​អាមេរិក​នឹងដកហូតឋានៈពិសេសរបស់ទីក្រុងហុងកុង ដោយសារច្បាប់សន្តិសុខថ្មីរបស់ចិន

(អន្តរជាតិ)៖ រដ្ឋមន្ត្រី​ការ​បរទេស​សហរដ្ឋអាមេរិកលោក​ Mike Pompeo កាល​ពី​ថ្ងៃ​ពុធ បាន​ជូន​ដំណឹង​ទៅ​សភា​សហរដ្ឋអាមេរិក​ថា រដ្ឋបាល​លោក​ប្រធានាធិបតី​ ដូណាល់​ ត្រាំ លែង​ចាត់​ទុក​ក្រុងហុងកុង​ថា ជា​ដែនដី​ដែល​មាន​ស្វ័យភាព​ពី​ប្រទេស​ចិន​ដី​គោក​ទៀត​ហើយ ។

លោក Pompeo បាន​និយាយ​នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ​ថា៖ «ហុងកុងលែង​បន្ត​ទទួល​បាន​នូវ​សិទ្ធិ​ពិសេស ក្រោម​ច្បាប់​សហរដ្ឋ​អាមេរិក​ ដូច​ពេលដែល​ច្បាប់​សហរដ្ឋ​អាមេរិក​ត្រូវ​បាន​អនុវត្ត​ចំពោះ​ហុងកុង ​នៅ​មុន​ខែ​កក្កដា​ ឆ្នាំ​១៩៩៧ ​ទៀត​ហើយ» ។​ ការ​ជូនដំណឹង​នេះ​នឹង​អនុញ្ញាត​ឲ្យ​សហរដ្ឋ​អាមេរិក ដកចេញ​នូវ​លក្ខខណ្ឌ​អនុគ្រោះ​ផ្នែក​ពាណិជ្ជកម្ម ​និង​ហិរញ្ញវត្ថុ​ពិសេស ​ដែល​អាមរិក​ផ្តល់​ឲ្យ​ក្រុង​ហុងកុង ចាប់​តាំង​ពី​អតីត​ដែនដី​អាណានិគម​អង់គ្លេស​ត្រូវ​បាន​ផ្ទេរឲ្យ ​ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់ប្រទេស​ចិន​វិញ ។

កាល​ពី​ថ្ងៃ​ពុធ ប៉ូលិសហុងកុង​បាន​ធ្វើ​ការ​ចាប់​ខ្លួនមនុស្ស​ជាង ​៣០០ ​នាក់ ​ដែល​បាន​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​សេចក្តី​ព្រាង​ច្បាប់​សន្តិសុខ​ជាតិ​ថ្មី​ ដែល​រំពឹង​ថា​នឹង​ត្រូវ​គេ​អនុម័ត​នៅ​ថ្ងៃ​ព្រស្បតិ៍នេះ និង​សេចក្តី​ព្រាង​ច្បាប់​ដែល​នឹងដាក់​ទោស​ឧក្រិដ្ឋ ​ចំពោះ​អ្នក​ដែល​មិន​គោរព​ភ្លេង​ជាតិ​ចិន ៕ ដោយ៖ សារិទ្ធ (កែសម្រួល៖ យុទ្ធ)

Pompeo says Hong Kong no longer autonomous from China | CTV News