បារាំងទម្លាក់ទឹកប្រាក់ជិត ៩ ពាន់លានដុល្លារ ជួយដល់ឧស្សាហកម្មរថយន្ត ដែលកំពុងទន់ខ្សោយ !

(អន្តរជាតិ)៖ ប្រធានាធិបតីបារាំងលោក Emmanuel Macron បានប្រកាសផ្តល់កញ្ចប់ថវិកាជំនួយចំនួន ៨,៨ ពាន់លានដុល្លារ សម្រាប់ឧស្សាហកម្មរថយន្តដែលជាប់គាំង កំឡុងពេលមានជំងឺរាតត្បាតកូវីដ១៩ ។

លោក Macron បាននិយាយថា រថយន្តប្រហែល ៤ សែនគ្រឿង កំពុងចតទុកនៅក្នុងរោងចក្រ និងចំណតរថយន្ត ដោយគ្មានការបញ្ជាទិញ ជាមួយនឹងការធ្លាក់ចុះ ៨០% នៃការលក់ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន ។ លោកបានមានប្រសាសន៍ថា “នៅចុងខែមិថុនា យើងនឹងមានរថយន្តប្រហែល ៥០០.០០០ គ្រឿង ដែលមិនទាន់លក់ បើប្រៀបធៀបទៅនឹងរដូវកាលមុន ។ នេះមិនធ្លាប់មានពីមុនសម្រាប់វិស័យនេះ ដែលតំណាងឱ្យជិត ១៦% នៃការលក់ឧស្សាហកម្មរបស់យើង” ។ មានក្រុមហ៊ុនចំនួនជាង ៤០០០ និងនិយោជិក ជាង ៤០០.០០០ នាក់ នៅទូទាំងប្រទេសបារាំង បានប៉ះពាល់ដោយរោគរាតត្បាតនេះ ។

លោក Macron បានគូសបញ្ជាក់អំពីកញ្ចប់ជំនួយ ក្នុងអំឡុងពេលដំណើរទស្សនកិច្ចទៅកាន់រោងចក្រ Valeo (VLEEY) ផលិតគ្រឿងបន្លាស់រថយន្តអគ្គិសនី នៅភាគខាងជើងប្រទេសបារាំង ។ ថវិកាសង្គ្រោះនេះ មានគោលបំណងធ្វើឱ្យឧស្សាហកម្មនេះ ប្រែក្លាយប្រទេសបារាំងទៅជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីធំជាងគេនៅអឺរ៉ុប ក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ ។ យោងតាមផែនការ បានឱ្យដឹងថា ថវិកាសង្គ្រោះខ្លះនឹងឆ្ពោះទៅរកខ្សែសង្វាក់ផលិតកម្មទំនើប ។ គិតមកដល់ថ្ងៃព្រហស្បតិ៍នេះ ប្រទេសបារាំងមានអ្នកឆ្លងកូវីដ១៩ ចំនួន ១៨២ ៩១៣ករណី មានអ្នកស្លាប់សរុប ២៨ ៥៩៦នាក់ និងព្យាបាលជាសះស្បើយចំនួន ៦៦ ៥៨៤នាក់ ៕ ដោយ៖ សារិទ្ធ (កែសម្រួល៖ យុទ្ធ)

France to inject almost $9 billion into ailing auto industry - CNN