សម្តេចហ៊ុន សែន អរគុណសាសនិកខ្មែរឥស្លាមកម្ពុជា ដែលជឿជាក់ លើការដឹកនាំរបស់សម្តេច និងបានបញ្ចប់ពិធីបួសខែរ៉ម៉ាឌនដោយជោគជ័យ

ក្នុងសារអបអរសាទរ ដល់បងប្អូនសាសនិកខ្មែរឥស្លាមកម្ពុជាក្នុង និងក្រៅប្រទេស រួមទាំងបងប្អូនសាសនិកឥស្លាមនៅទូទាំងពិភព ដែលបានបញ្ចប់នូវពិធីអំណត់បួសខែរ៉ម៉ាឌនប្រកបដោយជោគជ័យ និង អារម្មណ៍ជ្រះថ្លា និងរីករាយនោះ សម្តេចនាយករដ្ឋមន្រ្តី បានអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះបងប្អូនខ្មែរឥស្លាមកម្ពុជា ដែលបានចូលរួមថែរក្សាសន្តិភាព រួមគ្នានឹងប្រជាជនកម្ពុជា ដែលប្រកាន់យកសាសនាផ្សេងៗ ហើយមានជំនឿជឿជាក់លើការដឹកនាំរបស់សម្តេច និង គណបក្ស ប្រជាជនកម្ពុជា តាំងពីដើម តរៀងមក។

សម្តេចបានអរគុណដល់ពលរដ្ឋ ដែលបានចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ដោយគោរព​អនុវត្តបាន យ៉ាងខ្ជាប់ខ្ជួនទៅតាមសារាចរណែនាំ និង សេចក្ដីណែនាំទៅតាមវិធានការនាៗ របស់រាជរដ្ឋាភិបាល ។

តាមទំព័រFacebook ផ្ទាល់របស់សម្តេច សម្តេចតេជោ បានលើកឡើងដូច្នេះ “ ក្នុងនាមខ្ញុំ ជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងភរិយា ខ្ញុំសូមអបអរសាទរ និង សូមជូនពរជ័យ សិរីសួស្ដី សុភមង្គល បវរល្អមហាប្រសើរ ជូនដល់បងប្អូនសាសនិកខ្មែរឥស្លាមកម្ពុជា ក្នុង និងក្រៅប្រទេស រួមទាំងបងប្អូនសាសនិកឥស្លាមនៅទូទាំងពិភព លោកផងដែរ ដែលបានបញ្ចប់នូវពិធីអំណត់បួសខែរ៉ម៉ាឌន​ប្រកបដោយ​ជោគជ័យ និង អារម្មណ៍ជ្រះថ្លា ហើយនឹងរីករាយស្វាគមន៍បុណ្យរ៉យ៉ាហ្វ៊ីទ្រី នៅថ្ងៃអាទិត្យ ទី ១ ខែ ស្ហាវ៉ាល់ ឆ្នាំ ១៤៤១ មូហាំម៉ាត់សករាជ ត្រូវនឹងថ្ងៃ ៣កេីត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ដែលត្រូវនឹងថ្ងៃទី ២៤ ខែឧសភា ឆ្នាំ២០២០”។

សម្តេចនាយករដ្ឋមន្រ្តី បានលើកឡើងបន្តថា “ខ្ញុំ និង ភរិយា សូមបួងសួងអោយបងប្អូនទាំងអស់ ទទួលបាននូវសេចក្កីសុខស្លាម៉ាត់ ករុណារ៉ស់ម៉ាត់ ចំរើនព្ហារ៉កាត់ សុភមង្គល ក្ដីមេត្តាករុណា និង អាណិត ស្រឡាញ់ពីអល់ឡោះគ្រប់ៗគ្នា និង សុំអោយអល់ឡោះ ទទួលយកនូវកុសលផល បុណ្យទាំងឡាយនៃខែបួសរ៉ម៉ាឌនដែលបងប្អូនបានប្រតិបត្តិកុំបីអាក់ខានឡើយ “។

ជាមួយគ្នានេះ ប្រមុខរាជរដ្ឋាភិបាល បានអំពាវនាវដល់ពលរដ្ឋបន្តអនុវត្តតាមនូវរាល់វិធានការនានារបស់រាជរដ្ឋាភិបាល ក្នុងការការពារពី​ជំងឺកូវីដ-១៩នេះ។ សម្តេចលើកឡើងថា” ទោះបីអ្នកជំងឺកូវីដ-១៩បានជាសះស្បើយអស់ ១២២ នាក់កន្លងមក ហើយទើបមាន នាំចូល មកថ្មីពីរ នាក់ក៏ដោយ ដែលគិតត្រឹមថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២០នេះ គឺយើងមិនត្រូវមានការធ្វេសប្រហែស មើលស្រាលចំពោះ​ជំងឺឆ្លងដ៍កាចសាហាវនេះ នោះឡើយ “។ ដោយសិរី