ទេសចរណ៍ចុងសប្តាហ៍ ៖ ក្រសួងបង្ហាញសម្រសខ្នងផ្សាស្រស់ស្អាតពេលថ្ងៃរះ ថ្ងៃលិចនិងការបោះតង់សម្រាកពេលរាត្រី

ពេលព្រឹកព្រលឹមគេគួរធ្វើដំណើរទៅកាន់ពយខ្នងផ្សា ដើម្បីទស្សនាភាពស្រស់ស្អាតនៃ រស្មីព្រះអាទិត្យរះ អមដោយអាកាសធាតុត្រជាក់ និងពពកហោះយ៉ាងឃ្មួរខ្មាញ់ ។ ពេលល្ងាចយើងងអាចទស្សនាថ្ងៃលិចពីលើខ្នងភ្នំផងដែរ ។

ប្រភពពីក្រសួងទេសចរណ៍ ខ្នងផ្សាជាតំបន់ព្រៃភ្នំដ៏ធំមួយដែលស្ថិតនៅក្នុងភូមិតាំងបំពង តំបន់រលាក់កង់ជើង ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ ខ្នងផ្សាជាទីតាំងប្រសព្វមុំបីដែលផ្សាភ្ជាប់ខេត្តចំនួនបីគឺ កោះកុង កំពុងស្ពឺ និងពោធិ៍សាត់។ ខ្នងផ្សា ជាតំបន់មួយដែល​សំបូរទៅព្រៃឈើក្រាស់ ជ្រលង់ភ្នំខ្ពស់ៗ វាលស្រល់ដ៏ស្រស់ស្អាត និងសំបូរទៅដោយសត្វព្រៃកម្រជាច្រើនប្រភេទ។

ដើម្បីធ្វើដំណើរទៅកាន់ ខ្នងផ្សា គេត្រូវធ្វើដំណើរ តាមផ្លូវជាតិលេខ៤ ទៅកាន់ទីរួមខេត្តកំពង់ស្ពឺ ក្រោយឆ្លងស្ពានខេត្តកំពង់ស្ពឺប្រមាណជាង ១គីឡូ ត្រូវបត់តាមស្តុប តេលា (ច្បារមន) ទៅស្តាំ ប្រមាណ១គីឡូ នឹងឃើញផ្លូវបត់ឆ្វេងដែលមានស្លាកសញ្ញាប្រាប់ផ្លូវទៅ ឱរ៉ាល់ ។ បត់ចូលតាមច្រកឱរ៉ាល់ (ផ្លូវ៤៤) ប្រហែល ៥០គីឡូ នឹងដល់រង្វង់មូលឱរ៉ាល់ រួចបន្តដំណើរទៅមុខ តាមផ្លូវលំ ប្រមាណ ៣៥គីឡូ ដោយជិះកាត់ តេទឹកពុះ យេីងនឹងទៅដល់ ភូមិរលាក់កងជើង ដែលជាភូមិនៃភ្នំខ្នងផ្សា ។

មុនឡើងខ្នងផ្សាអ្នកទេសចរ ត្រូវផ្តល់ដំណឹងទៅមន្រ្តីបរិស្ថានប្រចំាទីនោះ ។ អ្នកទេសចរចូលទៅទីស្នាក់ការបរិស្ថាន ដែលនៅក្នុងភូមិដើម្​បីស្រង់​ឈ្មោះអ្នកឡើងភ្នំ ដើម្បីងាយស្រួលក្នុងការគ្រប់គ្រង ហើយតម្រូវអោយមន្ត្រីបរិស្ថានទៅជាមួយដើម្បីមើលការខុសត្រូវ និងការពារ​ផងដែរ ។ មួយទៀតគឺអ្នកភូមិសហគមន៍សម្រាប់ការនាំផ្លូវ និងជួយសម្រួលដល់ការលំបាកនានារបស់អ្នកចរដូចជា ស្ពាយឥវ៉ាន់ និងដាំស្លរ ជាដើម។ការធ្វើដំណើរពីភូមិទៅដល់ជើងភ្នំ គេអាចជិះគោយន្តសហគមន៍ ដែលចំណាយពេលប្រហែល២ម៉ោង ជាមួយទេសភាពគួរឲ្យគយគន់ គយគន់ព្រៃប្រឹក្សា ជីវភាពរស់នៅប្រជាពលរដ្ឋ បើមានភ្លៀងពីយប់ផង សន្សើមចុងស្មៅចាំងពន្លឺព្រះអាទិត្យ ពេលព្រឹកភ្លឺដូចគ្រាប់ពេជ្រ។

