ភ្ជាប់ទំនាក់ទំនងមន្រ្តីនិងរាស្រ្ត លោក ស៊ុន ចាន់ថុល និងសហការី ជិះកង់ជូបពលរដ្ឋពីផ្ទះមួយទៅផ្ទះមួយនៅស្រុកកោះធំ ខេត្តកណ្តាល

នៅក្នុងការភ្ជាប់ទំនាក់ទំនងរវាងមន្រ្តីនិងរាស្រ្ត លោកស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន និងសហការី កាលពីថ្ងៃសៅរ៍ បាននាំគ្នាជិះកង់ ចុះសួរសុខទុក្ខប្រជាពលរដ្ឋ ស្វែងយល់ពីតម្រូវការនិងជីវភាពប្រចំាថ្ងៃរបស់ពលរដ្ឋ នៅក្នុងឃុំព្រែកថ្មី ឃុំព្រែកស្តី និងឃុំសំ​ពៅពូន ស្រុកកោះធំ ខេត្តកណ្តាល។

គេបានឃើញលោករដ្ឋមន្រ្តីជិះកង់ ដែលមានក្រមាបង់ក ពាក់មូកសុវត្ថិភាពផងនោះ បានជិះកង់ពីផ្ទះពលរដ្ឋមួយទៅផ្ទះមួយ លោកបានថ្លែង​ទៅកាន់ប្រជាពលរដ្ឋដោយបានក្រើនរំលឹកកុំឱ្យមានការធ្វេសប្រហែស និងភ្លេចខ្លួនចំពោះជំងឺឆ្លងដ៏កាចសាហាវមួយនេះ ព្រមទាំងបានណែនាំ​ពួក​គាត់ឱ្យប្រកាន់ខ្ជាប់នូវក្បូនអនាម័យតាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីបញ្ចៀសការឆ្លងរីករាលដាលនូវជំងឺកូវីដ-១៩ នៅក្នុងមូលដ្ឋាន ក៏ដូចជាប្រទេសកម្ពុជា។

ក្នុងឱកាសនោះ លោករដ្ឋមន្ត្រី បាននាំយកក្រមា ម៉ាស់ ទឹកអាកុល និងសាប៊ូលាងដៃ ទៅចែកជូនបងប្អូនប្រជាពលរដ្ឋប្រមាណ ៤៤០ គ្រួសារ នៅភូមិទាំង១១ ស្ថិតក្នុងឃុំព្រែកថ្មី ឃុំព្រែកស្តី និងឃុំសំពៅពូន ស្រុកកោះធំនេះ។ ដើម្បីចូលរួមចំណែកក្នុងការបង្ការ និងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩៕ ដោយសិរី