មន្ត្រីជាន់ខ្ពស់សុខាភិបាលថៃនឹងធ្វើការសាកល្បងវ៉ាក់សាំង ព្យាបាលជំងឺកូវីដ-១៩ ទៅលើមនុស្សនៅក្នុងឆ្នាំនេះ

(ថៃ)៖ រដ្ឋមន្ត្រីក្រសួងស្រាវជ្រាវ អភិវឌ្ឍន៍វិទ្យាសាស្ត្រ ឧត្តមសិក្សាប្រទេសថៃ លោក ស៊ូវីត ម៉ែសិនស៊ី(Suvit Maesincee) បានប្រកាសថា រដ្ឋាភិបាលថៃសង្ឃឹមថា នឹងចាប់ផ្តើមសាកល្បងវ៉ាក់សាំង Covid-19 ផលិតនៅក្នុងស្រុករបស់ខ្លួនទៅលើមនុស្សឱ្យបានមុនដំណាច់ឆ្នាំនេះ។

ថ្លែងប្រាប់ប្រព័ន្ធផ្សព្វផ្សាយនៅក្នុងស្រុក កាលពីថ្ងៃសៅរ៍ លោក ស៊ូវីត ​ឲ្យ​​ដឹង​ថា «ប្រសិនបើការសាកល្បងវ៉ាក់សាំងរបស់យើងលើសត្វស្វាបង្ហាញថាទទួលបាន​ជោគជ័យយើងនឹងចាប់ផ្តើមដំណាក់កាលសាកល្បងទៅលើមនុស្ស​ជា​បន្ត​​ទៀត បន្ទាប់ពីខែសីហាខាងមុខ»។ រដ្ឋាភិបាលនៃប្រទេសថៃ កំពុងធ្វើតេស្តទៅលើវ៉ាក់សាំងជាច្រើន ដែលមានការជួយជ្រោមជ្រែងពីភាគីពាក់ព័ន្ធជាច្រើន រួមទាំងវិស័យឯជន។

មន្ត្រីសុខាភិបាលថៃ លោក ស៊ូវីត បានបន្ថែមថា ក្រុមស្រាវជ្រាមួយក្រុម បានធ្វើតេស្តតាមបចេ្ចកវិទ្យា mRNA ទៅលើសត្វជ្រូក មុនពេលផ្លាស់ទៅសត្វស្វា កន្ទុយវែង ដែលមានហ្សែនប្រហាក់ប្រហែលទៅនឹងមនុស្ស។ វ៉ាក់សាំងនេះនឹងបន្តសាកល្បងលើសត្វស្វារយៈពេល ៣ ខែនៅដំណាក់កាលអនុវត្តគ្រប់ដំណាក់កាល។

លោក ស៊ូវីត បានមានប្រសាសន៍ថាទៀត« យើងកំពុងប្រើបច្ចេកវិទ្យា mRNA ដែលជាវិធីសាស្ត្រថ្មីបំផុតសម្រាប់ការបង្កើតវ៉ាក់សាំងពីព្រោះវ៉ាក់សាំងអាចត្រូវបានអភិវឌ្ឍយ៉ាងឆាប់រហ័សហើយបរិមាណតិចតួចអាចត្រូវបានប្រើសម្រាប់ដំណើរការតេស្ត»៕ (ឡេង ដេត)