ភាព​ចលាចល​នៅទីក្រុង​ហុងកុង បានធ្វើឲ្យ​ប៉ះពាល់​ដល់​ទីផ្សារ​ភាគហ៊ុន​នៅអាស៊ី

(អន្តរជាតិ)៖ សន្ទស្សន៍​ទីផ្សារ​ភាគហ៊ុន​អាស៊ី​មាន​ភាព​ចម្រុះ​ កាលពី​ថ្ងៃ​ពុធ នៅ​ពេល​ដែល​ការ​ព្រួយ​បារម្ភ​ទាក់ទិន​នឹង​សំណើ​ច្បាប់​សន្តិសុខ​ជាតិថ្មី​របស់​ចិន​ សម្រាប់​ទីក្រុង​ហុងកុង​ មានការកើនឡើងគ្របបិទពីលើ​សុទិដ្ឋិនិយម ​អំពី​ការ​ងើប​ឡើង​វិញ​នៃ​សេដ្ឋកិច្ច ​ក្រោយ​វិបត្តិ​ជំងឺ​កូវីដ១៩ ។

សន្ទស្សន៍​ភាគហ៊ុន Hang Seng របស់​ទីក្រុង​ហុងកុង​បាន​ធ្លាក់​ចុះ ០,៨% កាលពី​ល្ងាច​ថ្ងៃ​ពុធ​ ។ ចំណែក​ឯ​សន្ទស្សន៍​ភាគហ៊ុន​នៅ​ទីក្រុង​សៀងហៃ​វិញ​ បាន​ធ្លាក់​ចុះ ០,៣% ។ សន្ទស្សន៍​ភាគហ៊ុន S & P/ASX នៅ​ទីក្រុង​ស៊ីដនី​បាន​ធ្លាក់​ចុះ ៥ពិន្ទុ​ កាលពី​ថ្ងៃ​ពុធ ប៉ុន្តែ​មិន​មាន​ការ​ប្រែប្រួល​សំខាន់​ណា​មួយ​លើ​ភាគរយ​ជា​ទូទៅ​នោះ​ទេ ។ សន្ទស្សន៍​ភាគហ៊ុន Nikkei របស់​ជប៉ុន​ បាន​បញ្ចប់​ការ​ជួញដូរ​ប្រចាំ​ថ្ងៃ​របស់​ខ្លួន​ កាលពី​ថ្ងៃ​ពុធ​ ដោយ​កើន​ឡើង​ចំនួន ០,៧% ។ រី​ឯ​សន្ទស្សន៍​ភាគហ៊ុន TSEC របស់​តៃវ៉ាន់​វិញ ​បាន​កើន​ឡើង ០,១% ហើយ​សន្ទស្សន៍​ភាគហ៊ុន KOSPI របស់​ទីក្រុង​សេអ៊ូល ​បាន​កើន​ឡើង ១,៤ ពិន្ទុ ប៉ុន្តែ​មិនមាន​ការ​ប្រែប្រួល​ណា​មួយ​លើ​ភាគរយ​ជាទូទៅ​ទេ ។

សហរដ្ឋ​អាមេរិក និង​បណ្ដា​បស្ចិម​ប្រទេស​ដទៃ​ទៀត​ បាន​ប្រឆាំង​ទៅ​នឹង​សំណើ​ច្បាប់​សន្តិសុខ​ជាតិ​ថ្មីរបស់ចិន ដែល​ច្បាប់​នេះ​មាន​គោល​បំណង​រារាំង និង​ដាក់​ទោស​លើ​សកម្មភាព «ផ្ដាច់​ឯករាជ្យ ផ្ដួល​រំលំ​រដ្ឋ​អំណាច ឬ​ក៏​ភេរវកម្ម» ។ ក្រុម​ធុរៈកិច្ច​នានា​ បាន​បញ្ជាក់​ការ​ព្រួយ​បារម្ភ​ថា សំណើ​ច្បាប់​នេះ​នឹង​ធ្វើ​ឲ្យ​ចុះខ្សោយ​ដល់​ឋានៈ​របស់​ទីក្រុង​ហុងកុង ​ក្នុង​នាម​ជា​មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ​សាកលលោក ។

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក ដូណាល់ ត្រាំ បាន​គំរាម​ចាត់​វិធានការ​ប្រឆាំង​នឹង​រដ្ឋាភិបាល​ក្រុង​ប៉េកាំង ប្រសិនបើ​សំណើ​ច្បាប់​នេះ​ត្រូវ​បាន​អនុម័ត ដែល​ករណី​នេះ​បាន​បន្ថែម​នូវ​ភាព​តានតឹង​ ​ដល់​ទំនាក់ទំនង​រវាង​ប្រទេស​មហា​អំណាច​សេដ្ឋកិច្ច​ធំ​ជាង​គេ​ទាំង​ពីរ​ នៅ​លើ​ពិភពលោក​ ៕ ដោយ៖ សារិទ្ធ (កែសម្រួល៖ យុទ្ធ)

Hundreds of thousands of protesters, one extradition bill: why ...