រដ្ឋមន្ត្រីក្រសួងកសិកម្មសូមឲ្យអ្នកចិញ្ចឹមត្រីឆ្ពង់អត់ធ្មត់បន្តិច បន្តចិញ្ចឹមត្រីនេះទៀត ទោះធ្លាក់ថ្លៃពេលនេះក្តី

ជាមធ្យមត្រីឆ្ពង់មានតម្លៃ១៥ 000រៀល ក្នុងមួយគីឡូក្រាម តម្លៃត្រីនេះបានធ្លាក់ចុះបន្តិច នាពេលបច្ចុប្បន្នដោយសារជំងឺកូវីដ១៩។ ត្រីឆ្ពង់ដែលមានទីផ្សារល្អបំផុតសម្រាប់ ពិធីពីធីបុណ្យ ការរៀបចំអាពាហ៍ពិពាហ៍និងការផ្គត់ផ្គង់តាមភោជនីយដ្ឋាន ឥឡូវនេះ ពិធីទំាងនោះបានផ្អាកជាបណ្តោះអាសន្ន ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ដែលធ្វើឲ្យទីផ្សារត្រីឆ្ពង់បានធ្លាក់ថ្លៃបន្តិច។

ទោះយ៉ាងណាលោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានលើកទឹកចិត្តឲ្យពលរដ្ឋបន្តចិញ្ចឹមត្រីប្រភេទនេះទៀត ដើម្បីបំពេញតម្រូវការក្នុងស្រុក។ ការជំរុញពលរដ្ឋបន្តចិញ្ចឹមត្រី របស់លោករដ្ឋមន្រ្តីក្រសួងកសិកម្មនេះ បានឡើងក្នុងឱកាសលោក ចុះពិនិត្យសកម្មភាពចិញ្ចឹមត្រីឆ្ពង់ក្នុងបែ របស់ប្រជាពលរដ្ឋនៅក្នុងខេត្តកោះកុងនារសៀលថ្ងៃទី២៣ ខែឧសភានេះ។

លោកវេង សាខុន បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងប្រកាន់យករបរចិញ្ចឹមត្រីឆ្ពង់ដើម្បីចូលរួមចំណែកបំពេញ​សេចក្តីត្រូវការទីផ្សារក្នុងខេត្ត រាជធានីភ្នំពេញ និងបណ្តាខេត្តមួយចំនួន។ បើទោះជាតម្រូវការទីផ្សារ និងតម្លៃមានការធ្លាក់ចុះបន្តិចក្តី លោកបានលើកទឹកចិត្តឱ្យពួកគាត់បន្តរក្សាមុខរបរនេះ ដោយសង្ឃឹមថាស្ថានភាពទីផ្សារនឹងល្អប្រសើរឡើងវិញនាពេលឆាប់ៗនេះ។
លោករដ្ឋមន្រ្តីសំណូមពរឲ្យពលរដ្ឋ អ្នកចិញ្ចឹមត្រីមានអត់ធ្មត់ តស៊ូរង់ចាំឱកាសល្អមកវិញ។ ឆ្លៀតយកឱកាសនេះ លោកបានណែនាំឱ្យរដ្ឋបាលជលផល និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ជួយទំនាក់ទំនងរកឈ្មួញនៅភ្នំពេញ និងទីផ្សារក្រៅពីខេត្តព្រះសីហនុ ខេត្តកោះកុង ដើម្បីជួយរំដោះផលត្រីដែលមានក្នុងស្តុក។

តាមរបាយការណ៍របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកោះកុងពីស្តីការងារជលផល បានឱ្យដឹងថា នៅទូទាំងខេត្តការចិញ្ចឹមត្រី​ក្នុងបែបានចំនួន ១៦០បែ អាចប្រមូលផលបាន ៦៥តោន ការចិញ្ចឹមត្រីទឹកប្រៃក្នុងស្រះមាន ៥ស្រះ អាចប្រមូលផលបាន ២៥តោន ការចិញ្ចឹមគ្រែងឈាមលើផ្ទៃដី ៥២៤ហិកតា ប្រមូលផលបាន ១៤ ០០០តោន ការចិញ្ចឹមគ្រំចំពុះទាលើផ្ទៃដី ៨ហិកតា ប្រមូលផលបាន ៣៥០តោន សរុបបរិមាណផលត្រីទឹកប្រៃ គ្រែង គ្រំ ចំនួន ១៤ ៤៥០ តោនក្នុង១ឆ្នាំ។ ដោយសិរី