ចិននឹងបង្កើនជើងហោះហើរអន្តរជាតិ បើកូវីដ១៩ គ្រប់គ្រងបាន

(អន្តរជាតិ)៖ សារព័ត៌មានរដ្ឋចិន បានរាយការណ៍កាលពីថ្ងៃពុធ ទី២៧ ខែឧសភាថា អាជ្ញាធរអាកាសចរណ៍របស់ប្រទេសចិននឹងពិចារណាបង្កើនជើងហោះហើរអន្តរជាតិ ដរាបណាហានិភ័យនៃការឆ្លងវីរុសកូរ៉ូណា ស្ថិតក្រោមការគ្រប់គ្រង ។

ចំនួនអតិបរមានៃជើងហោះហើរអន្តរជាតិរបស់ចិន ដែលត្រូវបានអនុញ្ញាត គឺមានចំនួន ១៣៤ជើង ក្នុងមួយសប្តាហ៍ ក្រោមការរឹតត្បិតដែលបានកំណត់ចាប់ពីថ្ងៃទី២៩ ខែមីនា រហូតមក ដើម្បីបញ្ឈប់ករណីឆ្លងវីរុសកូវីដ១៩ ដែលបាននាំចូល ។

លោក Li Jian អគ្គនាយករងអាជ្ញាធរអាកាសចរណ៍ស៊ីវិលចិន (CAAC) បាននិយាយថា ចំនួននេះនឹងកើនឡើងដល់ ៤០៧ជើង ក្នុងមួយសប្តាហ៍ ចាប់ពីថ្ងៃទី១ ខែមិថុនា ។ CAAC បានរងការរិះគន់យ៉ាងខ្លាំងពីប្រជាជនចិន ដែលជាប់គាំងនៅបរទេស ដោយសារការកាត់បន្ថយចំនួនជើងហោះហើរអន្តរជាតិ កាលពីខែមីនា ។ លោក Li Jian មិនបានបញ្ជាក់លម្អិតថា ក្រុមហ៊ុនដឹកអ្នកដំណើរណាមួយនឹងប្រតិបត្តិការជើងហោះហើរថ្មីនោះទេ ។ ក្រុមហ៊ុនដឹកជញ្ជូនផ្លូវអាកាស ត្រូវបានអនុញ្ញាតឱ្យហោះហើរបានតែមួយជើង ក្នុងមួយសប្តាហ៍ នៅលើផ្លូវមួយទៅកាន់ប្រទេសណាមួយ ខណៈដែលក្រុមហ៊ុនអាកាសចរណ៍បរទេស ត្រូវបានអនុញ្ញាតឱ្យធ្វើប្រតិបត្តិការបានតែមួយជើងដូចគ្នា ក្នុងមួយសប្តាហ៍ទៅកាន់ប្រទេសចិន ។

ប៉ុន្តែក្រុមហ៊ុនអាកាសចរណ៍បរទេសជាច្រើន មិនបានហោះហើរទៅកាន់ប្រទេសចិនទាល់តែសោះពីព្រោះពួកគេបានផ្អាកសេវាកម្ម មុនពេល CAAC ទប់ស្កាត់ ។ លោក Li Jian បាននិយាយថា ចំនួននៃជើងហោះហើរនឹងមានតិចជាង ៤០៧ជើង ដោយសារតែតម្រូវការប្រែប្រួលនៅតាមផ្លូវហោះហើរមួយចំនួន ៕ ដោយ៖ សារិទ្ធ (កែសម្រួល៖ យុទ្ធ)

Chinese Airlines Told to Provide Free Cancellations on Domestic ...