រិន សារដ្ឋក្លាយជាជើងឯកដែលមានរង្វាន់៤.០០០ដុល្លារ

(ភ្នំពេញ) ព្រឹត្តិការណ៍TV5 Boxing Knock-Out serie by K-Cement ទម្ងន់៦៣,៥០គីឡូក្រាមបានបញ្ចប់ហើយនាយប់ថ្ងៃទី២៣ឧសភាដែលម្ចាស់ជើងឯកបានទៅអ្នកប្រដាល់ជើងខ្លាំងរិន សារដ្ឋក្លិបកងទ័ពជើងទឹក

អ្នកប្រដាល់៣២រូបមកពីក្លិបចំនួន៣២ទូទាំងប្រទេសមានតែអ្នកអ្នកប្រដាល់រិន សារដ្ឋមួយរូបគត់ដែលមិនស្គាល់ចាញ់នៅក្នុងព្រឹត្តិការណ៍នេះ សារដ្ឋប្រកួតផ្ដាច់ព្រ័ត្រជាមួយអ្នកប្រដាល់ជើងខ្លាំងសោម វិឆ័យក្លិបពន្លឺវិបុលដែលជាអ្នកបានទទួលជ័យជំនះនៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រដូចគ្នា

ជំនួបរវាងអ្នកប្រដាល់ទាំង២រូបនេះពិតជាតឹងតែងមែនដោយសារតែពួកគេត្រៀមខ្លួនបានល្អហើយមានមហិច្ឆតារប្រជែងយកពានដែលមានថវិកាអមចំនួន៤.០០០ដុល្លារដូចគ្នា ។មុនពេលប្រកួតពួកគេសុទ្ធតែអះអាងថានឹងវ៉ៃឲ្យអស់ពីសមត្ថភាពដើម្បីក្លាយជាជើងឯកឲ្យបានដូចគ្នា

វិឆ័យដែលមានអំណួតជើងធ្ងន់នោះបែរជាទាត់ចេញមិនរួចដោយសារតែញញើតកែងរបស់សារដ្ឋតែសារដ្ឋក៏មិនហ៊ានប្រហែសដែរដោយសារតែកណ្ដាប់ដៃនិងការទាត់ចេញរបស់វិឆ័យងាតនឹងស៊ីកញ្ចឹង ណាស់ ។ការប្រកួតដែលមាន៣ទឹកនោះរិន សារដ្ឋបានទទួលជ័យជំនះលើសោម វិឆ័យដោយពិន្ទុ

ចៅក្រមទាំង៥រូបសុទ្ធតែផ្ដល់ពិន្ទុឲ្យសារដ្ឋឈ្នះគ្រប់ៗគ្នា ។រិន សារដ្ឋប្រជែងបានពានជើងឯកដែលមានប្រាក់រង្វាន់អមចំនួន៤.០០០ដុល្លារ ចំពោះវិឆ័យដែលជាជើងឯករងបានទទួលពាននឹងរង្វាន់អមចំនួន២.០០០ដុល្លារ ។សូមបញ្ជាក់ថាមួយព្រឹត្តិការណ៍នេះ វិឆ័យចាញ់តែមួយប្រកួតចុងក្រោយនេះតែប៉ុណ្ណោះ

ចំពោះការប្រកួតដណ្ដើមចំណាត់ថ្នាក់លេខ៣វិញនោះពុយ វណ្ណៈក្លិបវឃ្លាំងមឿងកីឡាបានយកឈ្នះអ្នកប្រដាល់វ៉ែន ហុងជីវ៉ុងមកពីក្លិបកងកេងមានរិទ្ធខេត្តបាត់ដំបងដោយពិន្ទុ

អ្នកប្រដាល់ទាំង២រូបនេះសុទ្ធតែចាញ់នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រដូចគ្នា ។ការប្រកួតដណ្ដើមចំណាត់ថ្នាក់លេខ៣របស់ពួកគេទាំង២មានលក្ខណៈតឹងតែងជាខ្លាំង ។វណ្ណៈបានជ័យជំនះលើជីវ៉ុងទាំងប្រផិតប្រផើយប៉ុណ្ណោះ ។វណ្ណៈដែលដណ្ដើមបានចំណាត់ថ្នាក់បានទទួលពានមួយនិងថវិកាអមចំនួន៧៥០ដុល្លារ ចំពោះវ៉ែន ហុងជីវ៉ុងដែលបានចំណាត់ថ្នាក់លេខ៤បានទទួលពានមួយនិងថវិកាលួងចិត្តចំនួន៥០០ដុល្លារ

ការប្រកួតក្រៅព្រឹត្តិការណ៍ពានរង្វាន់វិញនោះជី ឆៃលីក្លិបកងយោធពលខេមរភូមិន្ទប្រកួតឈ្នះអ្នកប្រដាល់សឺន ថៃសាន់ក្លិបជ្រៃសែនជ័យខេត្តកំពង់ស្ពឺដោយពិន្ទុ ។អ្នកប្រដាល់ទាំង២រូបនេះប្រកួតគ្នាក្នុងប្រភេទទម្ងន់៥៤គីឡូក្រាម

ថន ភឿតក្លិបឃ្លាំងមឿងកីឡាប្រកួតឈ្នះអ្នកប្រដាល់ឡាញ់ ផល្ឡាមកពីក្លិបអេភូថងកីឡាដោយពិន្ទុ ។អ្នកប្រដាល់ទាំង២រូបនេះប្រកួតគ្នាក្នុងប្រភេទទម្ងន់៦០គីឡូក្រាម ដោយ៖កូនដូច