អង្គការ NASA បានសម្រេចពន្យារពេល ការបាញ់បង្ហោះយានដឹកអវកាសយានិក ដោយសារអាកាសធាតុមិនល្អ

អង្គការ NASA បានសម្រេចពន្យារពេល ការបាញ់បង្ហោះយានដឹកអវកាសយានិក ដំបូងជាប្រវត្តិសាស្ត្រ មិនធ្លាប់មានជិត ១០ឆ្នាំមកនេះគឺ Crew Dragon របស់ក្រុមហ៊ុន SpaceX ទៅកាន់ម៉ោង ១១៖០០នាទីព្រឹកថ្ងៃសៅរ៍ខាងមុខនេះវិញ (ត្រូវហ្នឹងម៉ោង ១០៖០០នាទីយប់ថ្ងៃសៅរ៍ម៉ោងនៅកម្ពុជា) ដោយសារតែបញ្ហាអាកាសធាតុ។ នេះបើតាមការបញ្ជាក់ពីវែបសាយ NASA នាថ្ងៃព្រហស្បតិ៍ ទី២៨ ខែឧសភា ឆ្នាំ២០២០។

ចាប់តាំងពីកម្មវិធី Space Shuttle របស់អង្គការ NASA ត្រូវបានបិទបញ្ចប់ការពីឆ្នាំ២០១១ នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០ នេះគឺជាលើកដំបូងហើយសម្រាប់ SpaceX ដែលជាអ្នករ៉ាប់រងការផលិតយាន Crew Dragon ប៉ុន្មានឆ្នាំមកនេះ បានសម្រេចលទ្ធផល ក្នុងការត្រៀមបាញ់បញ្ជូនយានផ្ទុកអវកាសយានិកជើងចាស់ពីររូបគឺលោក បុប ប៊ិនខិន (Bob Behnken) និងលោក ដូក ហឺឡេយ (Doug Hurley) ចេញពីទឹកដីអាមេរិកផ្ទាល់ ឡើងទៅកាន់ស្ថានីយអវកាសអន្តរជាតិ (ISS)។

បើការបាញ់បង្ហោះចេញពីមូលដ្ឋាននៃមជ្ឈមបណ្ឌលអវកាសខិនណឺឌី (Kennedy Space Center) នេះទទួលបានជោគជ័យនោះមានន័យថា សហរដ្ឋអាមេរិកអាចបោះជំហានទៅមុខ ដោយលែងពឹងពាក់លើយាន Soyuz របស់អង្គការអវកាសរុស្ស៊ី ក្នុងការបញ្ជូនមនុស្ស ឡើងទៅកាន់ទីអវកាសទៀតហើយ៕

ដោយ៖ Vireak

ប្រភព៖ Cambo Space and Science