បន្ទាប់មកត្រូវដើដោយថ្មើជើងឡើងភ្នំ តាមផ្លូវមិនពិបាកណាស់ណាទេ មានដីរាប និងទួល សម្រាប់អ្នកដើលឿនល្មម និងមិនសូវឈប់សម្រាក​អាចំណាយ​ពេលប្រមាណ ៤-៥ម៉ោង ឬលើសពីនេះទើទៅដល់កំពូលភ្នំ ។ គួរដាក់ទឹកសម្រាប់ញាំយ៉ាងតិចម្នាក់១-២ដបធំ សម្រាប់ញាំតាម​ផ្លូវពេលធ្វើដំណើរ យើងអាចច្រកទឹកសម្រាប់ញាំតាមផ្លូវបាន តែគួរមានប្រដាប់ចំរោះទឹក ឬដាំទឹកតាមផ្លូវ ។


ការផ្សព្វផ្សាយរបស់ក្រសួងទេសចរណ៍ ជាមួយរូបថតដ៍ស្រស់ស្អាត ដែលថតដោយក្រុមអ្នកថតផ្សងព្រេងសាច់កម្ម និងក្រុមកាកអ្នកថត បានរំលឹកថា ការសម្រាកនៅលើកំពូលភ្នំគួរត្រៀមតង់ ឬអង្រឹងជាមួយនឹងដំបូល ឬប្លាស្ទីកគ្របដើម្បីការពារជ្រាបទឹកភ្លៀង ឬសន្សើម ។ គួរត្រៀមអាវ ឬភួយក្រាស់ៗ ព្រោះនៅទីនោះពេលយប់គឺត្រជាក់ខ្លាំង ។

សម្រាប់ដំណើរបែបផ្សងព្រេងនេះ គួរត្រៀមរបស់ណាក្រៀមៗទុកបានយូរ ស្រាល… ដូចជាត្រីងៀត ងៀតគោ និងសាច់ក្រក ចំពោះ​អង្ករដាំបាយ គឺទិញអ្នកភូមិនៅខាងក្រោមយកទៅលើភ្នំ ។ គួរត្រៀមមីកំប៉ុង នំបុ័ង ត្រីខ ឬទឹកដោះគោក្រែម កាហ្វេ… សម្រាប់ជា​អាហារពេលព្រឹក ។ សម្រាប់ទឹកញាំដោយខែនេះជារដូវប្រាំង ចឹងរៀងយ៉ាប់រឿងទឹកបន្តិច តែនៅលើនោះមានទឹកធ្លាក់ដែរ ដែលមានទឹកល្មមអាចប្រើប្រាស់បានសម្រាប់ងូត ដាំញាំ ឬធ្វើម្ហូប បើអាចគួរទិញសម្រាប់ចម្រោះទឹក ប្រើប្រាស់ផ្ទាល់ខ្លួន។
ក្រសួងបានរំលឹកដល់ពលរដ្ឋថា សូមជួយរក្សាអនាម័យ និងរៀបចំប្រមូលសម្រាមអោយបានត្រឹមត្រូវ ដើម្បីសហគមន៍ខ្នងផ្សា កាន់តែស្រស់បំព្រងសម្រាប់ទាំងអស់គ្នា ៕ដោយសិរី