លោកជំទាវម៉ែន សំអន បួងសួងសូមឲ្យពលរដ្ឋខ្មែរចៀសផុតពីគ្រោះធម្មជាតិ និងជំងឺកូវីដ១៩ នៅពុទ្ធគិរីកម្ពុជា ក្នុងខេត្តតាកែវ

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រី្ត រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញចូលរួមក្នុងពិធីបួងសួងសូមសេចក្តីសុខសេចក្តីចម្រើន ដល់ប្រជាពលរដ្ឋទូទាំងប្រទេសកម្ពុជា នៅពុទ្ធគិរីកម្ពុជា ស្ថិតនៅក្នុង ឃុំត្រពាំងក្រញ៉ូង ស្រុកត្រាំងកក់ ខេត្តតាកែវ ដែលនៅទីនោះមានបារមីនៃព្រះពុទ្ធបដិមាសម្មាសម្ពុទ្ធ ៨៤.០០០អង្គ។

ពិធីបួងសួងដែលមានការអញ្ជើញចូលរួមពីសំណាក់ភរិយាថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋជាច្រើននាក់នេះ បានប្រារព្ធធ្វើនារសៀលថ្ងៃសៅរ៍ ទី២៣ ខែឧសភា ឆ្នាំ២០២០ ។ លោកជំទាវ បានបួងសួងសូម ឲ្យបារមីថែរក្សាពុទ្ធគីរីកម្ពុជា ជួយបណ្តេញជំងឺកូវីដ ១៩ ចេញអស់ពីកម្ពុជា និងពិភពលោកនិងសូមឲ្យប្រទេសកម្ពុជាចៀសផុតពីគ្រោះកាចចង្រៃ ចៀសផុតពីគ្រោះរាំងស្ងួត និងសម្បូរសប្បាយជានិច្ចនិរន្តតទៅ។

លោកជំទាវនិងអ្នកចូលរួមបានបួងសួងសូមថ្វាយព្រះរាជសារធុការពរជ័យថ្វាយព្រះមហាក្សត្រ សម្តេចម៉ែ ជូនពរសម្តេចតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន និង ថ្នាក់ដឹកនាំ សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា ព្រមទាំងប្រជាពលរដ្ឋ នៅទូទាំងប្រទេស សូមឲ្យជួបតែសេចក្តីសុខ សេចក្តីចម្រើនគ្រប់ពេលវេលា។

ជាទីបញ្ចប់ នៅក្នុងពិធីបែបសាសនោះ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ព្រមទាំងពុទ្ធបរិស័ទ្ធជិតឆ្ងាយដែលបានចូលរួមបានវេរ និងប្រគេនទេយ្យទាន ដល់ព្រះសង្ឃចំនួន ៩៩៩អង្គ ជាកិច្ចបង្ហើយបុណ្យ៕ ដោយសហការី