HOT NEWS៖ COVID-19 ចម្លងប្រជាជនលើពិភពលោកកើនដល់ជាង ៥.៤លាននាក់ ខណៈដែល WHO ថាតំបន់អាមេរិកខាងត្បូង ជាចំណុចដែលមានការឆ្លងរាលដាលខ្លាំងជាងគេ

(អន្តរជាតិ)៖ បើយោងតាមតួលេខស្តីពីចំនួនអ្នកឆ្លង និងស្លាប់ដោយសារវីរុសកូវីដ១៩ ចេញពីគេទំព័រអន្តរជាតិ Worldometer គិតត្រឹមម៉ោង១២ និង០០នាទីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២០នេះ បានចុះផ្សាយថា ចំនួនឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ ៥,៤០៧ ,៣៥០ ករណីហើយ ក្នុងនោះមនុស្សសរុប៣៤៤,០១៥នាក់ស្លាប់ និងជាង២.២លាននាក់ បានជាសះស្បើយឡើងវិញ។

ជាមួយនឹងការកើនឡើងនៃតួលេខអ្នកឆ្លងឥតឈប់ឈរ តាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃដដែលខាងលើ បានឲ្យដឹងថា អង្គការ WHO ប្រកាសថា តំបន់អាមេរិកខាងត្បូងបានក្លាយជា ចំណុចថ្មីមួយដែលមានការឆ្លងរាលដាលខ្លាំងនៃ ជំងឺរាតត្បាតជាសកល COVID-19។

មន្រ្តីជាន់ខ្ពស់ WHO លោក Mike Ryan នាចុងសប្តាហ៍នេះ បាននិយាយថា តំបន់អាមេរិកខាងត្បូងអាចត្រូវចាត់ទុកជាកន្លែងផ្ទុះ រាតត្បាតខ្លាំងថ្មីនៃ COVID-19 ដោយសារបច្ចុប្បន្ននៅតាមបណ្តាប្រទេសនៃតំបន់នេះ កំពុងតែមានការកើនឡើងយ៉ាងឆាប់រហ័ស នៃករណីឆ្លង។ លោក Ryan បានសង្កត់ធ្ងន់ថា ក្នុងចំណោមប្រទេសនៅអាមេរិកខាងត្បូង គឺប្រេស៊ីលតែម្តងដែលគួរឲ្យបារម្ភជាងគេ។

គួរជម្រាបថា នាពេលនេះ បើយោងតាមទិន្នន័យពីវែបសាយ Worldometers ប្រេស៊ីលឈរនៅលេខរៀងទី២ គឺក្រោមអាមេរិកតែ មួយប៉ុណ្ណោះ នៃបណ្តាប្រទេសដែលមានករណីឆ្លង COVID-19 ច្រើនបំផុតនៅលើពិភពលោក។ ករណីឆ្លងនៅប្រទេសប្រេស៊ីល គឺមាន៣៤៧,៣៩៨នាក់ ក្នុងនោះស្លាប់២២,០១៣នាក់ និងជាសះស្បើយឡើងវិញ១៤២,៥៨៧នាក់ ខណៈអត្រាឆ្លងនិងស្លាប់ប្រចាំថ្ងៃ គឺមានកម្រិតខ្ពស់៕ ដោយ៖ Micheal