះអាសន្នសម្រាប់ពលទាហាន១០០នាក់ គណៈកម្មការបានរកឃើញ​ពលទាហានដែលទទួលបានលទ្ធផលល្អចំនួន០៨នាក់, លទ្ធផលល្អបង្គួរចំនួន ៣២នាក់, លទ្ធផលមធ្យមចំនួន៥៥នាក់ និងធ្លាក់ចំណាត់ថ្នាក់ចំនួន០៥នាក់។


ការវាស់ស្ទង់សមត្ថភាពនេះ ស្ថិតនៅក្រោមការវាយតម្លៃពីសំណាក់លោក ឧត្តមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៤។ លោក ឧត្តមសេនីយ៍ឯក បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការស្ម័គ្រចិត្តចូលបម្រើកង​ទ័ពរបស់​ពលទាហាន និងអរគុណលើកទឹកចិត្តចំពោះការខិតខំប្រឹងប្រែងរបស់ពលទាហានដែលទើបជ្រើសរើសថ្មី ដើម្បីចូលរួមការពារបូរណភាពទឹកដី និងប្រជាជន។

ការវាស់ស្ទង់សមត្ថភាពបាញ់គ្រាប់ពិតនេះ បានធ្វើឡើង នៅភូមិសាស្ត្រអូរកូនតឹង ខេត្តសៀមរាប រយៈពេលពីថ្ងៃ គឺថ្ងៃទី២១ និង២២ ខែឧសភា ឆ្នាំ២០២០នេះ៕ ដោយសិរី